ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ខ្មែរ​ហៅ​​ការ​ប្រយុទ្ធ​ជាមួយ​ថៃ​ថា​ជា​«សង្គ្រាម»


ទាហាន​ខ្មែរ​ម្នាក់​​ដើរ​កាត់​​ជួរ​រថពាស​ដែក​ក្នុង​ពេល​មាន​ទស្សនកិច្ច​របស់​សមាជិក​សភា​ទៅ​កាន់​តំបន់​មូលដ្ឋាន​យោធា​មួយ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​នៅ​ចម្ងាយ​​ប្រមាណ​៥០០​គីឡូម៉ែត្រ​​ខាង​ជើង​​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៩​ខែ​កុម
ទាហាន​ខ្មែរ​ម្នាក់​​ដើរ​កាត់​​ជួរ​រថពាស​ដែក​ក្នុង​ពេល​មាន​ទស្សនកិច្ច​របស់​សមាជិក​សភា​ទៅ​កាន់​តំបន់​មូលដ្ឋាន​យោធា​មួយ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​នៅ​ចម្ងាយ​​ប្រមាណ​៥០០​គីឡូម៉ែត្រ​​ខាង​ជើង​​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៩​ខែ​កុម

នាយក​រដ្ឋមន្រ្តី​ខ្មែរ​លោក ​ហ៊ុន សែន​ បាន​ហៅ​ការប្រយុទ្ធគ្នា​មួយ​ឈុត​ធំ​រវាង​កងទ័ព​កម្ពុជា​និង កងទ័ព​របស់​ប្រទេសថៃ ​ថា​ជា​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ ​ហើយ​សង្គ្រាម​នេះ​នឹង​ត្រូវ​ដោះស្រាយ​ ដោយ​ប្រើ​រយៈពេល​យូរ។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ នៅ​ល្ងាច​ ថ្ងៃពុធ​នេះ​ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​មាន​ប្រសាសន៍​ថា​ លោក​បាន​ជួប​ចរចា​ជាមួយ​លោក ​Ban Ki-mon​ អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​កាល​ពី​យប់​ម្សិលមិញ។ ហើយ​លោក​ចាត់ទុក​ថា​ ការ​ប្រយុទ្ធ​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ កាល​ពី​ថ្ងៃ​ទី៤​ រហូត​ទៅ​ដល់ ​ថ្ងៃទី៧​ ខែកុម្ភៈ នេះ​ គឺជា​សង្រ្គាម​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ថៃ​ ហើយ​លោក​ត្រូវការ​ឲ្យ​អង្គការ​សហប្រជាជាតិធ្វើ​អន្តរាគមន៍​ជា​បន្ទាន់។

«លោក ​Ban Ki-mon បាន​និយាយ​ជាមួយ​នឹង​ Abhisit​ រួច​ហើយ​បាន​មក​ភ្ជាប់​ទូរស័ព្ទ​ជាមួយ​ខ្ញុំ​ គាត់​បន្ត​និយាយ​ភាសា ​Armed Clashes ​បាន​សេចក្តី​ថា​ ប៉ះ​ទង្គិច​ប្រដាប់​អាវុធ។ ខ្ញុំ​ថា​មិនមែន​ នេះ​ជា​សង្គ្រាម​ ហើយ​ខ្ញុំ​អំពាវនាវ​ឲ្យ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជា​បន្ទាន់​ចំណុច​ទីមួយ។ ចំណុច​ទី​ពីរ​សូម​ឲ្យ​ បញ្ជូន​មក​នូវ​កង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ ឬ​ក៏​អ្នក​សង្កេត​ការណ៍​យោធា​អង្គការ​សហ​ប្រជាជាតិ​មក​កាន់​កម្ពុជា។ យើង​ត្រូវ​ធ្វើ​សកម្មភាព​យូរ​អង្វែង​មិនមែន​មួយ​ថ្ងៃ​ ឬ​ពីរថ្ងៃ​ចប់​ទេ»។

ជម្លោះ​ប្រដាប់​អាវុធ​នៃ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ បាន​កើត​ឡើង​ក្រោយ​បន្ទាប់​ពី​ប្រទេស​ថៃ​បាន​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ជា​បិតិកភណ្ឌ​ពិភពលោក។

ការ​ជំទាស់​ដែល​បាន​រីក​រាល​ដាល​ចាប់​តាំង​ពី​ឆ្នាំ២០០៨​មក​ម៉្លេះ ​ហើយ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ធ្ងន់ធ្ងរ​ចុង​ក្រោយ​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ និង​របួស​ទាំង​សង​ខាង។

លោក​ហ៊ុន សែន​ ចាត់​ទុក​ថា​នេះ​ គឺ​ជា​សង្គ្រាម​ឈ្លានពាន​ ហើយ​លោក​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ថៃ ​Abhisit Vejjajiva ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​នៃ​សង្គ្រាម​នេះ។

ដោយ​ឡែក​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ​ លោក​ កាស៊ីត ភិរម្យ (Kasit Piromya) បាន​ហៅ​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​នេះ​ ថា ​លោក​ហ៊ុន សែន​ គឺ​ជា​មនុស្ស​ដែល​ពូកែ​កកូរ​កកាយ​រក​រឿង។

នៅ​ថ្ងៃច័ន្ទ​ (១៤ កុម្ភៈ) សប្តាហ៍​ក្រោយក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​មាន​ប្រទេស​ចំនួន​១៥​ជា​សមាជិក ​នឹង​ប្រជុំគ្នា​ក្នុង​ទីក្រុង​ញូវយ៉ក ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​កម្ពុជា​និងប្រទេស​ថៃ​នេះ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ​នាយករដ្ឋមន្រ្តី ​និង​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​ ​នឹង​ចូលរួម​ ផងដែរ។

លោក​ហ៊ុន សែន ​បាន​ថ្លែង​ថា ​ប្រទេស​កម្ពុជា​នឹង​ជម្រុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ជម្លោះ​នេះ​នៅ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ។ ហើយ​កម្ពុជា​កំពុង​តែ​រៀបចំ​សំណុំ​ឯកសារ​ប្តឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា​និង​ថៃ​នេះ​ឡើងវិញ។

តុលាការ​ក្រុង​ឡាអេ ​ដែល​បាន​កាត់ក្តី​ឲ្យ​ប្រទេស​កម្ពុជា​ឈ្នះ​ប្រទេស​ថៃ ​កាល​ពី​ឆ្នាំ​១៩៦២​ ហើយ​ប្រទេស​កម្ពុជា​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្លួន។ ក៏​ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ ប្រទេស​ថៃ​និយាយ​ថា​ ដី​ដែល​នៅ​ជិត​ប្រាសាទ​បែកបាក់​ចំណាស់​ជាង​៩០០ឆ្នាំ​នេះ ​គឺជា​របស់​ខ្លួន៕

XS
SM
MD
LG