ការព្យាយាមប្រកបដោយភាពវ័យឆ្លាត និងយល់អំពីឱកាសអាចនាំឲ្យអាជីវករវ័យក្មេងខ្មែរម្នាក់ទទួលជោគជ័យក្នុងរបរជំនួញរបស់ខ្លួន។
លោកគឹម ឆេង ជាពាណិជ្ជករក្មេងម្នាក់ ដែលមានដើមកំណើតនៅស្រុកស្អាង ខេត្តកណ្តាល ហើយពីដើមមានមុខរបរជាអ្នកកាន់ការនៅភោជនីយដ្ឋានមួយនៅទីក្រុងសៀមរាប និងធ្លាប់មានការពិសោធន៍នៅក្នុងមុខរបរផ្សេងៗជាច្រើនទៀតនៅក្នុងខេត្តបាត់ដំបង និងក្រុងភ្នំពេញ ឥឡូវនេះ បានក្លាយជាអ្នកចំការដាំដើមស្រកានាគនៅក្នុងភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រោយពីបានបញ្ចប់ការហ្វឹកហ្វឺនខាងវិជ្ជាកសិកម្មពីក្រសួងកសិកម្មមក លោកគឹម ឆេង សព្វថ្ងៃមានអាយុ ៣១ឆ្នាំបានប្តូរអាជីពពីពាណិជ្ជករទៅជាកសិករដាំដើមស្រកានាគ។ នៅលើផ្ទៃដី១០ហិកតា ឋិតនៅភាគឦសាននៃក្រុងអង្គរ ខេត្តសៀមរាប លោក គឹម ឆេង បានយកពូជដើមស្រកានាគពីកោះតៃវ៉ាន់ ទៅដាំ ដែលធ្វើឲ្យលោកក្លាយជាអ្នកចំការដើមស្រកានាគមុនគេបង្អស់នៅកម្ពុជា។ លោកថ្លែងថា៖
«ខ្ញុំមិនដឹងថា ដើមស្រកានាគនេះមានដើមកំណើតនៅប្រទេសណាទេ។ ស្រុកយើងពីដើមមិនមានដាំដើមនេះទេ។ ពីមុនយើងធ្លាប់នាំចូលផ្លែស្រកានាគមកពីស្រុកយួន និងមកពីស្រុកសៀម។ ឥឡូវនេះ ខ្ញុំបានដាំដើមនេះ១០ឆ្នាំហើយ ហើយបានផលច្រើនបង្គួរ ល្មមផ្គត់ផ្គង់ត្រឹមតែខេត្តសៀមរាម និងខេត្តជិតៗប៉ុណ្ណោះ មិនបានបញ្ចេញទៅលក់នៅប្រទេសជិតខាងទេ។ ដោយមានមនុស្សច្រើនចូលចិត្តទទួលទានផ្លែនេះ ខ្ញុំគិតថា នឹងពង្រីករបរកសិកម្មដាំដើមស្រកានាគនេះ ឲ្យបានធំទូលាយជាងនេះនៅពេលអនាគត»។
លោកគឹម ឆេង បានប្រាប់វីអូអេថា ផ្លែស្រកានាគដែលនាំចូលពីប្រទេសជិតខាង មានសាច់ខាងក្នុងពណ៌ស ប៉ុន្តែ ពូជផ្លែស្រកានាគនៅក្នុងចំការរបស់លោក គឹម ឆេង ដែលយកមកពីកោះតៃវ៉ាន់ មានសាច់ខាងក្នុងពណ៌ក្រហម ពណ៌ស្វាយ ពណ៌ស ពណ៌លឿង និងពណ៌ផ្កាឈូក។ លោកបន្តថា៖
«ដើមស្រកានាគស្រួលដាំ ហើយឆាប់បានផលទៀតផង។ ខ្ញុំចាប់ដាំនៅខែមិនា បើការថែទាំបានល្អ នៅខែវិច្ឆិកាអាចប្រមូលផលផ្លែបានហើយ គឺប្រើពេលពី៨ខែទៅ១១ខែ ឬយ៉ាងយូរមួយឆ្នាំអាចបេះផលបាន។ ដើមនេះមិនពិបាកថែទាំទេ បួនឬប្រាំថ្ងៃទើបត្រូវការស្រោចទឹកម្តង ខែវស្សាមិនចាំបាច់ស្រោចទឹកទេ ប៉ុន្តែត្រូវការជម្រះស្មៅ។ ប្រសិនបើមានស្មៅ ដើមនេះមិនឲ្យផលល្អទេ ព្រោះស្មៅវាស៊ីជីអស់»។
ចំណែកជីវិញ លោកគឹម ឆេង ប្រើជីកុមប៉ុស ឬជីធម្មជាតិដែលលោកធ្វើដោយខ្លួនឯង គឺយកលាមកគោទៅលាយជាមួយនឹងស្មៅ និងរុក្ខជាតិតូចៗ ដែលកិនឲ្យម៉ត់ដោយម៉ាស៊ីន រួចត្រាំទុកពីរទៅបីខែទើបយកទៅបាញ់លើដើម ធ្វើដូច្នេះទើបផ្លែស្រកានាគមានឱជារស។
លោកគឹម ឆេង និយាយថា ដើមស្រកានាគផ្លែជាបន្តបន្ទាប់មិនឈប់ទេ ដែលអាចឲ្យលោកបេះផលក្នុងមួយគុម្ភចំនួនយ៉ាងតិច៣០គីឡូក្រាមក្នុងមួយឆ្នាំ។ ចំពោះការបំបែកពូជ លោកគឹម ឆេង បានកាត់មែកដើមស្រកានាគប្រវែងពីរតិកយកទៅបណ្តុះពីរ បីថ្ងៃឲ្យវាស៊ាំដី ទើបគាត់យកទៅដាំ ស្រោចទឹក និងដាក់ជី។ ដើមនេះត្រូវការបង្គោលដើម្បីតោងឡើង។
លោកគឹម ឆេង ថ្លែងថា ដើម្បីឲ្យបានផលល្អ កសិករចាំបាច់ត្រូវប្រើពេលឲ្យច្រើនដើម្បីថែទាំដំណាំ ជាពិសេសត្រូវមើលកុំឲ្យមានសត្វស្រមោច និងដង្កូវ ដែលជាសត្វបំផ្លាញដើមស្រកានាគ។ លោកមានប្រសាសន៍ថា មានទេសចរមកមើលចំការនេះសឹងតែរាល់ថ្ងៃដែរ ហើយគេបានទិញផ្លែស្រកានាគដែលបេះថ្មីៗ និងទិញនំដែលធ្វើពីផ្លែស្រកានាគ។ អ្នកទិញគេចូលចិត្តផ្លែស្រកានាគដែលមានសាច់ពណ៌ក្រហម ព្រោះគេជឿថា វាមានជីវជាតិម្យ៉ាងសម្រាប់ជួយការពារប្រយុទ្ធទល់នឹងជម្ងឺទឹកនោមផ្អែម និងជួយបន្ទាបកំរិតសម្ពាធឈាម។