ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​កម្ពុជា​បម្រើការ​នៅ​ម៉ាឡេស៊ី ​ត្រូវរង​នូវ​ការ​កេងប្រវ័ញ្ច ​រំលោភ​បំពាន


Gelia ជា​អ្នកបំរើ​តាម​ផ្ទះ​ម្នាក់​នៅ​ទីក្រុង​កូឡា ​ឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី។
Gelia ជា​អ្នកបំរើ​តាម​ផ្ទះ​ម្នាក់​នៅ​ទីក្រុង​កូឡា ​ឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ HRW​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ស្ត្រី​កម្ពុជា​បម្រើ​ការ​តាម​ផ្ទះ​រាប់​ពាន់​នាក់​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​បាន​ទទួល​រង​នូវ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ការ​ធ្វើ​ទារុណកម្ម​ ការរំលោភ​បំពាន​សិទ្ធិ​ការងារ​ និង​ការ​រំលោភ​ផ្លូវ​ភេទ​ពី​ថៅកែ​របស់​ខ្លួន។

លោក ​James Ross ​នាយក​ផ្នែក​កិច្ចការ​ច្បាប់ ​និង​គោល​នយោបាយ​នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ HRW ​ដែល​មាន​មូលដ្ឋាន​ក្នុង​បូរី​ញូយ៉ក ​បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណាយ៉ាង​ដូច្នេះ​ថា «ថ្ងៃ​នេះ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​HRW ​ចេញ​ផ្សាយ​របាយ​ការក្រោម​ចំណង​ជើង​ថា​ ‏‏"ពួក​គេ​បោក​ប្រាស​យើង​គ្រប់​ជំហ៊ាន៖ ការរំលោភ​លើ​ពលករ​ស្ត្រី​កម្ពុជា​បម្រើការ​តាម​ផ្ទះ​ ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី"»។

លោកស្រី ​Jyotsna Poudyal ​អ្នក​ចងក្រង​របាយ​ការនេះ​ បាន​បញ្ជាក់​តាម​សម្តី​ដើម​ថា៖

«អ្វី​ដែល​យើង​បាន​រក​ឃើញ​គឺ​ថា​ ពលករ​ជួប​ប្រទះ​នឹង​ការ​រំលោភ​បំពាន​គ្រប់​ជំហ៊ាន​នៃ​រយៈពេល​ទេសន្ត​ប្រវេសន៍​ចាប់​ផ្តើម ​ពី​ការចាប់ផ្តើម​ដំបូង​ នៅ​ពេល​ដែល​មាន​ការ​ជ្រើសរើស​នៅ​តាម​ភូមិ​រហូត​ដល់​ធ្វើ​ដំណើរ​មក​ដល់​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​រហូត​ដល់​ប្រទេស​ម៉ាឡេស៊ី ​និង​នៅ​ពេល​ត្រឡប់​មក​កម្ពុជា​វិញ»។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ HRW ​បាន​រក​ឃើញ​ថា​ ស្ត្រី​ និង​កុមារី​កម្ពុជា​ជា​ច្រើន​ពាន់នាក់ ដែល​ទៅ​បម្រើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ទទួល​បាន​នូវ​ការ​ការពារ​បន្តិច​បន្តួច​ពី​ការ​បង្ខាំង​ខ្លួន​នៅ​ក្នុង​មណ្ឌល​ ពី​បន្ទុក​បំណុល​ដ៏​ធ្ងន់ធ្ងរ​ និង​ពី​លក្ខខណ្ឌ​ការងារ​មាន​លក្ខណៈ​កេង​ប្រវ័ញ្ច។

របាយ​ការនេះ​បាន​បញ្ជាក់​ថា ​ស្ត្រី ​និង​កុមារី​កម្ពុជា​បម្រើការ​តាម​ផ្ទះ​ជា​ច្រើន​នាក់​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​ពី​១៤​ម៉ោង​ទៅ​២១​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដោយគ្មាន​ពេល​ឈប់​សម្រាក ​ឬ​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ​ ហើយ​ពលករ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​គេ​បង្ខាំង​ឱ្យ​នៅ​កន្លែង​ធ្វើការ​ មិន​បាន​ទទួល​អាហារ​គ្រប់គ្រាន់ ​មិន​បាន​ទទួល​ប្រាក់​ខែ​ពេញ​លេញ​ និង​ទទួល​រង​នូវ​ការ​រំលោភ​លើ​រាងកាយ ​និង​រំលោភ​ដោយ​ពាក្យ​សម្តី​ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ថៅកែ​រំលោភ​ខាង​ផ្លូវ​ភេទ។

