ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ត្រូវ​អាជ្ញាធរ​ក្រុង​ស្វាយរៀង​កោះហៅ​ទៅ​សាកសួរ


ប្រជា​ពល​រដ្ឋ​តវ៉ា​អំពី​ការ​រឹប​អូស​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
ប្រជា​ពល​រដ្ឋ​តវ៉ា​អំពី​ការ​រឹប​អូស​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។

មន្រ្តី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាងតិច​ចំនួន​៧នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ស្វាយរៀង​កោះហៅ​ទៅ​សាកសួរ​ បន្ទាប់​ពី​មាន​រឿង​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​នៅ​មុខ​តុលាការ​កាល​ពី​ថ្ងៃ​ច័ន្ទ។​ អាជ្ញាធរ​ក្រុង​ស្វាយរៀង​បាន​ចោទ​ប្រកាន់​ថា ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នោះ​ជា​អ្នក​ញុះញ៉ង់​ឲ្យ​មាន​ការ​តវ៉ា​នេះ​កើត​ឡើង​ ​ក៏​ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

លោក ​ហេង រស្មី​ រាយ​ការណ៍​ជូន​ដូច​ត​ទៅ៖

លោក​ចាន់ សាវ៉េត​ មន្រ្តី​ផ្នែក​ស៊ើប​អងេ្កត​របស់​សមាគម​សិទ្ធិ​មនុស្ស​ADHOC​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​យ៉ាង​តិច​មាន​មន្រ្តី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ចំនួន​៧​រូប​ ដែល​រួមមាន​មន្រ្តី​អង្គការ​សិទ្ធិ​មនុស្ស​ LICADHO​ គណៈ​កម្មាធិការ​ប្រព្រឹត្តកម្ម​ និង​មន្រ្តី​របស់​សមាគមសិទ្ធិ​មនុស្ស​ADHOC ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ស្វាយរៀង​ បាន​កោះហៅ​មក​សាកសួរ​ បន្ទាប់​ពី​មាន​ការ​តវ៉ា​របស់​ក្រុម​អ្នកស្រុក​ដើម្បី​ស្នើសុំ​ ឲ្យ​ដោះ​លែង​ប្រជា​ពលរដ្ឋ​មួយ​រូប​ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ និង​ក្រុមហ៊ុន​អាមារ៉ាឌី​គ្រុប ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដើម​សប្តាហ៍​នេះ។

លោក​ចាន់ សាវ៉េត ​បាន​មាន​ប្រសាសន៍​ថា​ ការ​កោះហៅ​មក​សាកសួរ​នេះ​ បាន​ធ្វើ​ឡើង​រយៈ​ពេល​ជិត​២​ម៉ោង​ ដោយសារ​អាជ្ញាធរ​ក្រុង​ស្វាយរៀង​បាន​ចោទ​ប្រកាន់​ថា ​ក្រុម​មន្រ្តី​សិទ្ធិ​មនុស្ស​ទំាង​នោះ​ ជា​អ្នក​ញុះញ៉ង់​ឲ្យ​មាន​ការ​តវ៉ា​នេះ​កើត​ឡើង​នៅ​ចំពោះ​មុខ​តុលាការ។

លោក​ចាន់ សាវ៉េត​បាន​មាន​ប្រសាសន៍​ថា​ ​ការ​ចោទប្រកាន់​នេះ​មិន​ត្រឹមត្រូវ​ទេ។

"បើ​គាត់​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ទេ​ មាន​តែ​គាត់​ហ្នឹង​ចង់​អនុវត្ត​លទ្ធិ​កុម្មុនិស្ត​ឡើង​វិញ​ ព្រោះ​លទ្ធិ​កុម្មុនិស្ត​គេ​មិន​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​តវ៉ា​ទេ​ មិន​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​ សម្តែង​មតិ​អី​ទេ​ គឺ​ប្រាប់​ឲ្យ​ធ្វើអី​ ធ្វើ​ហ្នឹង​ទៅ"។

កាល​ពី​ថ្ងៃ​ច័ន្ទ ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រាប់រយ​នាក់​ ដែល​មាន​បំណង​ធ្វើ​ដំណើរ​ពី​ស្រុក​រមាស​ហែក​ មក​តវ៉ា​នៅ​ចំពោះ​មុខ​តុលាការ​ក្រុង​ស្វាយរៀង​ ត្រូវ​បាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ពួកគេ​ធ្វើការ​ប្រមូល​ផ្តុំ ​ទេ​លើកលែង​តែ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ ​ដែល​បាន​លើក​បដា​នៅ​ចំពោះ​មុខ​អគារ​តុលា ការ​ដើម្បី​ស្នើ​សុំ​ឲ្យ​ដោះ​លែង​លោក​យា យ៉េង ​អាយុ​៣០​ឆ្នាំ​ ដែល​ត្រូវ​បាន​តុលាការ​ចាប់​ឃុំឃាំង​នោះ។

