ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​បាន​ចាប់​ខ្លួន​​និង​វាយ​ដុំ​មេ​ដឹកនាំ​បាតុ​កម្ម​អ្នក​ភូមិ​បឹងកក់


ប្រជាពលរដ្ឋ​​រស់​នៅ​តំបន់​បឹង​កក់​ធ្វើ​ការ​​តវ៉ា​ឲ្យ​លោក​ Ban Ki-moon អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ជួយ​រក​ដំណោះ​ស្រាយ​ឲ្យ។
ប្រជាពលរដ្ឋ​​រស់​នៅ​តំបន់​បឹង​កក់​ធ្វើ​ការ​​តវ៉ា​ឲ្យ​លោក​ Ban Ki-moon អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ជួយ​រក​ដំណោះ​ស្រាយ​ឲ្យ។

មេដឹកនាំ​តវ៉ា​ម្នាក់​បាន​ទទួល​រងរបួស​ជា​ទម្ងន់​ និង​អ្នក​តវ៉ា​ជា​ស្ត្រី​បួន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ខណៈ​ដែល​ប៉ូលិស​បាន​ប៉ះទង្គិច​ជាមួយ​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់​ដែល​ប៉ុនប៉ង​ចូល​ទៅ​សម្តែង​មតិ​ប្រាប់​លោក​ Ban Ki-moon ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​អំពី​ទុក្ខ​ព្រួយ​របស់​ពួក​គាត់​ដោយសារ​ការ​បណ្តេញ​ចេញដោយ​បង្ខំ។ ​អង្គការ​សិទ្ធិ​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​នេះ​ និង​បាន​សម្តែង​នូវ​ការ​អាណិត​អាសូរ​ចំពោះ​ជន​រងគ្រោះ។

នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ​កង​សន្តិសុខ​ប៉ូលិស​បាន​ចាប់​ខ្លួន ​និង​វាយ​ដុំ​មេ​ដឹកនាំ​បាតុកម្ម​ដែល​ប៉ុនប៉ង​ដឹកនាំ​អ្នក​ភូមិ​បឹងកក់​ប្រមាណ​៣០​នាក់​ចូល​ទៅ​ក្បែរ​ក្បួន​រថយន្ត​របស់​លោក ​Ban Ki-moon ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ ​ដើម្បី​សម្តែង​ទុក្ខ​កង្វល់​អំពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

កង​សន្តិសុខ​ប៉ូលិស​ជាង​៣០០​នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​ ដំបងឆក់​ និង​ខែល​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​មុខ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត​ និង​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​អ្នក​តវ៉ា​ និង​បាន​ចាប់​ខ្លួន​មេ​ដឹកនាំ​ធ្វើ​ការ​តវ៉ា។

កង​បង្ក្រាប​បាតុកម្ម​បានសម្រុក​ចូល​ទៅ​ចាប់​មេ​ដឹកនាំ​ធ្វើ​ការ​តវ៉ា​ដែល​ការពារ​ដោយ​អ្នក​តវ៉ា​ជា​ស្ត្រី​ប្រមាណ​១០​នាក់។ ​ប៉ូលិស​បាន​ចាប់​គ្រៀក​ក ​និង​វាយ​បែក​ក្បាល​លោក​សួន សុភ័ណ្ឌ​ ​ចេញ​ឈាម​ ​មុន​នឹង​ដាក់​ចូល​ទៅ​ក្នុង​រថយន្ត​ប៉ូលិស​ ​ដឹក​ទៅ​កាន់​សាលា​ខណ្ឌ​ចំការមន​ ​បន្ទាប់​មក​ដឹក​ទៅ​កាន់​ខណ្ឌ​ដូនពេញ​ មុន​នឹង​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ។ ​ក្បាល​របស់​លោក​សួន សុភ័ណ្ឌ​បានហូរ​ឈាម​ និង​មាន​អការៈ​ហាក់​ដូច​ជា​មិន​ដឹង​ខ្លួន​ ​នេះ​បើ​យោង​តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក។

លោក ​សួន សុភ័ណ្ឌ ​មេ​ដឹកនាំ​តវ៉ា​ ​បាន​ថ្លែង​ ​មុន​ពេល​ចាប់​ខ្លួន​ថា​ ​លោក​មក​ទី​នេះ​ដើម្បី​ទាមទារ​សិទ្ធិ ​និង​ដើម្បី​ការពារ​សិទ្ធិ​ ​ប៉ុន្តែ​ប៉ូលិស​បាន​បំបែក​ក្រុម​អ្នក​តវ៉ា។

