ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សិទ្ធិ​មនុស្ស​នឿយ​ណាយ​នឹង​ធ្វើ​សម្ព័ន្ធ​រាជា​និយម


ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​លោក កឹម សុខា ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​​មិន​ទាន់​មាន​បំណង​នឹង​ចូល​រួម​ជាមួយ​​សម្ភ័ន្ធភាព​ថ្មី​​ណា​មួយ​ទៀត​ ​ជាមួយ​គណបក្ស​នរោត្តម រណឫទ្ធិ​ទេ។
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​លោក កឹម សុខា ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​​មិន​ទាន់​មាន​បំណង​នឹង​ចូល​រួម​ជាមួយ​​សម្ភ័ន្ធភាព​ថ្មី​​ណា​មួយ​ទៀត​ ​ជាមួយ​គណបក្ស​នរោត្តម រណឫទ្ធិ​ទេ។

គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រកាស​ថា​មិន​មាន​ផែនការ​ណា​មួយ​រួបរួម​ជាមួយ​ព្រះអង្គមា្ចស់​នរោត្តម រណប្ញទ្ធិទេ។ ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​នរោត្តម រណប្ញទ្ធិ​បាន​និយាយ​ថាពិត​ជា​មាន​ការ​និយាយអំពី​ការចង់​រួបរួម​ជាមួយ​សម្តេច​ក្រុមព្រះ​ពិត​ប្រាកដ​មែន។​ ការ​អះអាង​ផ្ទុយគ្នា​រវាង​គណបក្ស​ទាំង​ពីរ​នេះ​បាន​កើត​ឡើង​ជា​លើក​ដំបូង​ក្នុង​ពេល​ការ​បោះឆ្នោត​ជាតិ​នៅ​សល់​តែ​រយៈពេល​ជាង​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

លោក​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ គណបក្ស​របស់​លោក​គ្មាន​បាន​សន្យា​ថា​ នឹង​រួបរួម​ជាមួយ​នឹង​សម្តេច​ក្រុមព្រះ​នរោត្តម ​រណឫទ្ធិ​ទេ ក្រោយពី​ព្រះអង្គ​ម្ចាស់​បាន​ប្រកាស​ចូល​ក្នុង​ឆាកន​យោបាយ​និង​បាន​ក្លាយ​ជាមេដឹកនាំ​គណបក្ស​នរោត្តម​ រណឫទ្ធិ​នោះ។

ការ​បញ្ជាក់​ពីជំហរ​របស់​លោក​កឹម សុខា ​នេះ​បាន​កើត​មានឡើង​ក្រោយពី​មួយ​រយៈកាល​ចុង ក្រោយ​នេះ​ មាន​សេចក្តី​រាយការណ៍​មួយ​ចំនួន​បាន​អះអាង​ថា ​លោក​កឹម សុខា​ បាន​សន្យា​ថា​នឹង​ចូល​រួម​ជាមួយ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​និង​មាន​សេចក្តី​រាយការណ៍​មួយ​ទៀត​បាន​អះអាង​ថា គណបក្ស​សិទ្ធិ​មនុស្ស​មិនមាន​ផែនការ​ចងសម្ព័ន្ធ​ភាព​ជាមួយ​នឹង​គណបក្ស​សម រង្ស៊ី​ទេ។

លោក​កឹម សុខា ​មាន​ប្រសាសន៍​ថា​ចំពោះ​សេចក្តី​រាយការណ៍​ទាំង​ពីរ​នេះ​គឺ​ជា​រឿង​មិន​ពិត។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ក៏​លោក​កឹម សុខា ​បា​នមាន​ប្រសាសន៍​ថា​ជំហរ​របស់​គណបក្ស​សិទ្ធិ​មនុស្ស ​គឺ​ចង់រួ​បរួម​ជាមួយ​នឹង​គណបក្ស​ណា​ដែល​ប្រកាន់​និន្នាការ​ប្រជាធិបតេយ្យ​និង​ចេះ​ស្រឡាញ់​ប្រទេស​ជាតិ។

«គោល​ជំហ​រនយោបាយ​ជា​យុទ្ធសាស្រ្ត​គឺ​ប្រមូល​ផ្តុំ​កម្លាំង​អ្នក​ជាតិនិយម ​អ្នក​ប្រជាធិបតេយ្យ​និយម​ទាំងអស់​ដើម្បី​ស្រោចស្រង់​ប្រទេស​ជាតិ​យើង​ដែល​កំពុង​រងគ្រោះ​ក្នុង​រណ្តៅ​គ្រោះថ្នាក់​ធំៗ ​ដូចជា​បញ្ហា​ការបាត់បង់​នូវ​ទឹកដី​ អធិបតេយ្យភាព ​និង​ការបាត់បង់​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខែ្មរ និង​ជា​ពិសេស​នូវ​ទុក្ខ​វេទនា​និង​ភាពក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ»។

