Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការអប់រំជួយឱ្យស្ត្រីជនបទម្នាក់កសាងអាជីពដ៏ប្រសើរមួយជួយពង្រឹងបំណិនជីវិតរបស់យុវជន
អ្នកនាង រឹទ្ធ ទាវ ប្រធានផ្នែកសង្គមកិច្ចនៅអង្គការស្លាបព្រាកម្ពុជា និងជាគ្រូបណ្តុះបណ្តាលផ្នែកបំណិនជីវិតដល់ក្រុមយុវជន បានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា វិបត្តិសេដ្ឋកិច្ចគ្រួសារ ពាក្យបន្តុះបង្អាប់ កំពុងបន្ទុចបង្អាក់រារាំងដល់ដំណើរការសិក្សារបស់យុវតី ជាពិសេសយុវតីដែលរស់នៅតាមតំបន់ជនបទ។អ្នកនាងខ្លួនឯងផ្ទាល់ បានឆ្លងកាត់ឧបសគ្គទាំងនេះ មុនអ្នកនាងបានឈានមកដល់ដំណាក់កាលនេះក្នុងជីវិត។ អ្នកនាង រឹទ្ធ ទាវ យល់ថា ដើម្បីជម្នះឧបសគ្គបែបនេះ វាចាំបាច់ដែលយុវតីនិងស្ត្រីនៅតាមតំបន់ជនបទ ត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ហើយជឿជាក់លើការអប់រំ ដើម្បីបំពេញគោលដៅក្នុងជីវិត។ អ្នកនាងថ្លែងថា៖ «នៅពេលដែលយើងមានការអប់រំដ៏មានប្រសិទ្ធភាពមួយ យើងនឹងអាចធ្វើការងារដែលខ្លួនឯងប្រាថ្នាចង់ធ្វើ ហើយអាចជួយខ្លួនឯងបាន»៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ៣ កក្កដា ២០២៣)