ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានបង្ហាញមុខនៅក្នុងខេត្តស្វាយរៀង ដែលជាការបង្ហាញមុខជាសាធារណៈលើកទីបី បន្ទាប់ពីលោកមានជំងឺផ្ដាសាយប្រភេទថ្មីAH1N1។ ជំងឺនេះបានសម្លាប់មនុស្សចំនួន៦នាក់ហើយនៅក្នុងប្រទេសកម្ពុជា និងបានឆ្លងរាលដាលចំនួន៦២៣ករណីហើយរហូតដល់ថ្ងៃទី១៤ខែកក្កដានេះ។
ក្នុងការបង្ហាញមុខលើកនេះ លោកបានព្រមានថា នឹងមានការបង្ហូរឈាម ប្រសិនបើមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោកចេញពីតំណែងនាយករដ្ឋមន្ត្រី ហើយលោកបានប្រកាសថា លោកនឹងឈរឈ្មោះសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៣និង២០១៨ខាងមុខទៀត។
ការបង្ហាញមុខជាលើកទី៣របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធន៍អាគារសិក្សានិងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យមួយក្នុងខេត្តស្វាយរៀង។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបង្ហាញមុខលើកទីមួយ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ របស់គណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រសប្តាហ៍មុននិងការបង្ហាញមុខជាលើកទីពីរ នៅក្នុងពិធីបើកសម្ពោធន៍សមយុទ្ធ ចម្រុះជាតិសាសន៍ចំនួន២៦ប្រទេសចូលរួម នៅក្នុងខេត្តកំពង់ស្ពឺ ។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ នៅថ្ងៃច័ន្ទនេះថា អំឡុងអវត្តមានរបស់លោកមួយរយៈដោយសារជំងឺគ្រុនផ្តាសាយថ្មីAH1N1នេះ មានការលើកឡើងពីមន្រ្តីគណបក្សប្រឆាំងថា លោកត្រូវបានចាប់ឃុំនៅក្នុងផ្ទះ និងជម្លៀសចេញទៅក្រៅប្រទេស។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងថា បើសិនមានសកម្មភាពបែបនេះគឺជាអំពើរដ្ឋប្រហារ។ ហើយបើមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីទម្លាក់លោកចេញពីតំណែងមែននោះ វានឹងមានការផ្ទុះអាវុធ។
«ដំណើរការឃុំក្នុងផ្ទះ ឬចាប់ខ្លួននាយករដ្ឋមន្រ្តី មានន័យថា រដ្ឋប្រហារយោធាមួយចាប់ផ្តើមហើយ។ រដ្ឋាភិបាលរលាយហើយ ព្រោះតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ អញ្ចឹងសង្រ្គាមវាផ្ទុះ។ ហើយអ្នកណាថ្លើមធំ ក្បាលប៉ានដែកហ៊ានចាប់ហ៊ុន សែន? ខ្ញុំចង់សួរ។ មានតែខ្ញុំចាប់គេ តែគេចាប់ខ្ញុំ គឺគ្មានទេ»។
គណបក្សសម រង្ស៊ី កាលពីថ្ងៃទី៦ខែកក្កដាកន្លងទៅនេះ បានបើកកិច្ចប្រជុំ ដើម្បីជជែកអំពីកិច្ចការផ្ទៃក្នុងរបស់គណបក្ស និងប្រធានបទមួយចំនួនទៀត។ កិច្ចប្រជុំនេះបានជជែកអំពីសុខភាពរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ការបើកកិច្ចប្រជុំនេះត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន អត្ថាធិប្បាយថា លោកបានស្តាប់ឮកិច្ចប្រជុំបន្តផ្ទាល់តាមរយៈទូរស័ព្ទ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានព្រមានដល់គណបក្សប្រឆាំងឲ្យឈប់ធ្វើអត្ថាធិប្បាយអំពីសុខភាពរបស់លោក។
«ខ្ញុំសូមផ្តាំ។ ខ្ញុំព្រមាន ព្រមានឈប់ឲ្យពិភាក្សារឿង... មិនមែនបិទសិទ្ធិលោកទេ។ ចុះបើឯកឧត្តម លោកជំទាវដឹងថា គេចាប់នាយករដ្ឋមន្រ្តី ម៉េចក៏មិនបាតុកម្ម? ព្រោះរដ្ឋប្រហារវាមកដល់ហើយ»។
ចំណែកលោកយឹម សុវណ្ណ អ្នកនាំពាក្យនិងជាអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងមិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនទេ។
លោកយឹម សុវណ្ណ បានមានប្រសាសន៍ថា ការព្រមាននេះ គឺជាសិទ្ធិរបស់លោកនាយករដ្ឋមន្រ្តី។ លោកទុកឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចវិនិច្ឆ័យទៅចុះ។
«ទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ ពីព្រោះខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរទាំង១៤លាន៥សែននាក់ ចេះវិនិច្ឆ័យបានត្រឹមត្រូវ»។
ក្នុងការបង្ហាញមុខលើកទីបី នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រកាសផងដែរថា លោកនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៣ និង២០១៨ខាងមុខទៀត ហើយនឹងក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត៕