នគរបាលបានបំបែកអ្នកភូមិបូរីកីឡាប្រមាណ៥០នាក់ ដែលបានធ្វើការតវ៉ានៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ ដើម្បីសម្តែងពីការភ័យខ្លាចបាត់បង់សិទ្ធិទទួលបានផ្ទះសម្រាប់ការអភិវឌ្ឍនៅនឹងកន្លែងរបស់ពួកគាត់។
អ្នកតវ៉ាប្រមាណ៥០នាក់នេះ តំណាងឱ្យប្រជាពលរដ្ឋចំនួន៣៨៤គ្រួសារ ដែលមានជីវភាពក្រីក្រលំបាក រស់នៅក្នុងសហគមន៍បូរីកីឡា ខណ្ឌ៧មករា។ នេះបើតាមលិខិតជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមានស្នាមមេដៃ។
កងកម្លាំងនគរបាល បានរុញច្រានអ្នកតវ៉ាបូរីកីឡាឱ្យចេញពីផ្លូវថ្នល់មុខលំនៅដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅទីក្រុងតាខ្មៅខេត្តកណ្តាល និងអ្នកតវ៉ាម្នាក់ត្រូវបាននគរបាលវាយឱ្យរងរបួសធ្ងន់ក្នុងការប៉ះទង្គិចគ្នា។
លោកស្រីភួង សុភាព អាយុ៣៧ឆ្នាំ រស់នៅភូមិ១២ សង្កាត់វាលវង្ស ខណ្ឌ៧មករា បាននិយាយថា នគរបាលមិន គួរប្រើអំពើហិង្សាមកលើអ្នកតវ៉ាអហិង្សាដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយធ្វើអន្តរាគមន៍អំពីការកសាងអាគារតាមការសន្យា។
«ព្រឹកម៉ិញ ពួកខ្ញុំទៅតវ៉ានៅមុខផ្ទះសម្តេច។ ស្រាប់តែមានកងកម្លាំងប្រដាប់អាវុធមួយក្រុម បានមកប្រតាយប្រតប់វាយនាងខ្ញុំ។ អ្នកខ្លះដួលដាច់ជើងដាច់ដៃរហែកខោរហែកអាវរបស់ស្រី។ នគរបាលវាយប្រជាពលរដ្ឋកុំឱ្យយើងទៅតវ៉ា។ យើងទៅតវ៉ាសុំសាងសង់បង្គ្រប់ដប់អាគារ។ ប៉ុន្តែឥឡូវនេះ វា (ក្រុមហ៊ុន) ធ្វើតែប្រាំបីអាគារទេ។ អញ្ចឹងវាខ្វះពួកខ្ញុំ។ អាគារទីប្រាំបួន និងអាគារទីដប់ ដែលពួកខ្ញុំរង់ចាំឡើងទៅនៅនេះ មិនអត់។ ដល់អត់ ពួកខ្ញុំធ្វើការតវ៉ាឱ្យកសាងពីរអាគារទៀត ឱ្យគ្រប់ចំនួនដប់អាគារ ដូចសម្តេចសម្បទានឱ្យសហគមន៍បូរីកីឡា»។
លោកស្រីហោ ចិន្តា អាយុ៣១ឆ្នាំដែលបានរងរបួស បាននិយាយថានគរបាលបានប្រើអំពើហិង្សា ដើម្បី រារាំងអ្នកតវ៉ាមិនឱ្យបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
«នរគបាលបានវាយខ្ញុំចំជើង ក្បាលជង្គង់ និងទ្រូង ពីព្រោះនគរបាលមិនចង់ឱ្យពួកខ្ញុំឈរជួបសម្តេច។ ពួកខ្ញុំ ចង់ជួបសម្តេចឱ្យជួយអន្តរាគមន៍»។
លោកឆេង សុភ័ស្ត មន្ត្រីឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថាសកម្មភាពរបស់នគរបាលបានរំលោភសិទ្ធិមនុស្សនិងមិនគោរពសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
