ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធាន​អង្គភាព​គាំ​ពារ​ជន​រង​គ្រោះ​សាលា​ក្ដី​ខ្មែរ​ក្រហម​លា​ឈប់​ពី​តំណែង​


នៅ​ថ្ងៃ​ស្អែក​ថ្ងៃ​ទី​៣០ ខែ​មិថុនា លោក​ស្រី ​ហេឡែន ចាវីស (Helen Jarvis) នឹងឈប់​បម្រើ​ការ​ជា​ផ្លូវ​ការ ពី​ប្រធាន​អង្គភាព​គាំពារ​ជន​រង​គ្រោះ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម។ លោក​រោង ឈង ដែល​អង្គការ​សង្គម​ស៊ីវិល​ស្គាល់​តិច​តួច​នឹង​ចូល​បំពេញ​មុខ​ងារ​ជំនួស​លោកស្រី​វិញ។

លោកស្រី ​ហេឡែន ចាវីស ប្រធាន​អង្គភាព​គាំ​ពារជនរង​គ្រោះរបស់​សាលាក្ដី​ខ្មែរ​ក្រហម​ នឹង​ចូល​និវត្ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ពុធ​ ទី៣០ ខែ​មិថុនា ស្អែក​នេះ ហើយ​លោក​រោង ឈង បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​បុគ្គលិក​ផ្នែក​ភាគី​កម្ពុជា នឹង​ចូល​កាន់​ដំណែង​នេះ​ជំនួស​លោក​ស្រី​ជាបណ្ដោះ​អាសន្ន ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា​តទៅ។

នេះបើ​តាម លោក ​រាជ សម្បត្តិ ប្រធាន​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ។ លោក ​រាជ សម្បត្តិ មានប្រសាសន៍​ថា ការ​តែង​តាំង​លោក រោង ឈង ជំនួស​លោក​ស្រី​ ហេឡែន ចាវីស នឹង​ធានា​បាន​ប្រក្រតីភាព​របស់​ដំណើរ​ការ​នៃ​អង្គភាពគាំ​ពារ​ជន​រង​គ្រោះ​របស់​សាលាក្ដី។ លោក​បន្ត​ទៀត​ថា៖

«ថ្វីត្បិត​តែ​មាន​ការ​សុំ​លា​ឈប់​របស់​លោក​ស្រី ​ហេឡែន ចាវីស កិច្ចការ​នៅ​ក្នុង​អង្គភាព​គាំពារ​ជន​រង​គ្រោះ​នឹង​មិន​មាន​បញ្ហា​អ្វី​ចោទឡើង​ទេ»។

ក៏​ប៉ុន្ដែ ក្នុង​ចំណោម​តំណាង​សង្គម​ស៊ីវិល​មួយ​ចំនួន​ ដែល​បំពេញ​កិច្ចការ​ទាក់​ទង​នឹង​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​វីអូអេ សម្លេង​សហ​រដ្ឋ​អាមេរិក បាន​ទាក់​ទង​នៅ​ថ្ងៃ​នេះ​មិន​បាន​ស្គាល់​លោក​រោង ឈង ច្បាស់​លាស់​នោះ​ទេ ហើយ​ពួក​គេ ក៏​មិន​ធ្វើ​អត្ថាធិប្បាយអ្វី​ទាក់​ទង​នឹង​មុខ​ដំណែង​ថ្មី​របស់​លោក​ដែរ។

យ៉ាងណា​ក៏​ដោយ ក៏​ក្រុម​មន្រ្ដី​មួយ​ចំនួន​គ្រាន់​តែ​បាន​ឲ្យ​ដឹង​ថា លោក​រោង ឈង ជា​មន្ដ្រី​ជាន់​ខ្ពស់​មួយ​រូប ដែល​បាន​និង​កំពុង​បម្រើ​ការ​ងារ​ក្នុង​ទីស្ដីការ​គណ​រដ្ឋ​មន្រ្ដី។ លោក​ត្រូវ​តែង​តាំង​ជា​ប្រធាន​ផ្នែក​បុគ្គលិក នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ជំនួស​លោក​កែវ ធីវុធ ដែល​បាន​ឈប់​ពី​ការ​ងារ​បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ​ស្ដី​ពី​បញ្ហា​ពុករលួយ​នៅ​ខាង​ភាគី​កម្ពុជា កាល​ពី​ឆ្នាំ២០០៨។

