Hello VOA សុខភាព៖ កំណកឈាមក្នុងសរសៃឈាមវ៉ែនជើងអាចបង្កឱ្យស្លាប់យ៉ាងទាន់ហន់
ជំងឺឈាមកកក្នុងសរសៃឈាមជើងកើតឡើងដោយសារកត្តាជាច្រើន ដូចជាការមិនធ្វើចលនាជើងឱ្យបានគ្រប់គ្រាន់ ជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយតាមយន្ដហោះឬតាមរថយន្ដ ការមានផ្ទៃពោះ និងការមានជំងឺធាត់ជាដើម។ នេះបើតាមការបញ្ជាក់របស់លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ California នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពសម្រាប់ខែធ្នូ។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ទៀតថា បើសិនជាសង្ស័យថាមានរោគសញ្ញាកំណកឈាមរបូតចូលទៅក្នុងសួត ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះករណីនេះអាចបង្កឱ្យស្លាប់ភ្លាមៗបាន។ លោកវេជ្ជបណ្ឌិត សៀង សេង បកស្រាយអំពីកត្ដាហានិភ័យ រោគសញ្ញា ការធ្វើតេស្ត វិធីបង្ការ និងវិធីព្យាបាលជំងឺឈាមកកក្នុងសរសៃឈាមជើងនៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