លោក​យា យ៉េង​ ប្រជា​ពលរដ្ឋ​មួយ​រូប ​ត្រូវ​បាន​ចាប់​ឃុំ ​កាល​ពី​ថ្ងៃ​ទី​៣​ ខែឧសភា​ ក្រោម​បទ​ចោទ​ប្រកាន់​ថា ​បាន​បង្ខាំង​មនុស្ស​ខុសច្បាប់​ និង​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។

លោក​ស្រី​ស្វាយ ​គន្ធា​ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​សិទ្ធិ​មនុស្ស​LICDHO ​បាន​មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​មក​តវ៉ា​នេះ​ គឺ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ​ យើង​ពុំ​បាន​ញុះញ៉ង់​ឲ្យ​មាន​ការ​តវ៉ា​នេះ​ទេ។

"ខ្ញុំ​ថា ​វាអត់​ត្រឹមត្រូវ​ទេ​ ព្រោះអី​ខ្ញុំ​បាន​ជម្រាប​ទៅ​គាត់​ហើយ​ថា​ ខាង​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ឃ្លាំមើល​ទេ​ ជា​អ្នក​សង្កេតការណ៍​ណ៍​ទេ ​ខាង​អង្គការ​LICADHO​ អត់​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​អ្វី​ទេ"។

លោក​កែវ ​សាមឿន ​អភិបាល​រង​ក្រុង​ស្វាយរៀង ​ដែល​បាន​កោះហៅ​មន្រ្តី​សិទ្ធិ​មនុស្ស​ទាំង​៧​ រូប​មក​សាកសួរ​នោះ​ បាន​និយាយ​ថា តាម​របាយការ​របស់​ប៉ូលិស​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មន្រ្តី​សិទ្ធិ​មនុស្ស​ទាំង​នោះ​ បាន​រំលោភ​ទៅ​លើ​វិជ្ជាជីវៈ​របស់​ខ្លួន។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ កន្លង​មក​ក្រុង​ស្វាយរៀង​ ពុំ​ដែល​មាន​បាតុកម្ម​តវ៉ា​នេះ​កើត​ឡើង​ទេ។

"ទេ​ អាហ្នឹង​ បើ​សិន​យើង​ចូល​រួម​តាម​បាតុកម្ម​ អាហ្នឹង​វា​ខុស​ហើយ។​ មាន​ស្អី​ ​ច្បាប់​បាតុកម្ម ប្រជា​ពលរដ្ឋ​មិន​តឹង​សុំ​ច្បាប់អី​ ធ្វើ​បាតុកម្ម​ធ្វើ​អី​ផង។ ​អាហ្នឹង​យើង​ពិនិត្យ​ឃើញ​អញ្ចឹង​ណា៎​ ​បាន​ហៅ​មក​ ដើម្បី​បំភ្លឺជូន​អំពី​សភាព​ការណ៍​ពិត"។

ប្រជា​ពលរដ្ឋ​ប្រមាណ​៥​ភូមិ​ ចំនួន​៧៣៥​គ្រួសារ​ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​អានមារ៉ាឌី​គ្រុប​ថា ​បាន​ រំលោភ​យក​ដី​របស់​ពួកគេ​ជាង​៨០០​ហិកតា​ ក្រោយពី​ក្រុមហ៊ុន​នេះ​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋា​ភិបាល​សម្រាប់​អភិវឌ្ឍន៍​ដាំដើម​កៅស៊ូ​ កាល​ពី​ឆ្នាំ​២០០៤។

លោក​អភិបាល​រង​ក្រុង​ស្វាយ​រៀង ​កែវ សាមឿន​ បាន​និយាយ​ថា ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ បាន​ រំលោភ​យក​ដី​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន។

បន្ទាប់​ពី​មាន​ជម្លោះ​ដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ និង​ក្រុមហ៊ុន​អានមារ៉ាឌី​គ្រុប​ អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​ប្រជា​ពលរដ្ឋ​មួយ​រូប​ឈ្មោះ​យា យ៉េង​ ​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ តុលាការ​បាន​សម្រេច​មិន​ឃុំ​ខ្លួន​ប្រជា​ពលរដ្ឋ​ចំនួន​៤​នាក់​ផ្សេង​ទៀត​ ​ក្រោយ​ពី​បាន​កោះ​ហៅ​មក​សាកសួរ​អស់​ រយៈ​ពេល​ជា​ច្រើន​ម៉ោង។

ពី​ទីក្រុង​ភ្នំពេញ​ ខ្ញុំ ​ហេង​ រស្មី ​VOA​ សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG