ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បាន​ធានា​ជំរុញ​កំណែ​ទម្រង់​ប្រឆាំង​នឹង​អំពើ​ពុករលួយ


លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​ធានា​អះអាង​នៅ​ចំពោះ​មុខ​សហគមន៍​ផ្តល់​ជំនួយ​អន្តរ​ជាតិ​ អំពី​ការ​ជំរុញ​កំណែ​ទម្រង់​ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ​និង​ការ​ប្រើប្រាស់​ធនធាន​សហ ​ប្រតិបត្តិ​ការ​ឱ្យ​មាន​ប្រសិទ្ធិភាព​ និង​តម្លា​ភាព។

លោក​ ជន​ សក្តា​ ជូន​សេចក្តី​រាយ​ការណ៍​ដូច​ត​ទៅ៖

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​សន្យា​នឹង​សហគមន៍​ផ្តល់​ជំនួយ​អន្តរជាតិ​ថា​ ​លោក​បាន​ប្តេជ្ញា​ ធ្វើ​កំណែ​ទម្រង់​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ​ ​ខណៈ​ដែល​កិច្ច​ប្រជុំ​ប្រទេស​ផ្តល់​ជំនួយ​ប្រចាំ​ ឆ្នាំ ​បាន​ចាប់​ផ្តើម​ពិភាក្សា​គ្នា​អំពី​ការ​សន្យា​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។

តំណាង​ជាង​១០០​នាក់​មក​ពី​សហគមន៍​ផ្តល់​ជំនួយ​អន្តរ​ជាតិ ​រួមមាន​សហ​រដ្ឋ​អាមេរិក​ ​ប្រទេស​ចិន​ ប្រទេស​ជប៉ុន​ សហគមន៍​អឺរ៉ុប​ ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ​ អង្គការ​សហ​ប្រជាជាតិ ​និង​អង្គការ​អន្តរ​ ជាតិ ​ ​ព្រម​ទាំង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក ​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​កិច្ច​សហ​ប្រតិបត្តិ​ការ​ អភិវឌ្ឍន៍​កម្ពុជា​លើ​ទី​៣ ​ដែល​ពួកគេ​គ្រោង​នឹង​ធ្វើការ​សន្យា​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ នៅ​ចុង​បញ្ចប់​នៃ​ កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​អាន​សុន្ទរកថា​រយៈ​ពេល​១​ម៉ោង​ថា រាជ​រដ្ឋា​ភិបាល​បាន ​និង​ កំពុង​តែ​បន្ត​ជំរុញ​អនុវត្ត​យ៉ាងម៉ឹ​ងម៉ាត់​ និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជជ្រៅ​ នូវ​កម្មវិធី​កំណែ​ទម្រង់​នានា​ និង​ ពិចារណា​កំណែ​ទម្រង់​ទាំងនេះ​ថា​ ​ជា​បញ្ហា​ស្លាប់​រស់​របស់​ប្រទេស​កម្ពុជា។

សហគមន៍​អន្តរ​ជាតិ​ និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​តែងតែ​ទាមទារ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​កំណែ​ ទម្រង់​នានា ​ដើម្បី​ធានា​ដល់​អភិបាល​កិច្ច​ល្អ ​ សំដៅ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ ការ​អភិវឌ្ឍន៍​ប្រកប​ ដោយ​ចីរភាព​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជាក់​ថា​ ​យើង​មាន​ឆន្ទៈ​មោះមុត​ ឥត​រាថយ​ក្នុង​ការ​អនុវត្ត​ កំណែ​ទម្រង់​នេះ​ សំដៅ​ឆ្ពោះ​ទៅ​រក​ការពង្រឹង​អភិបាល​កិច្ច​ល្អ ​តាម​រយៈ​កំណែ​ទម្រង់​រដ្ឋបាល​សាធា រណៈ ​ កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ដីធ្លី​ ​កំណែ​ទម្រង់​ ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​ និង​ជាពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។