តំបន់បូរីកីឡាមានផ្ទៃដីទំហំសរុប១៤,៦០ហិកតា។ ក្នុងឆ្នាំ២០០៣ រដ្ឋាភិបាលបានប្រគល់ដីទំហំ២,៦០ ហិកតាទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ជាថ្នូរនឹងការកសាងអាគារចំនួនដប់ដែលមានកម្ពស់ប្រាំមួយជាន់លើផ្ទៃដីទំហំពីរហិកតាសម្រាប់ការអភិវឌ្ឍនៅនឹងកន្លែងរបស់ប្រជាពលរដ្ឋចំនួន១.៣៩២គ្រួសារ ហើយដីនៅសល់ចំនួនដប់ហិកតាទៀតជាកម្មសិទ្ធិរបស់រដ្ឋ។
លោក ហ៊ឹម ចក់ សមាជិកគណៈកម្មការអភិវឌ្ឍន៍សហគមន៍បូរីកីឡា បាននិយាយថាអ្នកភូមិបូរីកីឡាមានការព្រួយបារម្ភខ្លាចមិនទទួលបានផ្ទះនិងនាំគ្នាទៅតវ៉ានៅមុខផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្នុងចំណោមអ្នកតវ៉ាអ្នកខ្លះ មានឈ្មោះទទួលបានផ្ទះនិងអ្នកខ្លះមិនមានឈ្មោះទទួលបានផ្ទះដោយសារគ្មានឯកសារទទួលស្គាល់ពីអាជ្ញាធរ។
លោក ហ៊ឹម ចក់ បានពន្យល់ថាគណៈកម្មការអភិវឌ្ឍន៍សហគមន៍បូរីកីឡា បានសម្រេចកសាងចំនួនត្រឹមប្រាំបីអាគារគ្រប់គ្រាន់ហើយសម្រាប់អ្នកមានឯកសារត្រឹមត្រូវ ដែលទទួលស្គាល់ដោយអាជ្ញាធរពីឆ្នាំ២០០០។
«ខ្ញុំបាទដាក់ចំនួន១០អាគារឱ្យលើស បើមានបញ្ហាអ្វីយើងបញ្ចុះមកវិញ វាងាយស្រួល។ បើយើងដាក់សំណើសុំប្រាំបីអាគារយើងស្នើសុំលើកទីពីរ វាពិបាកណាស់។ យើងត្រូវដាក់ឱ្យលើសចំនួនសិនទៅវាងាយស្រួល យើងបន្ថយចុះមកវិញ នៅពេលយើងពិនិត្យចំនួនមនុស្សជាក់ស្តែង»។
លោកសោម សុវណ្ណ អភិបាលខណ្ឌ៧មករា បានថ្លែងថា គម្រោងកសាងអាគារតម្រូវតាមចំនួនប្រជាពលរដ្ឋជាក់ស្តែងដែលមានឯកសារទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរ ហើយគ្មានគ្រួសារស្របច្បាប់ណាមួយត្រូវបានបាត់បង់សិទ្ធិទទួលបានផ្ទះនេះទេ។
«គោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ហើយថាប្រជាពលរដ្ឋគ្រប់លក្ខណៈសម្បត្តិ ត្រូវបានទទួលផ្ទះ។ រដ្ឋត្រូវតែផ្តល់ផ្ទះជូនគាត់គ្រប់ៗគ្នាហើយ។ រដ្ឋត្រូវតែផ្គត់ផ្គង់ទីលំនៅដ្ឋានជូនគាត់ហើយ»។
លោក ហ៊ឹម ចក់ បានបញ្ជាក់ថា ឥឡូវនេះ ប្រជាពលរដ្ឋចំនួន១.០៤៤គ្រួសារ បានចូលទៅរស់នៅក្នុងអាគារចំនួនប្រាំមួយរួចហើយ រីឯអាគារពីរទៀតកំពុងដំណើរការសាងសង់សម្រាប់ប្រជាពលរដ្ឋចំនួន ៣៤៨គ្រួសារ៕