មន្ត្រីគណបក្សប្រជាជនកម្ពុជាហៅការផ្សព្វផ្សាយឯកសារសម្ងាត់អំពីការជ្រើសរើសមន្ត្រីគណបក្សសម រង្ស៊ីឱ្យធ្វើជាចារបុរសរបស់ខ្លួនធ្វើចារកម្មក្នុងគណបក្សសម រង្ស៊ីនោះថា ជាការបង្កាច់បង្ខូចគណបក្សប្រជាជនកម្ពុជា។ គណបក្សសម រង្ស៊ីបាននិយាយថា ការលេចធ្លាយឯកសារសម្ងាត់របស់គណបក្សប្រជាជនកម្ពុជានេះបានបង្ហាញពីចេតនានយោបាយមិនល្អមកលើគណបក្សសម រង្ស៊ី។
នៅថ្ងៃច័ន្ទនេះលោកង៉ោ សុវណ្ណ ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបដិសេធឯកសារសម្ងាត់លេចធ្លាយដែលបានបង្ហាញពីមន្ត្រីក្រុមប្រឹក្សាឃុំចំនួន២៦នាក់របស់គណបក្សសម រង្ស៊ីនៅ ក្នុងខេត្តកំពត និងខេត្តតាកែវធ្វើចារកម្មបម្រើគណបក្សគ្រប់គ្រងអំណាច។
លិខិតចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០មានហត្ថលេខារបស់លោកង៉ោ សុវណ្ណ ទីប្រឹក្សារបស់លោកនាយករដ្ឋមន្រីហ៊ុន សែន។ លិខិតនេះបានបង្ហោះនៅលើគេហទំព័រ KI-media កាលពីថ្ងៃអាទិត្យស្តីពីដំណឹងប្រឆាំងនឹងរដ្ឋាភិបាល ដោយចោទប្រកាន់ថា គណបក្សគ្រប់គ្រងអំណាចគឺគណបក្សប្រជាជនកម្ពុជា (CPP) បានជ្រើសរើសមន្ត្រីគណបក្សសម រង្ស៊ី ប្រកបដោយជោគជ័យ ឲ្យធ្វើជាភ្នាក់ងារមុខពីរនៅក្នុងខេត្តកំពត និងខេត្តតាកែវ ជាថ្នូរនឹងប្រាក់ប្រមាណ៣០ដុល្លារអាមេរិកក្នុងមួយខែ។
លិខិតនេះបានកត់សម្គាល់ថា មន្ត្រីក្រុមប្រឹក្សាឃុំចំនួន១៦នាក់របស់គណបក្សសម រង្ស៊ី នៅក្នុងខេត្ត កំពត និង១០នាក់ផ្សេងទៀតនៅក្នុងខេត្តតាកែវ បានធ្វើការងារនេះជាថ្នូរនឹងប្រាក់ប្រមាណ៣០ដុល្លារអាមេរិកក្នុងមួយខែ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចុះហត្ថលេខានៅលើយុទ្ធសាស្ត្រជ្រើសរើសចារកម្មនៅក្នុងគណបក្សសម រង្ស៊ីនេះនៅថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១០។
លោកង៉ោ សុវណ្ណ ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា លោកមិនបានដឹងពីឯកសារនេះទេ ហើយលោកមិនបានធ្វើឯកសារនេះទេ។
លោកង៉ោ សុវណ្ណបានបញ្ជាក់ថា វាជាការបង្កាច់បង្ខូច ដើម្បីកេងចំណេញនយោបាយ ហើយលោក កំពុងពិនិត្យមើលឯកសារ ពីព្រោះគេអាចក្លែងក្លាយឯកសារ និងហត្ថលេខារបស់លោក។
«ខ្ញុំសូមបដិសេធទាំងស្រុងថា ខ្ញុំអត់មានបានធ្វើរបាយការណ៍បែបនេះទេ។ នេះគ្រាន់តែជាការបង្កើត ព្រឹត្តិការណ៍របស់គេប៉ុណ្ណោះ ហើយបើជារបាយការណ៍របស់ខ្ញុំ ហើយខ្លឹមសារនៃការងារសម្ងាត់បែប នេះ ខ្ញុំមិនអាចធ្វើឱ្យបែកការណ៍បានទេ ហើយសួរថា តើគណបក្សសម រង្ស៊ីរកមធ្យោបាយណាដើម្បី យកឯកសារនេះកើត? បើជាឯកសារសម្ងាត់មិនអាចបែកការណ៍បានទេ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា ឯកសារសម្ងាត់លេចធ្លាយរបស់ គណបក្សប្រជាជនកម្ពុជានេះបានបង្ហាញពីចេតនានយោបាយមិនល្អមកលើគណបក្សសម រង្ស៊ី។
«យើងត្រូវស៊ើបអង្កេតព័ត៌មានបន្ថែមទៀតដើម្បីពិភាក្សាគ្នាលើករណីនេះ ពីព្រោះយើងមានយន្តការប្រជាធិបតេយ្យផ្ទៃក្នុង។ មុនយើងធ្វើសេចក្តីសម្រេចអ្វីមួយ យើងត្រូវតែពិភាក្សា និងសួរនាំគ្នាជាមួយ ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុក ដើម្បីឱ្យមានព័ត៌មានគ្រប់គ្រាន់»។
លោកហែម នេន ជំទប់ទី២ឃុំស្តេចគង់ខាងលិចខាងគណបក្សសម រង្ស៊ី នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានថ្លែងថា លោកមិនបានដឹកអំពីការចូលធ្វើជាចារកម្មឱ្យគណបក្សប្រជាជនកម្ពុជាជាថ្នូរនឹងប្រាក់ប្រមាណ៣០ដុល្លារអាមេរិកក្នុងមួយខែនេះទេ។
«ការណ៍ពិតរបស់ខ្ញុំ ខ្ញុំអត់ក្បត់ពីគណបក្សសម រង្ស៊ីទេ ពីព្រោះខ្ញុំបម្រើគោលនយោបាយឱ្យគណបក្សសម រង្ស៊ី។ តែរាល់ថ្ងៃ ខ្ញុំជាប់ក្នុងរដ្ឋាភិបាល។ ខ្ញុំបម្រើរដ្ឋាភិបាល តែការងារបក្ស ខ្ញុំនៅដដែល។ ខ្ញុំអត់មានអ្នកណាមកទិញ អូសទាញខ្ញុំបានទេ»។
សមាជិកគណបក្សប្រឆាំងតែងតែចុះចូលជាមួយគណបក្សគ្រប់គ្រងអំណាចមុនការបោះឆ្នោតចូលមកដល់។ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងព្រឹទ្ធសភានៅក្នុងឆ្នាំ២០១២៕