"រាជ​រដ្ឋា​ភិបាល​បាន​ចាត់ទុក​ថា​ ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅតែ​ជា​អាទិភាព​សំខាន់​បំផុត​ មួយ​របស់​ខ្លួន​នៅ​ក្នុង​នីតិ​កាល​ទី៤​នេះ។ ​រាជរ​ដ្ឋា​ភិបាល​នឹង​ជំរុញ​បង្កើន​ល្បឿន​នៃ​ការ​អនុវត្ត​កម្ម វិធី​កំណែ​ទម្រង់​របស់​ខ្លួន"។

លោកស្រី ​Annette ​Dixon ​នាយិកា​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​ និង​តំណាង​ដៃ​គូ​អភិវឌ្ឍន៍​ នៅ​ក្នុង​វេទិកា​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍន៍​កម្ពុជា​លើក​ទី៣​នេះ​ បាន​បញ្ជាក់​ថា​ ​ ​យើង​នឹង​ត្រូវ​ធ្វើ​ ការ​ពិភាក្សា​បន្ថែម​លើ​កំណែ​ទម្រង់​ជា​គន្លឹះ​នានា​ ដែល​រាជ​រដ្ឋា​ភិបាល​កំពុងតែ​អនុវត្ត​ ជាពិសេស​ការ​ធ្វើ​ វិមជ្ឈការ​ ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ​និង​ការងារ​កំណែ​ទម្រង់​មន្ត្រី​រាជការ​ស៊ីវិល។

លោក​ស្រី​បាន​បន្ថែម​ថា​ ​ ការ​ពង្រឹង​បន្ថែម​លើ​តម្លាភាព​ និង​គណ​នេយ្យភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​ ហិរញ្ញ​វត្ថុ​ និង​ធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ គឺ​ជា​មូលដ្ឋាន​គន្លឹះ​សម្រាប់​ធានា​ការ​រីក​លូត លាស់​ប្រកប​ដោយ​ចីរភាព។

ប្រទេស​កម្ពុជា​ត្រូវ​ស្វះស្វែង​រក​ជំនួយ​ទឹក​ប្រាក់​១០០០​លាន​ដុល្លារ​អាមេរិក​ពី​កិច្ច​ប្រជុំ​ប្រទេស​ផ្តល់ ​ជំនួយ​នេះ​ ដែល​ការ​ពិភាក្សា​បាន​ផ្តោត​ទៅ​លើ​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈ​ពេល​៥​ឆ្នាំ​ ដែល​មាន​តម្លៃ​ទឹកប្រាក់​ជាង​៦​០០០​លាន​ដុល្លារ​អាមេរិក។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​បញ្ជាក់​ថា​ ​កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ធន ធាន​សហ​ប្រតិបត្តិ​ការ​ទាំងអស់​នោះ​ ឱ្យ​បាន​ប្រកប​ដោយ​ប្រសិទ្ធិភាព​ និង​ភាព​ស័ក្តិសិទ្ធិ​បំផុត ​ដើម្បី ​ជំរុញកំណើន ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ។

"រាជរ​ដ្ឋា​ភិបាល​កម្ពុជា ​សូម​ផ្តល់​នូវ​ការ​ធានា​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ប្រើប្រាស់​ធនធាន​ សហ​ប្រតិ​បត្តិការ​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍ ​ឱ្យ​បាន​ប្រកប​ដោយ​ប្រសិទ្ធិភាព​ តម្លាភាព​ និង​ គណ​នេយ្យភាព"។

នៅ​ក្នុង​ឆ្នាំ​២០០៩​ ​ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​ប្រមាណ​១​០០០​លាន​ដុល្លារ​អាមេរិក​ពី​សហគមន៍​អន្តរ​ជាតិ។

ពី​ទីក្រុង​ភ្នំពេញ​ ​ខ្ញុំ​ ជន សក្តា​ VOA ​ សំឡេង​ស.រ.អ.៕

XS
SM
MD
LG