ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​សិទ្ធិមនុស្ស​រំឮក​ពី​ភាពខ្វះ​ចន្លោះ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា


ស្រ្តី​​មិន​​ស្គាល់​​ឈ្មោះ​​ម្នាក់​​នេះ​​ លើកដៃ​​អបអរ​​ ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​ក្នុង​រាជធានី​ភ្នំពេញ​កាលពីថ្ងៃទី ១០ ធ្នូ ​ឆ្នាំ២០០៧។
ស្រ្តី​​មិន​​ស្គាល់​​ឈ្មោះ​​ម្នាក់​​នេះ​​ លើកដៃ​​អបអរ​​ ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​ក្នុង​រាជធានី​ភ្នំពេញ​កាលពីថ្ងៃទី ១០ ធ្នូ ​ឆ្នាំ២០០៧។

ភ្នំពេញ៖ ខណៈពេល​ដែល​ ប្រទេស​នានា​នៅលើ​សកលលោក​ នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​ថ្ងៃ​ទី​ ១០​ ខែធ្នូនេះ​ គណបក្សជំទាស់​ និង​មន្ដ្រី​អង្គការ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​និយាយ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ការរំលោភ​បំពាន​ជា​ច្រើន។

បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ កំពុងតែ​ស្ថិត​នៅក្នុង​ស្ថានភាព​គួរឲ្យ​ព្រួយបារម្ភ​ នេះ​គឺ​ជា​ការ​កត់សម្គាល់​របស់​ក្រុមមន្រ្តី​សិទ្ធិមនុស្ស​ និង​គណបក្ស​ជំទាស់​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រសហ្បត៍​នេះ​ គឺ​មួយ​ថ្ងៃ​មុន​នឹង​ពិភពលោក​ទាំងមូល​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស។

លោក ​សួន សារ៉េត​ អគ្គលេខធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​បណ្តុំ​អង្គការ​ និង​សមាគម​សិទ្ធិមនុស្ស​មាន​ប្រសាសន៍ថា​ ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​ទទួល​រង​ការរំលោភបំពាន​ជាច្រើន​ ។

«ក្រឡេកមើល​ទៅតាម​សិទ្ធិមនុស្ស​ឃើញថា ​ស្ថានភាព​សិទ្ធិមនុស្ស​ក៏ដូចជា​នៅ​ស្ថានភាព​យ៉ាប់យ៉ឺន​ដែរ។ ​អ្វី​ដែល​ជាសំអាង​គេ​ហៅ​ថា​ស្ថានភាព​យ៉ាប់យ៉ឺន​ គឺ​យើង​យក​សំអាង​ត្រង់​ថា​ វា​មាន​ឧបទ្ទវហេតុ​បញ្ហា​ជាច្រើន»។

សេចក្តីប្រកាស​ជាសកល​ស្តី​អំពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ កាល​ពីថ្ងៃ​ទី១០ ធ្នូ​ ឆ្នាំ១៩៤៨​ បាន​បញ្ជាក់ថា ​ជន​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ គ្មាន​នរណា​ម្នាក់​អាច​ជាគោលដៅ​សម្រាប់​ការ​ធ្វើ​ទារុណកម្ម​ ការធ្វើ​អំពើ​ឃោឃៅ ​ភាព​អមនុស្សធម៌​ ការ​ដក​ហូតសិទ្ធិ ​និង​ការផ្តន្ទាទោស​ឡើយ។

លោក​សួន សារ៉េត​ បាន​លើកឡើង​ថា​ គោលគំនិត​ទាំងនេះ​ ត្រូវបាន​យកមក​ចែង​នៅ​ក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​ជាច្រើន​ដូចជា​ ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ឬ​ក៏​រដ្ឋធម្មនុញ្ញ​ជាដើម។​ ក៏ប៉ុន្តែ​នៅ​មាន​ការខ្វះ​ចន្លោះ​នៅក្នុង​ការអនុវត្តន៍​ច្បាប់​ទាំងនោះ។

នៅ​ថ្ងៃនេះ​ដែរ​ អង្គការការពារ​សិទ្ធិមនុស្ស​ លីកាដូ​ (LICADHO)​ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​មួយ ​ដែល​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា ​កំពុងតែ​ប្រឈម​មុខទៅ​នឹង​ការធ្វើ​អាជីវកម្ម​ដីធ្លី​ ​ការធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​ ការរឹតត្បិត​សេរីភាព​ ការប្រមូលផ្តុំ​ និង​ការទទួល​រងនូវ​ការរំលោភ​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការងារ​ជាដើម ។

