ភ្នំពេញ៖ ក្រុមនិស្សិត និងអង្គការគាំទ្រយុវជនបានបង្ហាញជំហរស្របៗគ្នាគាំទ្រការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដោយលោកស្រីហ៊ីលឡេរី គ្លីនតុន។ ប្រតិកម្មបែបនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រីគ្លីនតុនមានប្រសាសន៍ជាចំហទៅកាន់ក្រុមនិស្សិត ដោយលោកស្រីចង់ឲ្យក្រុមយុវជនផ្លាស់ប្ដូរអនាគតថ្មីសម្រាប់ប្រទេសកម្ពុជា។
ក្រុមនិស្សិត និងសមាគមគាំទ្រក្រុមយុវជនបានស្វាគមន៍ការជំរុញដោយលោកស្រីរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡេរី គ្លីនតុន ហើយពួកគេចង់ឃើញទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែខិតជិតគ្នាជាងមុន។
កាលពីថ្ងៃច័ន្ទ លោកស្រីប្រមុខការទូតសហរដ្ឋអាមេរិកបានថ្លែងទៅកាន់ក្រុមនិស្សិតមកពីសកលវិទ្យាល័យផ្សេងៗ ក្នុងទីក្រុងភ្នំពេញថា ពួកគេត្រូវបង្កើតអនាគតថ្មីរបស់ប្រទេសកម្ពុជា។ ហើយលោកស្រីក៏ចង់ទទួលយោបល់ពីពួកគេ ថាតើពួកគេចង់ឃើញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាវិវត្តយ៉ាងដូចម្ដេចនៅប៉ុន្មានឆ្នាំខាងមុខនេះ។
លោកព្រាប កុល ប្រធានអង្គការក្រុមយុវជនឈានមុខ ដែលបណ្ដុះឲ្យមានការចែករំលែកបទពិសោធន៍រវាងក្រុមយុវជន។ លោកព្រាម កុល អធិប្បាយថា ការជំរុញរបស់លោកស្រី គ្លីនតុនគឺជាការផ្ដល់ក្ដីសង្ឃឹមយ៉ាងធំធេងដល់យុវជនកម្ពុជា។
“លោកស្រី ហ៊ីលឡេរី បានផ្ដល់កម្លាំងចិត្តនិងបានផ្ដល់សេចក្ដីសង្ឃឹមយ៉ាងធំ ហើយយើងជាយុវជនមានការពេញចិត្ត និងសប្បាយចិត្ត។ គាត់មើលឃើញទស្សនវិស័យ មើលឃើញអនាគតអ្នកជំនាន់ក្រោយ គឺមានលក្ខណៈថ្មីស្រឡាង មិនជាប់ជំពាក់វាក់វិនជាមួយនឹងរឿងអតីតកាលនៅស្រុកខ្មែរទេ"។
ទោះជាយ៉ាងណា លោកព្រាប កុលមានការសោកស្ដាយថា បុគ្គលិករដ្ឋាភិបាលមួយចំនួនបានក្រាញ មិនព្រមចាកចេញពីការងារ នៅពេលដែលខ្លួនដល់អាយុចូលនិវត្តន៍ ដោយមិនផ្ដល់ឱកាសការងារដល់យុវជនជំនាន់ក្រោយ។
ដោយឡែក កញ្ញាស៊ុន ច័ន្ទសេន ប្រធានសមាគមយុវជនខ្មែរ បានគាំទ្រការលើកឡើងរបស់លោកស្រីហ៊ីលឡេរី គ្លីនតុន។ ប៉ុន្ដែប្រធានសមាគមដដែលត្អូញត្អែរថា រដ្ឋាភិបាលខ្វះការលើកទឹកចិត្តដល់ក្រុមយុវជន។
“ឱកាសដែលបើកឲ្យមានការចូលរួមពីយុវជននៅមានកម្រិត។ មួយទៀតស្នាដៃរបស់យុវជនអត់ត្រូវបានគេកត់ត្រា ដើម្បីបង្ហាញដល់យុវជនផ្សេងទៀត ឲ្យពិនិត្យមើលគំរូមួយចំនួនក្នុងចំណោមយុវជនគ្នាឯងទេ។ អញ្ចឹងការសម្រេចចិត្តមួយចំនួនដែលពាក់ព័ន្ធទៅនឹងអ្វីដែលយុវជនចង់បាន និងចង់ឲ្យទៅសង្គមវិញនោះ គឺអត់មាន"។
កញ្ញាស៊ុន ច័ន្ទសេនបន្ថែមថា បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅមិនទាន់មានភាពស្និទ្ធស្នាលខ្លាំងនៅឡើយ ថ្វីបើសហរដ្ឋអាមេរិកបានជួយឧត្ថម្ភកម្ពុជាជាច្រើន ជាពិសេសការជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជាក៏ដោយ។ ហេតុដូច្នេះហើយ បានជាលោកវ៉េង រចនា និស្សិតឆ្នាំទី៤ នៃវិទ្យាស្ថានភាសាបរទេស ក្រុងភ្នំពេញ ចង់ឃើញប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាថែមទៀត។
“ខ្ញុំគិតថា បើកាន់តែស្អិតល្មួត កាន់តែជិតស្និទ្ធគឺកាន់តែល្អ។ ទីមួយគឺអាចពង្រឹងវិស័យអប់រំដែរ។ ដូចឥឡូវនេះមានការប្ដូរកម្មវិធីសិក្សាគ្នា ឬកម្មវិធីសម្រាប់សិក្សាយកអនុបណ្ឌិត ទៅរៀននៅអាមេរិក។ ហើយបើកាល ណាយើងចងសម្ព័ន្ធភាពជាមួយគេ ការវិនិយោគទុនមកស្រុកខ្មែរនឹងមាន ទោះតិចឬក៏ច្រើន"។
