ជន សក្តា៖ សមាជិកគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលបានយល់ស្របគ្នាជាមួយគំនិតរបស់លោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអំពីការបន្តបើកការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ខណៈដែលរដ្ឋាភិបាលកម្ពុជាបានព្រមានបិទការិយាល័យសិទ្ធិមនុស្សនេះ។ អង្គការសង្គមស៊ីវិលបាននិយាយថា ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះបានផ្តល់ផលវិជ្ជមានច្រើនជាងផលអវិជ្ជមានដល់ប្រទេសកម្ពុជាព្រមទាំងផ្តល់កេរ្តិ៍ឈ្មោះល្អដល់រដ្ឋាភិបាលកម្ពុជាថែមទៀតផង។
នៅថ្ងៃអង្គារនេះ ក្រុមមន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលបានផ្តល់ការគាំទ្ររបស់ខ្លួន ចំពោះគោលជំហររបស់លោកស្រី Hillary Clinton ក្នុងការប្រឆាំងនឹងការបិទការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានព្រមានបិទការិយាល័យនេះ ប៉ុន្តែលោកស្រីបានការពារការិយាល័យនេះ។
លោកស្រី Hillary Clinton បានហៅការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះថា ជាធនធានដ៏មានតម្លៃ ដែលផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាល និងធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ទាំងអង្គការជាតិ និងអន្តរជាតិអំពីកង្វល់មួយចំនួនដែលរួមមានសិទ្ធិមនុស្ស ការជួញដូរមនុស្ស និងនីតិរដ្ឋ។ ដូច្នេះស.រ.អ.គិតថា ការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺសកម្មគ្រប់របៀប ដែលបំពេញអ្វីដែលរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាធ្វើ ហើយស.រ.អ.គិតថា ការងារនេះមានសារៈសំខាន់ ហើយស.រ.អ.ចង់ឃើញការិយាល័យ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបន្ត។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា គណបក្សប្រឆាំងត្រូវការការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងរាយការណ៍ទៅអង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
«យើងសូមស្វាគមន៍ និងសូមអរគុណចំពោះសេចក្តីសម្រេចរបស់លោកស្រី Hillary Clintonទាក់ទង នឹងការគាំទ្រមិនឱ្យបិទការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ពីព្រោះស្ថាន ភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាប្រៀបធៀបទៅនឹងពេលអតីតកាលកំពុងចុះដុនដាប»។
លោកស្រីពុង ឈីវកេក នាយីកាអង្គការសិទ្ធិមនុស្ស Licadhoបានថ្លែងថា ការិយាល័យឧត្តមស្នងការ សិទ្ធិមនុស្សនេះ បានផ្តល់ធនធានមនុស្ស ធនធានថវិកា និងធនធានបច្ចេកទេសដល់ប្រទេសកម្ពុជា ព្រមទាំងធ្វើការជាមួយរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលដើម្បីលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។
«ខ្ញុំនិយាយថា បើការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះនៅបើក ប្រទេសកម្ពុជា បានផលចំណេញ ផលវិជ្ជមានច្រើនជាងផលអវិជ្ជមាន ហើយម៉្យាងទៀតបានផលល្អ និងកេរ្តិ៍ឈ្មោះ ល្អទៅរដ្ឋាភិបាល។ គេ (សហគមន៍អន្តរជាតិ) អាចនិយាយថា រដ្ឋាភិបាលកម្ពុជាចង់ឱ្យមានការលើក ស្ទួយ និងការការពារសិទ្ធិមនុស្សល្អ ដោយទុកឱ្យអង្គការសហប្រជាជាតិបើកការិយាល័យ»។
លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងថា លោកស្រី Hillary Clinton បាន បញ្ចេញទស្សនៈគាំទ្រមួយដ៏ត្រឹមត្រូវចំពោះការបន្តបើកការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជា ជាតិនេះ ហើយការិយាល័យនេះបានជួយការពារអ្នកក្រីក្រ និងសកម្មជនសិទ្ធិមនុស្ស ដែលប្រឈម នឹងការរំលោភសិទ្ធិមនុស្ស។
«ខ្ញុំគិតថា វត្តមានរបស់ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះមានសារៈសំខាន់ត្រូវបន្តទៅទៀត។ វាមិនអាចអត់បានទេ។ ប្រទេសយើងបិទការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធ្វើឱ្យមានការព្រួយបារម្ភ និងការរារ៉ែកពីសហគមន៍អន្តរជាតិក្នុងការផ្តល់ជំនួយដល់កម្ពុជា។ នេះជាបញ្ហា ដែលយើងមានកង្វល់។ បើយើងទុកការិយាល័យនេះ យើងគ្មានអ្វីខាតទេ»។
លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេស បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីជំនួប រវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកស្រី Hillary Clinton នៅទីស្តីការគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានសម្រេចថា បិទ ឬមិនបិទការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះទេ៕