ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានសុខភាពល្អប្រក្រតីឡើងវិញហើយ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើតេស្តរកឃើញថា លោកនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីជាន់ខ្ពស់សំខាន់ៗចំនួនប្រាំរូបផ្សេងទៀត មានផ្ទុកមេរោគផ្តាសាយថ្មីAH1N1 ដែលជម្ងឺនេះ បានសម្លាប់មនុស្សចំនួន៦នាក់មកហើយ។
នៅក្នុងសេចក្តីជូនដំណឹងមួយច្បាប់របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍ បានឲ្យដឹងថា មេរោគគ្រុនផ្តាសាយថ្មី AH1N1 បានឆ្លងកាលពីថ្ងៃសុក្រ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់សំខាន់ៗចំនួនប្រាំរូបផ្សេងទៀត ដែលរួមមានលោកឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី លោកទេសរដ្ឋមន្រ្តីឆាយ ថន លោកទេសរដ្ឋមន្រ្តីតាវ សេងហួរ លោកគីម អ៊ិត និងលោកអ៊ីត មិត។
ឧប្បត្តិហេតុនេះ បានធ្វើឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន អវត្តមានពីពិធីខួបលើកទី៥៩ របស់គណបក្សប្រជាជនកម្ពុជា និងលុបចោលកម្មវិធីមួយចំនួនទៀត។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដដែលបានឲ្យដឹងថា ក្រុមគ្រូពេទ្យកម្ពុជាចំណានៗ បានព្យាបាលជាបន្ទាន់ ហើយរហូតមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានសភាពប្រក្រតីឡើងវិញហើយ ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិតសុខ ទូច ប្រធាននាយកដ្ឋានទប់ស្កាត់ជម្ងឺឆ្លងរបស់ក្រសួងសុខាភិបាលពុំអាចស្នើសុំការបំភ្លឺបានទេនៅថ្ងៃពុធនេះ។
លោកស្រី ថាមរុង្គ ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ត្រូវបានគេហទំព័រ CEN. Com.kh បាន ស្រង់សម្តីមកថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនទាន់ចេញទៅធ្វើការនៅឡើយទេ។លោកស្រីថាមរុង្គ បានលើកឡើងទៀតថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងសម្រាកនៅផ្ទះ ដោយមានការព្យាបាលពីក្រុមគ្រូពេទ្យចំណានៗ។
លោក ពិធ័រ វ៉ាន់ម៉ារ៉ែន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាបាននិយាយ ដោយមិនអនុញ្ញាតឲ្យប្រើសំឡេងដើមរបស់លោកថា លោកពុំដឹងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានឆ្លងមេរោគAH1N1 យ៉ាងដូចម្តេចទេ ។ លោកបានមានប្រសាសន៍ថា មេរោគAH1N1 នេះ មាននៅក្នុងខេត្តក្រុងសំខាន់ៗមួយចំនួន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានទប់ស្កាត់ជម្ងឺឆ្លងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ខែមិថុនា កន្លងទៅនេះ មានករណីបញ្ជាក់ថា មានផ្ទុកមេរោគផ្តាសាយថ្មី AH1Nចំនួន៥៩១ករណី ដែលមេរោគនេះ បានរីករាលដាលដល់ចំនួន ១៥ខេត្ត ក្រុងក្នុងប្រទេសកម្ពុជា។