របាយការណ៍​ដដែល​លើក​ឡើងថា​ យ៉ាងតិច​មាន​អ្នកភូមិ​ចំនួន​២៥នាក់​ កំពុងតែ​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​គិត​មក​ត្រឹម​ចុង​ខែវិច្ឆិកា​ឆ្នាំ២០១០​ នៅក្នុង​ខេត្ត​ក្រុង​ចំនួន​ប្រាំមួយ​ ហើយ​ពួកគេ​ភាគច្រើន​ គឺជា​ជនរងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លី។

ជាមួយ​គ្នា​នេះ​ដែរ​ ​គណបក្ស​សិទ្ធិមនុស្ស​ដែល​ជា​គណបក្ស​ជំទាស់​មាន​អាសនៈ​ចំនួន​បី​នៅ​ក្នុង​រដ្ឋសភា​បាន​លើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ទទួល​រង​ការខ្វះខាត​នៅ​ក្នុង​ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​ដូចជាសិទ្ធិ​ទទួលបាន​កម្មសិទ្ធិ​ ​សិទ្ធិ​លំនៅដ្ឋាន​ សិទ្ធិ​ទទួល​បាន​ការអប់រំ​ សិទ្ធិសេរីភាព​នៅក្នុង​ការបញ្ចេញមតិ​ជាដើម។

លោក ​យ៉ែម បុញ្ញរិទ្ធ​ អ្នកនាំពាក្យ​ និង​ជាតំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង​របស់​គណបក្សសិទ្ធិ​មនុស្ស​បាន​ពោល​ថា​ រដ្ឋាភិបាល​ត្រូវតែ​ជំរុញ​ការគោរព​ច្បាប់​សម្រាប់​លើក​តម្កើង​ការគោរព​សិទ្ធិ​ប្រជាពលរដ្ឋ។

«មានតែ​ការរៀបចំ​ប្រពន្ធ័​ច្បាប់​ឲ្យ​ច្បាស់លាស់​ និង​ការស្មើ​មុខ​គ្នា​ចំពោះ​មុខ​ច្បាប់​ទេ​ ដែល​អាច​ឲ្យ​ប្រទេស​របស់​យើង​មាន​ការគោរព​សិទ្ធិមនុស្ស​បន្ដិច​ម្ដងៗ​បាន»។

ទោះ​ជាយ៉ាងណា​ លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនំាពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​បកស្រាយ​ថា ​មាន​ការរីក​ចម្រើន​ផ្នែក​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ​និង​ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ច្បាប់​រួមទាំង​ការកែទម្រង់​យុត្តិធម៌​ ដើម្បី​ធានា​ទៅដល់​ការគោរព​សិទ្ធិមនុស្ស។

«បើសិន​យើង​ប្រៀបធៀប​កម្ពុជា​ សម័យ​តេជោ ​និង​កម្ពុជា​ជំនាន់​មុន​ គឺ​យើង​មាន​សិទ្ធិ​ច្រើនណាស់​ ជាពិសេស​ ​យើង​មាន​ទីលាន​សេរីភាព​ក្នុងការ​ផ្តល់​ឱកាស់​ដល់​ប្រជាពលរដ្ឋ​ លោក​អាច​បញ្ចេញ​នូវ​ការមិនពេញ​ចិត្ត​ លោក​អាច​ធ្វើបាតុកម្ម​នៅ​កន្លែងហ្នឹង​ »។

យោងតាម​របាយការណ៍​របស់​លោកស្រី​ ណាវី ពីឡៃ​ ឧត្ដម​ស្នងការ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ​បាន​ឲ្យដឹង​ថា ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​លាន​នាក់​ កំពុងតែ​ទទួលរង​ការរំលោភ​បំពាន​ផ្នែក​សិទ្ធិសេរីភាព​នៅក្នុង​ពិភពលោក​យើង​នេះ​ ជាពិសេស​ទាក់ទង​ទៅនឹង​បញ្ហា អប់រំ​ សិទ្ធិសេរីភាព​ជនជាតិ​ដើម​ បញ្ហា​សុខភាព​ និង​អំពើ​ឃាដកម្ម​ជាដើម។

លោកស្រី​ ណាវី ពីឡៃ​ ​បាន​ជម្រុញ​ឲ្យរ​ដ្ឋាភិបាល​នានា​នៅក្នុង​ពិភពលោក​ កុំឲ្យ​ចាត់ទុក​ថា​ ការិះគន់​ទៅលើ​ខ្លួន​ គឺ​ជា​ឧក្រិដ្ឋកម្ម​ឲ្យ​សោះ៕

XS
SM
MD
LG