Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការតស៊ូដើម្បីចំណេះដឹងជួយលោកស្រី ពាង សុខា កសាងជីវិតនិងផ្តល់ក្តីសង្ឃឹមដល់អ្នកខ្វះឱកាស
ពីកម្មកររោងចក្រ រហូតដល់ក្លាយជានាយិកាដឹកនាំស្ថាប័នមួយ ដំណើរជីវិតរបស់លោកស្រី ពាង សុខា ពោរពេញដោយឧបសគ្គ ការតស៊ូ និងការតាំងចិត្តខ្លាំង ដើម្បីផ្លាស់ប្តូរជីវិតរបស់លោកស្រី។ បច្ចុប្បន្ននេះ លោកស្រីគឺជានាយិកាប្រតិបត្តិនៃសិប្បកម្មវត្តថាន់កម្ពុជា និងជាសហគ្រិនស្ត្រីម្នាក់ ដែលព្យាយាមបង្កើតឱកាសការងារនិងផ្តល់ជំនួយដល់សិស្សនិស្សិតនិងក្រុមពលរដ្ឋដែល ត្រូវការជំនួយនិងមិនមានឱកាសនិងសមត្ថភាពក្នុងការស្វែងរកការងារឱ្យត្រូវជំនាញ។ លោកស្រីបានចែករំលែកនៅក្នុងកម្មវិធី Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំថា ការសិក្សាគឺជាគន្លឹះក្នុងការអភិវឌ្ឍផ្នត់គំនិតនិងភាពជោគជ័យរបស់បុគ្គលម្នាក់ៗ។ លោកស្រីបានលើកទឹកចិត្តឱ្យអ្នកដែលមានជីវភាពក្រីក្របន្តការសិក្សា ទោះបីជាជីវភាពគ្រួសារក្រីក្រយ៉ាងណាក៏ដោយ។ លោកស្រី ពាង សុខា ថ្លែងថា៖ «ឱ្យតែយើងមានក្តីសង្ឃឹម ការតាំងចិត្ត តស៊ូមោះមុត នោះយើងនឹងអាចសម្រេចគោលបំណងរបស់យើងជាក់ជាមិនខាន»៕ (ធីតា វីន, Hello VOA, ភ្នំពេញ, ០៤ កញ្ញា ២០២៣)