លោក​ប៉ែន សង្ហា ​អ្នក​នាំពាក្យ​គណបក្ស​នរោត្តម រណឫទ្ធិ ​បាន​មាន​ប្រសាសន៍​ថា លោក​កឹម សុខា​ និង​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ​ ពិត​ជា​បាន​ជួបគ្នា​ពិត​ប្រាកដ​មែន​ ហើយ​លោក​កឹម សុខា ធ្លាប់​បាន​សន្យា​ជាមួយ​នឹង​ព្រះអង្គ​ថា ​នឹង​រួបរួម​គ្នា​ ប្រសិនណា​បើ​សម្តេច​ក្រុមព្រះ​នរោត្តម រណ​ឫទ្ធិ​យាង​មក​ដឹកនាំ​គណបក្ស​នយោបាយ​ឡើងវិញ។

«ការពិត​ គឺលោក​កឹម សុខា ​ធ្លាប់បាន​បញ្ជាក់​ថ្វាយ​សម្តេច​ក្រុមព្រះ​អញ្ចឹង​មែន ​ហើយ​ការច្រាន​ចោល​យ៉ាង​ណាៗ​នោះ​ ជា​សិទ្ធិ​របស់​លោក​កឹម សុខា។ ប៉ុន្តែ​ការពិត​លោក​កឹម សុខា ​ធ្លាប់​បាន​មាន ប្រសាសន៍​គឺថ្វាយ​ព្រះអង្គ​សម្តេច​ក្រុម​ព្រះ​ថា ​ប្រសិន​បើ​សម្តេច​ក្រុម​ព្រះ​លោក​យាង​មក​ដឹកនំា​នយោបាយ​គណបក្សន​រោត្តម រណឫទ្ធិ ​នោះ ​លោក​កឹម សុខា ​នឹង​មក​ចូល​រួបរួម​ជាមួយ»។

ការវាយ​ប្រហារ​ពាក្យ​សម្តី​គ្នា​ទៅវិញ​ទៅ​មក ​រវាង​គណបក្ស​ទាំងពីរនេះ​ បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខិត​ជិត​មក​ដល់និង​ការបោះឆ្នោត​ជា​សកល​នៅ​សល់​តែ​ពេល​វេលា​ជាង​ពីរ​ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ។

លោក​កឹម សុខា ​បាន​និយាយ​ថា​ប្រសិន​ណា​បើ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ​មិន​ប្រកាស​ជំហរ​ឲ្យ​ច្បាស់​លាស់​ថា ​នៅ​ខាង​ប្រជាធិបតេយ្យ​ ឬ​នៅ​ខាង​កុម្មុយនីស្ត​ផ្តាច់ការ​ទេ ​គឺនឹង​មិន​បើក​ការចរចា​គ្នា​ជាមួយ​នឹង​ព្រះអង្គ​ជា​ដាច់​ខាត។

គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោកកឹម សុខា ​ធ្លាប់​បាន​ប្រកាស​ចងសម្ព័ន្ធភាព​ជាមួយ​នឹង​គណបក្ស​សម រង្ស៊ី ​ក៏​ប៉ុន្តែ​ការចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ទាំងពីរ​នេះ​ស្ថិត​នៅ​លើ​ដំណើរ​ផ្លូវ​ដ៏​យឺតៗ​នៅ​ឡើយ។

លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​និង​ជា​អ្នក​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី​បាន​និយាយ​ថា​យើង​មិន​ទាន់​បោះបង់​ចោល​នូវ​ចំណង​សម្ព័ន្ធភាព​គ្នា​នេះ​នៅ​ឡើយ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​គណបក្ស​ទាំង​ពីរ​បាន​ជជែក​គ្នា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ។

«យើង​បាន​ធ្វើការ​ជាមួយ​គ្នា​ជា​បន្ត​បន្ទាប់​តាំងពី​យូរណាស់​មកហើយ ​តាំងពី​ដើម​ឆ្នាំ២០០៩​តាម​ខ្ញុំ​ដឹង​ ហើយ​នៅ​ពេល​អនាគត​ខាងមុខ​ហ្នឹង​ គឺ​យើង​នៅតែ​មាន​គោលបំណង​ចង់​ដាក់​នូវ​បញ្ជី​រួម​ដែល​ជាបញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឃុំ​ ក៏ដូចជា​ការ​បោះឆ្នោត​ជាតិ​ខាងមុខ»។

គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម សុខា ​គណបក្ស​នរោត្តម រណឫទ្ធិ ​របស់​សម្តេច​ក្រុមព្រះ​ និង​គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី ​កំពុងតែ​ដើរ​បែកផ្លូវ​គ្នា​នៅឡើយ ​ខណៈ​ពេល​ដែល​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ឈ្នះ​សំឡេង​ឆ្នោត​ដ៏ច្រើន​លើស​លប់​នៅ​ក្នុង​អាសនៈ​នៃ​រដ្ឋសភា។

ក្រុម​អ្នកវិភាគ​ឯករាជ្យ​មួយ​ចំនួន ​បាន​និយាយ​ថា​ ផ្លូវដើរ​តែ​មួយគត់​សម្រាប់​គណបក្ស​ប្រឆាំង​ គឺ​ធ្វើការ​រួបរួមគ្នា​ទើប​សម​ជា​ដៃគូ ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា៕

XS
SM
MD
LG