មានក្រុមហ៊ុនធំៗមកពីសហរដ្ឋអាមេរិកមួយចំនួនបានមកបណ្ដាក់ទុននៅប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនរុករកស្រាវជ្រាវ និងអភិវឌ្ឍប្រេងកាត ដូចជា Chevron ជាដើម។ ក៏ប៉ុន្ដែការវិនិយោគមកពីសហរដ្ឋអាមេរិកនៅមានចំនួនតិចតួចនៅឡើយ។
ដូចគ្នានេះដែរ កញ្ញាសុខភុំ សុផាណា និស្សិតផ្នែកធនាគារ ឆ្នាំទីបីនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច យល់ថា កិច្ចសហការល្អរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិកនឹងនាំមកនូវការរីកចម្រើនឆាប់រហ័ស។ ហើយនាងយល់ថា នៅពេលនេះ យុវជនខ្មែរកំពុងតែប្រឹងប្រែងអភិវឌ្ឈន៍ខ្លួនឯង ក៏ប៉ុន្ដែអ្នកដឹកនាំប្រទេសត្រូវប្រឹងប្រែងផ្ដល់ឱកាសការងារឲ្យបានគ្រប់គ្រាន់សម្រាប់ក្រុមយុវជន។
«ខ្ញុំគិតថា ទស្សនៈ របស់គាត់ល្អណាស់។ សំខាន់គឺយើងជាយុវជន យើងត្រូវប្រឹងប្រែងតទៅមុខទៀត។ ឥឡូវនេះ និស្សិតមួយចំនួនមានការខកចិត្ត មួយចំនួនចប់ការសិក្សាហើយអត់ការងារធ្វើ។ ធ្វើយ៉ាងម៉េចជួយលើកទឹកចិត្តដល់យុវជន ដើម្បីឲ្យគាត់មានការប្រឹងប្រែងរៀនសូត្រ ហើយថ្ងៃខាងមុខត្រូវតែមានការ ងារធ្វើ"។
ទាំងមន្ដ្រីរដ្ឋាភិបាល មន្ដ្រីសង្គមស៊ីវិល និងមន្ដ្រីគណបក្សជំទាស់សុទ្ធតែបានយល់ស្របលើចក្ខុវិស័យរបស់លោកស្រីហ៊ីលឡេរី គ្លីនតុន ក្នុងការជំរុញស្រទាប់យុវជនឲ្យបង្កើតអនាគតថ្មីសម្រាប់ប្រទេសកម្ពុជា។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏យល់ស្របដែរថា ទស្សនរបស់ប្រមុខការទូតសហរដ្ឋអាមេរិកគឺជាសារលើកទឹកចិត្ត ហើយមិនមែនជាការវាយប្រហារទេ។ ប៉ុន្ដែលោកផៃ ស៊ីផានព្រមានថា យុវជនត្រូវតែថ្លឹងថ្លែងចំពោះជម្រើសនៃការភ្ជាប់មិត្តភាពជាមួយប្រទេសដទៃដែរ។
«យុវជនមិនមែនមានបំណងត្រឹមតែពង្រឹងមិត្តភាព ទំនាក់ទំនងល្អ និងសហប្រតិបត្តិការរឹងមាំរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ គេត្រូវតែបំពេញបន្ថែមជាមួយនឹងប្រទេសដទៃទៀត ដើម្បីឲ្យគេមានឱកាស ហើយនិងឲ្យមានជំរើស ដើម្បីរក្សាតុល្យភាពរវាងគំនាបឥទ្ធិពលនៃប្រទេសធំៗមកលើ ប្រទេសតូច ដូចប្រទេសកម្ពុជា"។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី យល់ថា លោកស្រី គ្លីនតុនចង់ឲ្យក្រុមយុវជនកែសង្គមខ្មែរបច្ចុប្បន្ន ដែលរុំព័ទ្ធដោយការរិះគន់នោះ។
“លោកចង់ឲ្យយុវជនមានគំនិតថ្មី មានប្រាជ្ញាថ្មី មានឧត្តមគតិជាតិថ្មី ដើម្បីដឹកនាំប្រទេសទៅរកសករាជថ្មីមួយ ពីព្រោះឥឡូវនេះប្រទេសកម្ពុជាជោគជាំទៅដោយអំពើពុករលួយ រំលោភសិទ្ធិមនុស្ស។ គឺចលនាយុវជនខ្មែរហ្នឹងហើយដែលជាអ្នកក្លាយទៅជាមេដឹកនាំប្រទេសដ៏ស្អាតស្អំក្នុងពេលអនាគត"។
សហរដ្ឋអាមេរិកគឺជាប្រទេសដៃគូអភិឌ្ឈន៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ លោកស្រីគ្លីនតុនមានប្រសាសន៍ប្រាប់ក្រុមនិស្សិត កាលពីម្សិលមិញថា រ ដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយជាង៧០លានដុល្លារនៅក្នុងឆ្នាំ២០១០ នេះដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសដ៏ក្រីក្រមួយនេះ។ លោកស្រីហ៊ីលឡេរី គ្លីនតុនសង្កត់ធ្ងន់ថា ដើម្បីបង្កបរិយាកាសវិនិយោគកាន់តែប្រសើរឡើង ប្រទេសកម្ពុជាត្រូវតែធានាដល់ប្រព័ន្ធច្បាប់ការពារដល់អ្នកវិនិយោគ និងត្រូវប្រឆាំងអំពើពុករលួយ ដែលជាឧបសគ្គដល់ការវិនិយោគបរទេស៕