ភ្នំពេញ៖ លោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចង់ឱ្យសាលាក្តីពិសេសខ្មែរក្រហមធ្វើការជំនុំជម្រះសំណុំរឿងលេខ០០២ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីលោកស្រីបានមកទស្សនាកន្លែងកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃរបស់របបខ្មែរក្រហមនៅមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ លោកស្រី Hillary Clinton បានបញ្ជាក់ថា លោកស្រីកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីនាំយកអ្នកទទួលខុសត្រូវចំពោះអំពើឃោរឃៅព្រៃផ្សៃនេះ មករកជំនុំជម្រះទោស។
នៅថ្ងៃច័ន្ទនេះ លោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានអំពាវនាវដល់សាលាក្តីពិសេសខ្មែរឲ្យបង្កើនល្បឿនជំនុំជម្រះសំណុំរឿងលេខ០០២ ទាក់ទងនឹងអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួនបួននាក់ ដែលទទួលខុសត្រូវចំពោះមរណភាពរបស់ប្រជាពលរដ្ឋខ្មែរប្រមាណ២០០០០០០នាក់ នៅចុងទសវត្សរ៍១៩៧០។ អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួននាក់ជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿង០០២នេះ រួមមាន នួន ជា អតីតប្រធានមនោគមន៍វិជ្ជានយោបាយ ខៀវ សំផន អតីតគណៈប្រធានរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងអៀង ធារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច កំពុងជាប់គុករបស់សាលាក្តីពិសេសខ្មែរក្រហមរង់ចាំការជំនុំជម្រះទោស។ លោកស្រី Hillary Clinton បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីជំនួបជាមួយលោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាថា៖
«ខ្ញុំចង់ឃើញសំណុំរឿងលេខ០០២ត្រូវនាំយកទៅជំនុំជម្រះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយខ្ញុំផ្ទាល់នឹងខិតខំជួយរៃអង្គាសប្រាក់សម្រាប់សាលាក្តីខ្មែរក្រហម»។
លោករាជ សម្បត្តិ ប្រធានការិយាល័យកិច្ចការសាធារណៈនៃសាលាក្តីពិសេសខ្មែរក្រហមបានថ្លែងថា សហចៅក្រមជាតិ និងអន្តរជាតិកំពុងធ្វើការយ៉ាងមមាញឹកដើម្បីធ្វើការជំនុំជម្រះសំណុំរឿង លេខ០០២នេះ តាមការគ្រោងទុក។
«សំណុំរឿងលេខ០០២នេះ សហចៅក្រមស៊ើបអង្កេតបានបញ្ជូនដីកាដំណោះស្រាយ ដើម្បីទៅជំនុំជម្រះក្តីហើយ។ អញ្ចឹងនៅក្នុងឆ្នាំក្រោយ ចន្លោះពីខែមករា និងខែមិថុនា នឹងមានការជំនុំជម្រះក្តីសំណុំរឿងលេខ០០២ តាមការគ្រោងទុក ហើយយើងយល់ថា កិច្ចការនេះ ទាំងចៅក្រមជាតិនិងអន្តរជាតិព្យាយាមធ្វើឱ្យបានលឿនតាមកាលវិភាគ»។
បន្ទាប់ពីទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លោកស្រីបានហៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនេះថា ជាកន្លែងដ៏រន្ធត់នៃការឈឺចាប់ នៅពេលដែលលោកស្រីបានសំឡឹងមើលរូបភាពនៃមុខក្មេងពីរនាក់ ដែលត្រូវបានសម្លាប់នៅក្នុងមជ្ឈមណ្ឌលធ្វើទារុណកម្មដ៏ធំនៃរបបខ្មែរក្រហមនៅចុងទសវត្សរ៍១៩៧០ ក្រោមការដឹកនាំរបស់កាំង ហ្គិចអ៊ាវ ហៅ ឌុច។ នៅក្នុងខែកក្កដា សាលាក្តីពិសេសខ្មែរក្រហមបានកាត់ទោសអតីតប្រធានគុកទួលស្លែងកាំង ហ្គេក អ៊ាវ ហៅឌុច ឱ្យជាប់គុកចំនួន៣៥ ឆ្នាំ ចំពោះការសម្លាប់អ្នកទោស១៥០០០នាក់ រួមមានបុរសស្ត្រី និងកុមារនៅចុងទសវត្សរ៍១៩៧០។
លោកស្រី Hillary Clinton បានបញ្ជាក់ថា សាលាក្តីខ្មែរក្រហមកំពុងនាំយកមនុស្សមួយចំនួន ដែលបានបណ្តាលឱ្យមានការឈឺចាប់យ៉ាងខ្លាំងមកជំនុំជម្រះទោស ហើយការងាររបស់សាលាក្តីខ្មែរក្រហមមានការឈឺចុកចាប់ ប៉ុន្តែវាចាំបាច់ធានាសន្តិភាពយូរអង្វែង។
លោកស្រី Hillary Clinton បានសម្តែងនូវក្តីសង្ឃឹមថា អ្នកទទួលខុសត្រូវចំពោះការប្រព្រឹត្តអំពើសាហាវឃោរឃៅរបស់របបខ្មែរក្រហមក្នុងអំឡុងទស្សនាមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ លោកស្រី Hillary Clinton បានបញ្ជាក់ថា លោកស្រីកំពុងធ្វើការយ៉ាងខ្លាំងដើម្បីនាំយកអ្នកទទួល ខុសត្រូវចំពោះអំពើឃោរឃៅព្រៃផ្សៃនេះមករកយុត្តិធម៌។
លោកស្រី Hillary Clinton បានថ្លែងថា លោកស្រីស្វាគមន៍កិច្ចខំប្រឹងប្រែងរបស់សាលាក្តីខ្មែរក្រហម ដើម្បីនាំយកយុត្តិធម៌មកជូនជនរងគ្រោះ។
លោកស្រី Hillary Clinton បានបន្ថែមថា លោកស្រីអាចធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា អង្គការ សហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីធានាថា យើងមានធនធានតាមតម្រូវការសម្រាប់ ដំណើរការករណីសំណុំរឿងលេខ០០២នេះ៕