ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ផ្តល់​លំនៅដ្ឋាន​ដល់​អ្នក​ជំងឺ​អេដស៍


អង្គការ​មនុស្សធម៌​មួយ​នៅកម្ពុជា​ ទើបតែ​បាន​បង្កើត​គម្រោង​មួយ​នៅ​ថ្ងៃនេះ ​ដើម្បីផ្ដល់​លំនៅដ្ឋាន​ដល់​អ្នក​មាន​ជំងឺ​អេដស៍។ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ជួយ​ធ្វើ​ឲ្យ​លក្ខខណ្ឌ​រស់​នៅ​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ការ​ប្រសើរ​ឡើង។

ក្នុង​រយៈពេល​ពីរឆ្នាំ​ទៅ​មុខ​ទៀត អ្នក​ផ្ទុក​ជំងឺ​អេដស៍ និង​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​អេដស៍ចំនួន​៣២០​គ្រួសារ​នឹង​ទទួល​បាន​លំនៅដ្ឋាន​សមរម្យ ​និង​ប្រកប​ដោយ​សុវត្ថិភាព។ អង្គការ​លំនៅដ្ឋាន​មនុស្សធម៌​កម្ពុជា ​(Habitat for Humanity Cambodia) ទើបតែ​បាន​សម្ពោធ​គម្រោង​លំនៅ​ដ្ឋាន​សម្រាប់​អ្នក​ជំងឺ​អេដស៍នេះ​ ​នៅព្រឹក​ថ្ងៃ​អង្គារនេះ។

លោករីក ហាថាវ៉េ ​(Rick Hathaway) ​អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ​លំនៅដ្ឋាន​មនុស្សធម៌​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ឥឡូវ​នេះ​ អង្គការ​របស់​លោក​អាច​ចាប់ផ្ដើម​សកម្មភាព​របស់ ខ្លួន​តាមរយៈ​ការ​កំណត់​គោលដៅ​ចម្បងមួយ គឺ​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ​បំផុត។

គម្រោង​ខាងលើ​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន១២២.០០០ដុល្លារ​អាមេរិក​ពី​មូលនិធិ​ អែលតុន ​ចន​ ដែលជា​ភ្នាក់ងារ​សង្គ្រោះ​ជន​ក្រីក្រ​នៅ​ចក្រភព​អង់គ្លេស។ ផ្ទះ​ចំនួន​១២០នឹង​ត្រូវ​សាង​សង់​ថ្មី ​ហើយ​ផ្ទះ​ចំនួន​២០០​ទៀត​នឹងត្រូវ​ជួសជុល​កែ​លម្អសម្រាប់​អ្នក​ជំងឺអេដស៍​នៅ​តំបន់​ក្រីក្រ​នៃ​ទីក្រុងភ្នំពេញ ​និង​នៅក្នុង​ខេត្ត​ព្រៃវែង ​ក្នុង​ក្របខណ្ឌ័​នៃ​គម្រោង​សាងសង់​លំនៅដ្ឋាន​នេះ។ យោងតាម​តួលេខ​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា ​មាន​អ្នកផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា​សរុប​ចំនួន​ជាង​៦០.​០០០នាក់​ នៅក្នុង​ឆ្នាំ​២០០៨។ ហើយ​អត្រា​ប្រេវ៉ាឡង់​នៃ​ការឆ្លង​ជំងឺ​សង្គម​មួយ​នេះ​មាន​ការ​ថយ​ចុះ​ជា​ប្រចាំ។ សូម​បញ្ជាក់​ថា​ ជាទូទៅ​អ្នក​ជំងឺ​អេដស៍​នៅកម្ពុជា​តែងតែ​រស់នៅ​ក្នុង​ជីវភាព​ដ៏​លំបាក និង​ទទួល​រង​ការ​រើសអើង​ទៀត​ផង។

លោកស្រីម៉េលីសា ក្រូនីន​ មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​ព័ត៌មាន​របស់​អង្គការ​លំនៅដ្ឋាន​មនុស្សធម៌​កម្ពុជា​មាន​ប្រសាសន៍ថា ​អ្នក​ជំងឺ​អេដស៍​ គឺជា​ផ្នែកមួយ​នៃ​មនុស្ស​ជាតិ ហើយ​ពួកគេ​ត្រូវការ​លក្ខខណ្ឌ​រស់នៅ​ល្អ​ប្រសើរ​ដូច​អ្នក​ដទៃ​ទៀត​ដែរ។ លោក​ស្រី​ថ្លែង​ថា៖

«យើង​ត្រូវ​ផ្ដល់​ជម្រក​ស្ថិតស្ថេរ​មួយ​ដល់​ពួកគេ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ពួក​គេ។ ហើយ​កុមារ​កំព្រានិង​ងាយ​រងគ្រោះ​ដែល​ត្រូវការ​លំនៅ​ដ្ឋាននេះ»។

លោកតែង គន្ធី ​អគ្គលេខាធិការ​នៃ​អជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺ​អេដស៍​ មាន​ប្រសាសន៍​ថា ​លោក​អបអរ​សាទរ​ចំពោះ​ការ​យកចិត្ត​ទុកដាក់​ពី​សង្គម​ស៊ីវិល​លើ​អ្នក​ជំងឺ​អេដស៍​នេះ ​ក៏ប៉ុន្ដែ​លោក​គិតថា ​អ្នក​ជំងឺ​អេដស៍​ត្រូវការ​ថ្នាំ​ព្យាបាល​ចាំបាច់​ជាង។ លោក​បន្តថា៖

«អ្វី​ដែល​យើង​ចង់​ឲ្យ​ទៅ​អ្នក​ដែល​រស់នៅ​ជាមួយ​នឹង​មេរោគ​អេដស៍ ​លោក​ទទួល​បាន​នោះ ​គឺ​សំខាន់​បំផុត​ថ្នាំ​ពន្យា​រ រួមទាំង​អាហារ​រូបត្ថម្ភ​ផ្សេងៗ បើសិន​ជា​គាត់​មាន​ការខ្វះខាត​ទាក់ទង​ជាមួយ​នឹង​បញ្ហា​ហ្នឹង»។

លោកតែង គន្ធី ​មាន​ប្រសាសន៍​បន្ថែម​ថា តម្រូវការ​លំនៅដ្ឋាន​របស់​អ្នក​ជំងឺ​អេដស៍ ​គឺជា​តម្រូវការ​បន្ទាប់​បន្សំ។ ក្នុង​ពេលនេះ​រដ្ឋាភិបាល​ មាន​ថ្នាំ​ពន្យា​សម្រាប់​ផ្ដល់​ដល់​អ្នក​មានជំងឺ​អេដស៍​ក្នុង​ប្រទេស​រហូត​ដល់​រយៈពេល​ប្រាំឆ្នាំ​ទៅមុខ​ទៀត៕

XS
SM
MD
LG