ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកាគណបក្សសិទ្ធិមនុស្សត្រូវរំខាន


កង​កម្លាំង​រាជ​អាវុធ​នៃប្រទេសកម្ពុជា​។​
កង​កម្លាំង​រាជ​អាវុធ​នៃប្រទេសកម្ពុជា​។​

ក្រុម​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស ​នៅ​ថ្ងៃ​សៅរ៍បាន​ចោទ​ប្រកាន់​ថា ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ធ្លាប្រជុំ​ ស្រុក​កោះអណ្តែត ​ខេត្ត​តាកែវ ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប៉ុនប៉ង​រារាំង​មិន​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ រៀបចំ​វេទិកា​សម្តែង​មតិ ​ដោយ​បានចោទប្រកាន់​ថា ​វេទិកា​នេះ​ធ្វើ​ឡើង​ដោយ​ឥត​ច្បាប់។

គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម​ សុខា​ត្រូវ​រៀបចំ​វេទិកា​សម្តែង​មតិ​មួយ​នៅ​ថ្ងៃ​សៅរ៍​ នៅ​ឃុំ​ធ្លាប្រជុំ ​ស្រុក​កោះអណ្តែត​ ខេត្ត​តាកែវ ​ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​ព្រមាន​ថា ​មិន​អនុញ្ញាត​ឲ្យរៀបចំ​វេទិកា​នេះ​ទេ។

លោក​អ៊ូ ​ច័ន្ទរិទ្ធិ​ អ្នក​តំណាងគណបក្ស​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ​លោក ​សាត់ ​សយ ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ធ្លាប្រជុំ ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ព្រមាន​ចំៗ​ថា ​មិន​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ធ្វើ​សម្មភាព​ណា​មួយ​ នៅ​លើ​ទឹក​ដី​របស់​លោក​ ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ឃុំ​រួច​ហើយ​កាល​ថ្ងៃ​ទី​ ២៥​កន្លង​ទៅ​នេះ ​ដើម្បី​រៀបចំ​វេទិកា​សម្តែង​មតិ​នេះ។

«ព្រឹក​មិញ​នេះ ​សកម្មជន​លោក​បាន​រៀបចំ ​ហើយ​ប៉ូលិស​បាន​មក​ឃាត់​មិន​ឲ្យ​រៀបចំ​រោង​ដើម្បី​ធ្វើការ​ជួបជុំ​នោះ​ទេ។ ​តាម​ប្រសាសន៍​របស់​ជំទប់​ទី​មួយ​ថា​ ថ្នាក់​ខេត្ត​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទាក់ទង​ទៅ​ពីរ​ថ្ងៃ​មុន​ហ្នឹង​ លោក​ជំទប់​ហ្នឹង​ថា​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ណា​មក​ធ្វើ​សកម្មភាព​ក្នុង​ទឹក ​ដី​របស់​គាត់​ទេ»។

លោក​សាត់ ​សយ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ធ្លាប្រជុំ ​បាន​ច្រាន​ចោល​ទៅ​នឹង​ការចោទ​ប្រកាន់​នេះ​ ដោយ​លោក​បាន​និយាយ​ថា ​លោក​មិន​បាន​រារាំង​ ការ​រៀបចំ​វេទិកា​សម្តែង​មតិ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​នោះ​ទេ។

«មាន​នណារ​គេ​ឃាត់​ គេ​ឃាំង​អី»។

លោក​ហេង​ វីរៈ​ ជំទប់​ទី​ពីរ​ ឃុំ​ធ្លាប្រជុំ​ខាង​គណបក្ស​សម ​រង្ស៊ី ​បាននិយាយ​ថា ​គណបក្ស​សិទ្ធិ​មនុស្ស​មិន​មាន​ទីស្នាក់ការ​នៅ​ក្នុង​ឃុំ​នេះ​ទេ ​ដូច្នេះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​វេទិកា​ទេ។

«បើ​យើង​មាន​ស្នាក់ការ ​គណបក្ស​យើង​អាច​ឃោសនា​បាន​ ឬក៏​ផ្សព្វផ្សាយ​នៅ​ស្នាក់ការ​គណបក្ស​យើង​បាន។ ​ដូច​យើង​មិនទាន់​ដល់​ថ្ងៃ​ឃោសនា​អីញ្ចឹង​ ហើយ​យើង​ធ្វើ​អញ្ចឹង​វា​ដូច​ឃោសនា​អញ្ចឹង»។

