បុគ្គលិកសុខាភិបាលរបស់រដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងជំងឺអេដស៍ បានចុះទៅពិនិត្យតេស្តឈាមទ្រង់ទ្រាយធំជូនប្រជាជនជិត៣០០នាក់ ក្នុងភូមិពាម ឃុំសំបួរមាស ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្ដាល បន្ទាប់ពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ អំពីការផ្ទុះឡើងនៃការឆ្លងមេរោគអេដស៍ទៅលើប្រជាជន១៤នាក់ នៅភូមិពាមនេះ និងភូមិជិតខាងនោះ។ សម្រាប់ថ្ងៃច័ន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្នុងចំណោមប្រជាជនជាង២៧០នាក់ដែលមកធ្វើតេស្តឈាម មានតែប្រជាជនបួននាក់ប៉ុណ្ណោះ ដែលរកឃើញថាមានមេរោគអេដស៍៕
កម្រងរូបភាព៖ ករណីសង្ស័យលើការផ្ទុះឡើងនៃការឆ្លងមេរោគអេដស៍នៅភូមិពាម ខេត្តកណ្តាល

១
បុគ្គលិកសុខាភិបាលរបស់រដ្ឋ ជួសឈាមពិនិត្យមើលមេរោគអេដស៍ឲ្យស្ត្រីចំណាស់ម្នាក់ ដែលមកធ្វើតេស្តឈាម នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានការសង្ស័យថាមានការផ្ទុះនៃការឆ្លងមេរោគអេដស៍ កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថត៖ អូន ឆេងប៉រ/VOA)

២
ឧបករណ៍ដែលមន្ត្រីសុខាភិបាលប្រើសម្រាប់ធ្វើតេស្តឈាមរកមេរោគអេដស៍ឲ្យប្រជាជនភូមិពាម ខេត្តកណ្ដាល កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថត៖ អូន ឆេងប៉រ/VOA)

៣
ស្ត្រីចំណាស់វ័យ៦៦ឆ្នាំម្នាក់ ដែលស្ថិតក្នុងចំណោមអ្នកដែលឆ្លងមេរោគអេដស៍ នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល និយាយសន្ទនាជាមួយអ្នកសារព័ត៌មាន អំពីស្ថានភាពជំងឺរបស់គាត់ កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថត៖ អូន ឆេងប៉រ/VOA)

៤
មនុស្សម្នានៅភូមិពាមចូលមកទទួលសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ ដែលធ្វើឡើងជាពិសេសដោយបុគ្គលិកសុខាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ក្រោយពីផ្ទុះការសង្ស័យថា ភូមិនៃខេត្តកណ្ដាលមួយនេះអាចនឹងមានការផ្ទុះឡើងនៃការឆ្លងមេរោគអេដស៍ទ្រង់ទ្រាយធំ កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថត៖ អូន ឆេងប៉រ/VOA)

៥
សៀវភៅធ្វើតេស្តឈាម និងតាមដានស្ថានភាពសុខភាពសម្រាប់ប្រជាជនភូមិពាមដែលមកធ្វើតេស្តឈាមរកមេរោគអេដស៍ កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថត៖ អូន ឆេងប៉រ/VOA)

៦
បុរសម្នាក់ជិះម៉ូតូលក់ម្ហូបរបស់គាត់កាត់មុខវត្តបំពេញកុសល (ហៅវត្តពាម) នៅភូមិពាម ក្នុងខេត្តកណ្ដាល ដែលមានការសង្ស័យថា មានឆ្លងរាលដាលមេរោគអេដស៍ទ្រង់ទ្រាយធំ កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថត៖ អូន ឆេងប៉រ/VOA)

៧
ទិដ្ឋភាពភូមិពាម មើលពីខាងលើនៅប្របមាត់ទន្លេសាបភាគខាងជើងរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។ (រូបថត៖ អូន ឆេងប៉រ/VOA)