របាយ​ការនេះ​ ដែល​បាន​ធ្វើ​ឡើង​ផ្អែក​លើ​បទ​សម្ភាសន៍​ចំនួន​៨០​លើក​ ជាមួយ​ពលករ​ចំណាក​ស្រុក​ធ្វើការ​តាម​ផ្ទះ ​គ្រួសារ​របស់​ពួក​គេ ​មន្ត្រី​រដ្ឋាភិបាល ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ បាន​បង្ហាញ​ពី​ឧបសគ្គ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​ស្ត្រី ​និង​កុមារី​ទទួល​រង​ការ​ធ្វើបាប ​មិន​ទទួល​បាន​យុត្តិធម៌ ​និង​មិនមាន​ការ​ដោះស្រាយ​ក្នុង​ប្រទេស​កម្ពុជា ​និង​នៅ​ប្រទេស​ម៉ាឡេស៊ី។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​HRW ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើត​ច្បាប់​ទូលំ​ទូលាយ​មួយ​ស្តីពី​ពលករ​ចំណាក​ស្រុក​ ត្រូវ​ពង្រឹង​ការឃ្លាំមើល​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ ​និង​ដាក់​ទោស​ជា​ចាំ​បាច់ ​ខណៈ​ដែល​មាន​ការ​រំលោភ​កើត​ឡើង។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​HRW ​បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​ការងារ​តាម​ផ្ទះ។

សន្ធិសញ្ញា​នេះ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សមស្រប ​កំណត់​អាយុ​អប្បបរិមា​សម្រាប់​ពលករ​ធ្វើការ​តាម​ផ្ទះ ​និង​ការពារ​ពលករ​ធ្វើ​ការ​តាម​ផ្ទះ​ឲ្យ​រួច​ពី​អំពើ​ហិង្សា ​និង​ការ​អនុវត្ត​ការ​ជ្រើសរើស​បែប​កេង​ប្រវ័ញ្ច។

របាយ​ការនេះ​បាន​រកឃើញ​ថា ​តាំង​ពី​ឆ្នាំ​២០០៨​មក ​ស្ត្រី ​និង​កុមារី​កម្ពុជា​៤០០០​ទៅ​៥០០០​នាក់​ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ​ជា​អ្នក​ធ្វើការ​តាម​ផ្ទះ។

ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ក្លែង​ឯកសារ​អត្ត​សញ្ញាណ ​ដើម្បី​ជ្រើសរើស​កុមារ​ និង​ផ្តល់​គ្រឿង​ទាក់ទាញ​ទឹក​ចិត្ត​ ជា​ប្រាក់ ​និង​អាហារ ​ដែល​នាំ​ឱ្យ​ពលករ​ចំណាក​ស្រុក​ និង​គ្រួសារ​របស់​ពួក​គេ​ជំពាក់​បំណុល​យ៉ាង​ធ្ងន់ធ្ងរ​ ធ្វើ​ឱ្យ​ពួក​គេ​យល់​ខុស​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការងារ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​និង​យក​ថ្លៃឈ្នួល​ជ្រើសរើស​ច្រើន​ហួស​ប្រមាណ។

លោក​អាន ​ប៊ុនហាក់ ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ នៅ​សណ្ឋាគារ​ កាំបូឌីយ៉ាណា​ថា​ សមាគម​នឹង​ទទួល​យក​ចំណុច​មួយ​ចំនួន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​HRW ​មក​ធ្វើការ​ពិចារណា។

«យើង​ឃើញ​ថា​ អនុសាសន៍​មួយ​ចំនួន​ ដែល​ផ្តល់​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ HRW ​ទៅ​លើ​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ គឺ​ជា​អនុសាសន៍​ល្អ​ ហើយ​ខ្ញុំ​នឹង​បញ្ចូល​អនុសាសន៍​នេះ​ចូល​ទៅ​ជា​យុទ្ធសាស្ត្រ​ និង​ផែនការ​អនុវត្ត​របស់​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​យើង​អាច​ពង្រឹងយន្តការ​ការពារ​ពលករ​របស់​យើង​បន្ថែម​ទៀត ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស»។

លោក​ស្រី​ មូរ​ សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ នៅ​សណ្ឋាគារ​ កាំបូឌីយ៉ាណា​ថា៖

«បាយការណ៍​នេះ​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​រដ្ឋាភិបាល​ចាត់វិធានការ​ឱ្យ​បាន​ខ្លាំងក្លា។​ របាយ​ការនេះ​គួរតែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រិតតែ​ភ្ញាក់​រឭក ​ដើម្បី​កែ​ស្ថាន​ការណ៍​នេះ​វិញ។​ ខ្ញុំ​សង្ឃឹម​ថា​ ក្រសួង​ការងារ​នឹង​យក​របាយ​ការនេះ​ទៅ​មើល។​ ខ្ញុំ​សង្ឃឹម​ថា​ សមាគម​ភ្នាក់ងារ​ជ្រើស​រើស​ពលការិនី​ទៅ​បរទេស​នឹង​យក​របាយការ​នេះ​ទៅ​មើល​ ពីព្រោះ​នេះ​ជា​របាយ​ការ​ពិត។ ​នេះ​ជា​សម្រែក ​និង​ជីវិត​ពិតៗ»។

លោក​ហូ ​វុទ្ធី ​អនុប្រធាន​នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​ «បើ​គាត់​ចង់​ជួយ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ឱ្យ​បាន​ពិតប្រាកដ​ គាត់​ទាល់​តែ​យក​ឯកសារ​ជាក់ស្តែង​មក​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ចាត់​វិធានការ»។

លោក​ហូ ​វុទ្ធី​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ប្រហែល​ពិចារណាការ​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​ការងារ​តាម​ផ្ទះ ​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​បាន៕

XS
SM
MD
LG