លោក ​រាជ សម្បត្តិ មាន​ប្រសាសន៍​ថា​ លោក​រោង ឈង មាន​បទពិសោធន៍​គ្រប់​គ្រាន់​សម្រាប់​ទទួល​ខុស​ត្រូវ​តួនាទី​ថ្មី​នេះ។ លោក​រាជ សម្បត្តិ​បន្ត​ទៀត​ថា៖

«គាត់​ពី​មុន​ជា​មន្ដ្រី​រាជការ​របស់​រដ្ឋ អញ្ចឹង​គាត់​មាន​បទពិសោធន៍​ច្រើន ហើយ​ជន​រងគ្រោះ​មិន​ត្រូវ​ភ័យ​ព្រួយ​អ្វី​ទាំង​អស់។ អត់​មាន​អ្វី​ប្រែ​ប្រួល​ទេ​គ្រាន់​តែ​មនុស្ស​ម្នាក់ចេញ​អញ្ចឹង​ កិច្ចការ​ទាំង​មូល​នៅដដែល»។

សូម​បញ្ជាក់​ថា លោក​ស្រីហេឡែន ចាវីស បាន​សុំ​ចូល​និវត្ត​កាល​ពី​ដើម​ខែ​ឧសភា ដោយ​លោក​ស្រី​អះអាង​ថា នេះ​ជា​រឿង​ផ្ទាល់​ខ្លួន។ ការ​ចាក​ចេញ​ពី​ការងារ​របស់​លោក​ស្រី​ធ្វើ​ឡើង ​ខណៈ ពេល​ដែល​ការ​រៀប​ចំ​សម្រាប់​ការ​កាត់​ទោស​នៅ​ក្នុង​សំណុំ​រឿង​លេខ ​០០២ កំពុងដំណើរ​ការ។

សហ​មេធាវី​ការ​ពារ​ក្ដី​លោក ​អៀង សារី អតីត​រដ្ឋ​មន្រ្ដី​ការ​បរទេស​ខ្មែរ​ក្រហម និង​សហ​មេធាវី​បរទេស​របស់​ជន​ជាប់​ចោទ​ នួន ជា អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​ បាន​លើក​ពី​ការ​ជាប់​ជំពាក់​និន្នាការ នយោបាយ​របស់​លោក​ស្រី ហេឡែន ដែល​លោក​ស្រី​ធ្លាប់​ធ្វើ​ជា​អ្នក​នយោបាយ​ក្នុង​គណបក្ស ម៉ាក់​ស៊ីស​និយម​របស់​ប្រទេស​អូស្រ្តាលី និង​បច្ចុប្បន្ន លោក​ស្រី​ជា​ទីប្រឹក្សា​រដ្ឋាភិបាលកម្ពុជា។

ក្រុម​មេធាវី​យល់​ឃើញ​ថា ជំហរ​នយោបាយ​របស់​ប្រធាន​អង្គភាព​គាំ​ពារ​ជន​រង​គ្រោះ​របស់​លោក​ស្រី អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​សាលា​ក្ដី​ខ្មែរ​ក្រហម និង​ប៉ះ​ពាល់​ដល់​យុត្តិធម៌​កូន​ក្ដី​របស់​ពួក​គេ។

ក៏​ប៉ុន្ដែ​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០០៩ អនុប្រធាន​រដ្ឋបាល​សាលា​ក្ដី​ខ្មែរ​ក្រហម ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​លោកឃ្នុត រ៉ូសានដ៍ហហ្គ(Knut Rosandhaug) បាន​បង្ហាញ​ជំហរ​ជា​ផ្លូវ​ការ​គាំទ្រការ​តែង​តាំង​លោក​ស្រី ហេឡែន ចាវីស​ឲ្យ​ធ្វើ​ជា​ប្រធាន​អង្គភាព​ជន​រង​គ្រោះ ដោយ​ច្រាន​ចោល​ការ​លើក​ឡើង​ពី​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ​ពី​ការ​ប្រឡាក់​ប្រឡូស​ក្នុងនិន្នាការ​នយោបាយ​របស់​លោក​ស្រី៕

XS
SM
MD
LG