លោក​ណុប ​សុវណ្ណ ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​តាកែវ ​បាន​និយាយ​ថា​ ជា​ទូទៅ​គណបក្ស​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ខេត្ត​ស្តីអំ​ពី​ការ​រៀបចំ​ វេទិកា ​ឬក៏​ការ​រៀបចំ​ការ​ប្រជុំ​ផ្សេងៗ​ ហើយ​យើង​មិន​ចាំបាច់​សុំ​ច្បាប់​អនុញ្ញាត​អ្វី​បន្ថែម​ទៀត​ទេ។

លោក​បាន​បញ្ជាក់​ថា​ ការ​រារាំង​នេះ​ គឺ​ជា​ការបំបិទ​សិទ្ធិ​សេរីភាព​មួយ​ទៀត ​ក្នុង​ការចូលរួម​សកម្មភាពគណបក្ស​នយោបាយ។

«គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់អំណាច​សព្វ​ថ្ងៃ​នេះ ​មាន​ការ​គាបសង្កត់​ទៅ​លើ​គណបក្ស​នយោបាយ​ដទៃ ​ដែល​កំពុង​តែ​រៀបចំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ។ ​ខ្ញុំ​គិត​ថា​ ‏គេ​គំរាម​យើង​ឈប់។​ គេ​គំរាម​ យើង​ឈប់។​ យើង​ឥតអាច​ធ្វើ​អ្វី​ជូន​ប្រជាពលរដ្ឋ​បាន ​មិនអាច​ផ្សព្វផ្សាយ​គោល​ការណ៍​គណបក្ស​ជូន​ប្រជាពលរដ្ឋ​បាន​ទេ»។

លោក​ជាម​ យៀប​ អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និយាយ​ថា​ គណបក្ស​កាន់​អំណាច ​មិនមាន​គោល​ការណ៍​ទៅ​គំរាម​កំហែង​គណបក្ស​នយោបាយ​ណាមួយ​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ការរៀបចំ​វេទិកា​ណាមួយ​គោរព​ទៅ​តាម​ច្បាប់​ត្រឹមត្រូវ​ទេ ​អាជ្ញាធរ​មិន​រារាំង​ទេ។

«មើល​ប្រធានបទ​យើង​សារ​ឡើងវិញ​ ​ព្រោះ​ថា​ យើង​ត្រូវ​ប្រាប់​ពី​មូលហេតុ ​ឬ​ពីគោលបំណង​និង​ សំណើ​ច្បាស់់លាស់​អំពី​ការ​ប្រជុំ​ហ្នឹង។ ​អាហ្នឹង​យក​ទៅ​គេ​ពិនិត្យ​តាម​ហ្នឹង។ ​កាលណា​ធ្វើ​ទៅ​ដោយ​គ្មាន​ការ​ប៉ះពារ។ ​អាហ្នឹង​គេ​នឹង​អាច​អនុញ្ញាត​ឲ្យ»។

លោក​ចាន់​ សាវ៉េត​ មន្រ្តី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​បាន​និយាយ​ថា ​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបប្រជុំ ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ​ហើយ​ការ​រារាំង​ណាមួយ​ពី​អាជ្ញាធរ ​គឺ​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​ប្រជា​ពលរដ្ឋ។

«ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល ​ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​ឡាយ ​គួរតែ​គោរព​សេរីភាព​នេះ ​ឲ្យ​បាន​មុតមាំទៅ ​ហើយ​នាំ​គ្នា​គោរព​សេរីភាព​នេះ​ឲ្យ​បាន​មុតមាំ​ទៅ​ ធ្វើ​ឲ្យ​ប្រទេស​យើង​អាច​មាន​ការវិវត្តន៍​ទៅ​មុខ​ អាច​ជា​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​បរិបូរណ៌។ ​ក៏ដូច​ជា​ការគោរព​សិទ្ធិ​ពេញ​លេញ ​ដែល​ប្រជា​ពលរដ្ឋ​យើង​ទាំង​អស់​គ្នា​ទាមទារ​ចង់​បាន​បាទ»។

លោក​ចាន់ ​សាវ៉េត​បាន​មាន​ប្រសាសន៍​ទៀត​ថា​ នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ ដែល​អាជ្ញាធរ​បាន​រារាំង។ ​កន្លង​មក​អង្គការ​សង្គម​ស៊ីវិល ​និង​គណបក្ស​នយោបាយ​មួយ​ចំនួន​តែងតែ​រងការ​រំខាន​ពី​អាជ្ញាធរ​ ក្នុង​ការ​រៀបចំ​វេទិកា​សម្តែងមតិ ​ឬក៏​ការ​ជួប​ប្រជុំ​ផ្សេងៗ៕

XS
SM
MD
LG