លោក​សួន សុភ័ណ្ឌ​បានបន្ត​ថា​ ​លោក​មាន​ការ​សោក​ស្តាយ​ណាស់​ចំពោះ​ការ​រារាំង​របស់​អាជ្ញាធរ​នេះ។

«ជយោ! ប្រជា​ពលរដ្ឋ​ខ្មែរ។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​រំលោភ​ច្បាប់​យ៉ាង​គឃ្លើន។ ​ថ្ងៃ​នេះ​គ្រាន់​តែ​ប្រជា​ពលរដ្ឋ​មួយ​ក្តាប់​តូច​មក​ចង់​ជួប​ និង​មក​ដាក់​ញត្តិ​ជូន​លោក​ Ban Ki-moon ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ ​តែ​ត្រូវ​បាន​គេ​ហាមប្រាម​ ​គេ​បំបែក​កម្លាំង។ ​ខ្ញុំ​ព្យាយាម​រៀប​កម្លាំង​ ​តែ​នៅ​តែ​គេ​បំបែក។»

អ្នក​តវ៉ា​ជា​ស្ត្រី​ប្រមាណ​១០​នាក់​បាន​នាំគ្នា​ឡោមព័ទ្ធ​ជុំវិញ​លោក​សួន សុភ័ណ្ឌ​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​មេ​ដឹកនាំ​ធ្វើ​ការ​តវ៉ា ដើម្បី​កុំឲ្យ​ប៉ូលិស​ចាប់​ខ្លួន។

អ្នកស្រី​គង់ ចាន់ថា ​អាយុ​៤២​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​២៤​នៃ​សហគមន៍​បឹងកក​ ​បាន​ថ្លែង​ ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​ធ្វើ​ការ​តវ៉ា​ថា​ ​អ្នក​ស្រី​មាន​ការ​ឈឺចាប់​ណាស់​ដែល​អាជ្ញាធរ​បាន​រំលោភ​បំពាន​មក​លើ​ប្រជា​ពលរដ្ឋ​បឹងកក់​ និង​ការ​បណ្តេញ​ចេញ​ពួក​គាត់​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខំ។

«ប៉ូលិស​សាហាវ​ណាស់។ ប៉ូលិស​បាន​ដាល់​ខ្ញុំ។ ​នេះ​ហើយ​ជា​ស្លាក​ស្នាម។​ លោក​ Ban Ki-moon ​ជួយ​មើល​ពួក​ខ្ញុំ​ផង។ ​ប៉ូលិស​អាក្រក់​ណាស់​ ​មក​វ៉ៃ​មនុស្ស​ឈាម​ក្បាល។ ​គាត់​មក​ដាល់​ខ្ញុំ។​ គាត់​មកវ៉ៃ​ខ្ញុំ។ ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់»។

លោក​ស៊ៀ ភារ៉ុម ​នាយ​លេខា​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ បាន​បញ្ជាក់​ថា​ ​នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​នេះ​ អ្នក​តវ៉ា​ជា​ស្ត្រី​បួន​នាក់​បាន​រង​របួស​ដោយ​ហើម​មុខ​ ​ដៃ​ និង​ស្នាម​របួស​ក្បាល​ជង្គង់។

«ខ្ញុំ​ឃើញ​គាត់​ក្អួត​ធ្លាក់​ឈាម​តាម​មាត់។ ​យើង​មិន​ទាន់​បាន​ដឹង​អំពី​ការ​ពិនិត្យ​រោគ​វិនិច្ឆ័យ​របស់​គ្រូពេទ្យ​នៅ​ឡើយ​ទេ។​ ក្បាល​របស់​គាត់​ឃើញ​មាន​ស្នាម​បែក​ចេញ​ឈាម។ ​ផ្ទៃ​មុខ​របស់​គាត់​ហើម​ខ្លាំង​តែ​ម្តង»។

លោក​ស្រី​ពុង ​ឈីវកេក​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ Licadho​ បាន​ថ្កោល​ទោស​អំពើ​ហិង្សា​នេះ។

លោកស្រី​បាន​បញ្ជាក់​ថា​ ​លោក​ស្រី​សូមសម្តែង​នូវ​ការ​អាណិត​អាសូរ​ជន​រងគ្រោះ ​និង​មិន​ចង់​ឃើញ​អំពើ​ហិង្សា​បែប​នេះ​កើត​ឡើង​នៅ​ពេល​អនាគត​ម្តង​ទៀត​ទេ។

មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា​ ​អំពើ​ហិង្សា​នេះ​បាន​កើត​មាន​ឡើង​ ​ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​មិន​បាន​គោរព​បទ​បញ្ជា​របស់​ប៉ូលិស៕

XS
SM
MD
LG