តុលាការខេត្តកំពង់ចាមនៅថ្ងៃអង្គារនេះ បានដោះលែងសកម្មជនគណបក្សសិទ្ធិមនុស្សពីរនាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលប្រាំមួយថ្ងៃ។
លោក ផាន ផា អាយុ៦៦ឆ្នាំ និងលោក ភូមិ យាន អាយុ៧១ឆ្នាំ សកម្មជនគណបក្សសិទ្ធិមនុស្ស ភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានចែកផ្សព្វផ្សាយឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងវៀតណាមរំលោភយកទឹកដីកម្ពុជា។ ភ្លាមៗនោះ សេចក្តីថ្លែងការណ៍របស់គណបក្សសិទ្ធិមនុស្សបានហៅការចាប់ខ្លួនសកម្មជនគណបក្សសិទ្ធិមនុស្សទាំងពីរនាក់នេះថា ជារូបភាពនៃការរំលោភសិទ្ធិនយោបាយ ការគំរាមគំហែងផ្នែកនយោបាយ និងការរំខានដល់ដំណើរការរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។
តុលាការខេត្តកំពង់ចាមបានដោះលែងសកម្មជនទាំងពីរនាក់បន្ទាប់ពីបានចោទប្រកាន់សកម្មជនទាំងពីរនាក់នេះអំពីបទញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋកម្ម និងការរើសអើងប្រឆាំងនឹងប្រទេសវៀតណាម។
លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបអង្កេតតុលាការខេត្តកំពង់ចាម បានបញ្ជាក់នៅក្នុងដីកាចុះថ្ងៃទី៦ ខែកញ្ញានេះ ថាដើម្បីធានាឲ្យជនត្រូវចោទឈ្មោះ ភូមិ យាន និងឈ្មោះផាន ផា បង្ហាញមុខនៅតុលាការ និងចៀសវាងការរាំងស្ទះក្នុងនីតិវិធីសាកសួរ តុលាការសម្រេចឲ្យឈ្មោះភូមិ យាន អាយុ៧១ឆ្នាំ និងឈ្មោះ ផាន ផា អាយុ៦៦ ឆ្នាំ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោក ផាន ផា បានបញ្ជាក់ថា យុត្តិធម៌បានកើតមានដល់រូបលោក។ តុលាការបានផ្តល់យុត្តិធម៌ដល់រូបលោកដែលជាជនគ្មានកំហុស។
«គេដោះលែងខ្ញុំពីពន្ធនាគារ។ ការដោះលែងនេះជារឿងត្រឹមត្រូវហើយ។ ខ្ញុំអត់មានកំហុសទេ»។
លោក ភូមិ យាន បាននិយាយថា លោកមិនបោះបង់ចោលគណបក្សសិទ្ធិមនុស្សទេ បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារ។
«ខ្ញុំ សប្បាយចិត្តចំពោះការដោះលែងនេះ។ ខ្ញុំតស៊ូតទៅទៀតជាមួយគណបក្សសិទ្ធិមនុស្ស។ ខ្ញុំនៅតែតស៊ូតាមមេគណបក្សសិទ្ធិមនុស្សរហូត។
លោក នាង សុវ៉ាត មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាមបានថ្លែងថា ការដោះលែងសកម្មជនគណបក្សសិទ្ធិនេះ គឺជាការសម្រេចដ៏ត្រឹមត្រូវរបស់តុលាការ ហើយឯកសារទស្សនៈនយោបាយមិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
«ការដោះលែងនេះ ខ្ញុំគិតថា តុលាការយល់ឃើញ ធ្វើការអង្កេតត្រឹមត្រូវ ហើយធ្វើឲ្យអ្នកដែលគាំទ្រគណបក្សមិនមានការភ័យខ្លាចអ្វីទេ ពីព្រោះខ្ញុំគិតថា តុលាការបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងការដោះលែងសកម្មជនទាំងពីរនាក់នេះ។ វាជាឥទ្ធិពលល្អសម្រាប់ឲ្យដំណើរការប្រជាធិបតេយ្យ ជាពិសេសទាក់ទងនឹងការបោះឆ្នោតបានដំណើរការទៅល្អ»។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងថា ការដោះលែងនេះគឺជាជំហ៊ានមួយវិជ្ជមានសម្រាប់ការរកយុត្តិធម៌ឲ្យសកម្មជនគណបក្សសិទ្ធិមនុស្សដែលមេដឹកនាំគណបក្សបានតវ៉ាយ៉ាងខ្លាំង។
«វាជាជំហានវិជ្ជមានមួយហើយ ប៉ុន្តែគោលបំណងរបស់គណបក្សសិទ្ធិមនុស្សមិនមែនចង់បានត្រឹមហ្នឹងទេ ចង់ឲ្យមានការលើកលែងការចោទប្រកាន់តែម្តង»។
កម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នៅដើមឆ្នាំ២០១២ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ ២០១៣។
គណបក្សសិទ្ធិមនុស្សបានបញ្ជាក់ថា គ្រាន់តែថ្ងៃពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញានេះភ្លាម ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សក៏ត្រូវបានធ្វើឡើងភ្លាម៕