Hello VOA សុខភាព៖ ថ្នាំពេទ្យមិនអាចព្យាបាលជំងឺឈាមផ្អែមឱ្យជាដាច់បានទេ
ការព្យាបាលជំងឺឈាមផ្អែម (ជំងឺទឹកនោមផ្អែម) មានវិធីច្រើនយ៉ាងដូចជាការប្រើប្រាស់ថ្នាំពេទ្យ ការហាត់ប្រាណ ការកាត់បន្ថយអាហារដែលមានជាតិស្ករ និងការពន្យារពេលទទួលទានអាហារជាដើម។ ប៉ុន្តែវិធីទាំងនេះមិនអាចព្យាបាលជំងឺឈាមផ្អែមឱ្យជាដាច់បានទេ គឺបានត្រឹមតែរក្សាស្ថានភាពជំងឺមិនឱ្យធ្លាក់កាន់តែធ្ងន់ធ្ងរតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ California នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពសម្រាប់ខែធ្នូ។ ការរក្សាស្ថានភាពជំងឺឈាមផ្អែមឱ្យនៅដដែលនេះក៏ជួយមិនឱ្យជំងឺនេះបង្កជាជំងឺកាចសាហាវផ្សេងៗទៀតដូចជា ជំងឺខ្សោយក្រលៀនរ៉ាំរ៉ៃ ជំងឺដាច់សរសៃឈាម និងជំងឺខូចសរសៃប្រសាទជាដើម។ លោកវេជ្ជបណ្ឌិត សៀង សេង នឹងបកស្រាយលម្អិតអំពីគន្លឹះនៅក្នុងការព្យាបាលជំងឺឈាមផ្អែមនៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕ (អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤)