ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​កម្ពុជា​ទទូច​ឱ្យ​រដ្ឋាភិបាល​រៀបចំ​វិធានការ​ត្រៀម​សម្រាប់​ឧបទ្ទវហេតុ​ប្រេង​ជា​យថាហេតុ​មួយ


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​មួយ​ចំនួន ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀប​ចំ​វិធានការ​ត្រៀម​ជា​ស្រេច​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ឧបទ្ទវហេតុ​ធ្លាយ​ប្រេង​ជា​យថាហេតុ​ណា​មួយ​ ខណៈ​ដែល​ក្រុម​ហ៊ុន​ប្រេង​នឹង​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​បូម​យក​ប្រេង​ នៅក្នុង​ដែន​សមុទ្រ​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។​ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ធ្លាយ​ប្រេង​យ៉ាង​ធំ​សម្បើម​មួយ​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​ នឹង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ។

លោក ពេជ្រ សំណាង​រាយការណ៍​ពិស្តារ​អំពី​រឿង​នេះ​ពី​ទីក្រុង​ភ្នំពេញ​ជូន​ដូចតទៅ៖

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ ធ្វើ​ការងារ​តាម​ដាន​ដំណើរ​ការ​រុក​រក​នឹង​ធ្វើ​អាជីវកម្ម​ប្រេង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ទទូច​ស្នើ​ឱ្យ​រដ្ឋាភិបាល​ រៀបចំ​យន្តការ​ឆ្លើយតប​ទៅនឹងហានិភ័យ​ ឬ​គ្រោះ​ថ្នាក់​ធ្លាយ​ប្រេងជា​យថាហេតុណាមួយឱ្យ​បាន​រួចរាល់​ជា​មុន​សិន​ មុន​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ដែល​កំពុង​រុករក​ប្រេង​នៅ​ក្នុងដែន​សមុទ្រ​ខ្មែរ​ ចាប់​ផ្តើម​ដំណើរការ​បូមយក​ប្រេង​ពី​ក្រោម​បាត​សមុទ្រ​របស់​កម្ពុជា​នោះ។

ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ធ្លាយ​ប្រេង​ដ៏​ធំ​សម្បើម​មួយ​របស់​ក្រុមហ៊ុនប្រេង BP នៅក្នុង​ឈូង ​សមុទ្រ​ម៉ិកស៊ីក​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ។​ ការ​ធ្លាយ​ប្រេងដែល​អូស​បន្លាយ​ពេល​អស់​ជាង​៦​សប្តាហ៍​មក​ហើយ​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ដោយ​សារ​តែ​ប្រេង​ចំនួន ​ជាង​១​ម៉ឺន​ធុង​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​បាន​ហៀរ​ ចេញ​ពីអណ្តូង​ប្រេង​ដែល​ធ្លាយ​នោះ។​ ការ​ហៀរ​ប្រេង​ពាស​ពេញ​សមុទ្រ​នេះ​បាន​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ រស់នៅ​របស់​ពលរដ្ឋ​អាមេរិក​កាំង​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​នោះ​ ជា​ពិសេស​ គឺ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​រដ្ឋ Louisiana​ តែ​ម្តង​ដែល​ពួក​គេ​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​របរ​នេសាទ​ក្នុង​សមុទ្រ​នោះ។

លោក​ ម៉ម សម្បត្តិ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​សម្ព័ន្ធ​ភាព​កម្ពុជា​ដើម្បី​ តម្លាភាព​ចំណូល​ធន ធាន​ ដែល​បាន​តាម​ឃ្លាំ​មើល​ជា​ប្រចាំ​នូវ​ដំណើរការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ​ និស្សារណកម្ម​ឬ ការ​ធ្វើ​អាជីវកម្ម​ខាងឧស្ម័ន​ រ៉ែ ​នឹង​ប្រេងកាត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ មានប្រសាសន៍​ថារដ្ឋាភិបាលកម្ពុជា​គួរ​តែ​បង្កើត​ស្ថាប័ន​ទទួល​ខុស​ត្រូវ​លើ​ ការ​ឆ្លើយតប​ទៅ​នឹង​ឧបទ្ទវហេតុ​ធ្លាយ​ប្រេង​ណា​មួយ​ ខណៈ​ដែល​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ពុំ​ទាន់​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ខាង​ឧស្សាហកម្ម​ប្រេង​នៅ​ ឡើយ​ ហើយ​ដែល​កំពុង​ត្រៀម​ខ្លួន​ទទួល​ផល​ពី​ការ​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​ក្នុង​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខទៀតនេះ។

“សម្រាប់​ការ​រៀប​ចំ​ឆ្លើយតប​ នៅ​ពេល​ដែល​មាន​ការ​កំពប់​ប្រេង​ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ឱ្យ​មាន​ អាជ្ញាធរ​ឆ្នេរ​ ហើយ​នឹង​អាជ្ញាធរ​សុវត្ថិភាព​ប្រេង​ ដែល​អាជ្ញាធរ​ហ្នឹង​លោក​អាច​ត្រួត​ពិនិត្យ​ទៅលើសុវត្ថិភាព​ហើយនឹង​សុខភាព​ ជា​ពិសេស​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ប្រេង​ទាំង​អស់​ហ្នឹង​បង្កើត​ឱ្យ​មាន ​សមាគម​ដើម្បី​ឆ្លើ​យ​តប​នៅ​ពេល​ណា​មាន​កំពប់​ប្រេង​នៅ​ពេល​អនាគត​”។

សូម​បញ្ជាក់​ថា អង្គការ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ គឺ​ជា​បណ្តុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​៥ ដែល​រួប​រួម​គ្នា​ដើម្បី​តាម​ដាន​មើល​ដំណើរការ​ធ្វើ​អាជីវកម្ម​លើ​វិស័យ​ ប្រេង​ រ៉ែ​ នឹង​ឧស្ម័ន​នឹង​ការ​គ្រប់​គ្រង​ចំណូល​ដែល​បាន​មក​ពី​ការ​ធ្វើ​អាជីវកម្ម​លើ​ វិស័យ​ទាំង​នេះ។

លោក​ ម៉ម​ សម្បត្តិ ​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា​អាជ្ញាធរ​ដែល​ទទួល​បន្ទុក​ឆ្លើយ​តប​ទៅ​នឹង​គ្រោះថ្នាក់​ប្រេង​ជា​យថាហេតុ​នេះ ​ចាំបាច់​ត្រូវ​តែ​បង្កើត​ឡើង​ដាច់​ដោយ​ឡែក​ពី​អាជ្ញាធរ​ប្រេង​កាត​ជាតិកម្ពុជា​ដែល​មាន​ស្រាប់​ ដើម្បី​ធានា​ខាង​ផ្នែក​បច្ចេកទេស​ក្នុង​ការ​គ្រប់​គ្រង​ការ​ធ្លាយ​ប្រេង​រ ឬ​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ប្រេង​ដទៃ​ទៀត​ ប្រកប​ដោយ​ប្រសិទ្ធិភាព។

បច្ចុប្បន្ន​ មាន​ក្រុមហ៊ុន​ចំនួន​១៣​ បាន​ទទួល​សិទ្ធិ​រុក​រក​ប្រេង​នៅ​កម្ពុជា​ ដោយ​ក្រុមហ៊ុន​ខ្លះ​បាន​ចាប់​ផ្តើម​នឹង​កំពុង​ដំណើរការ​រុក​រក​របស់​ខ្លួន​ រួច​ស្រេច​ទៅ​ហើយ។

គេ​រំពឹង​ថា​ ក្រុមហ៊ុន​មួយ​ចំនួន​ដោយ​រួម​ទាំង​ក្រុមហ៊ុន Chevron របស់​អាមេរិក​ដែល​បាន​ទទួលសិទ្ធិ​រុក​រក​ប្រេង​នៅ​ក្នុង​ប្លុកA ក្នុង ​ដែន​សមុទ្រកម្ពុជា​ផងដែរ​នោះ​ នឹងចាប់ផ្តើមធ្វើអាជីវកម្មបូមយកប្រេងនៅ​ត្រឹមឆ្នាំ​ ២០១២ ឬ​ ២០១៣ ខាង​មុខ​នេះ។

ការធ្វើ​អាជីវកម្ម​ប្រេង​នេះ​ត្រូវ​គេ​ប៉ាន់​ ប្រមាណ​ថា​នឹង​អាច​ផលិត​ប្រេង​បាន​ចំនួនពី​៤០០​ទៅ​៧០០​លាន​ធុង​បារ៉ែល ​ដែល​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​ពី​៥០០​លាន​ទៅ​ ១ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ ពី​ផលិតកម្ម​ឧស្ម័ន​នឹង​ប្រេង​នេះ​ នេះ​បើ​យោង​តាម​របាយការណ៍​ឆ្នាំ​ ២០០៦​ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

លោក​ អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​តាម​ដាន​យ៉ាង​ជាប់លាប់​នូវ ​និន្នាការវិវត្តន៍​ខាង​វិស័យ​ប្រេង​ រ៉ែ​ នឹង​ឧស្ម័ន​ផង​ដែរ​នេះ​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​រៀប​ចំ​ឱ្យមានកិច្ច​ព្រម​ព្រៀង​ជាក់​លាក់​ជា​មួយក្រុម​ហ៊ុន​ រុក​រក​ប្រេង​ទាំង​អស់​ ដោយ​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​ទាំង​នោះ​មាន​វិធាន​ការណ៍​គ្រប់​គ្រាន់ដើម្បី​ បង្ការ​នឹង​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធិភាព​ចំពោះ​គ្រោះ​ថា្នក់​លេច​ឬ​ធ្លាយ​ ប្រេង​ជា​យថាហេតុ​ណា​មួយ។

"កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុមហ៊ុន​ណា​មួយ​ក៏​ដោយ​ ក៏ត្រូវ​ដាក់​បន្ទុក​ហ្នឹង​ឱ្យ​ក្រុម​ហ៊ុន​ក្នុង​ការ​រៀប​គម្រោង​បង្ការ​របស់​ខ្លួន​ ហើយ​បើគម្រោង​បង្ការ​ហ្នឹង​មើល​ទៅ​វា​មិន​សម​ហេតុ​ឬ​មិន​គ្រប់​គ្រាន់​ អាហ្នឹង​រដ្ឋាភិបា​ល​អាច​បដិសេធ​នូវ​គម្រោង​មួយ​ណា​ក៏​បាន​ដែរ។​ អញ្ចឹង​ រដ្ឋាភិបាល​អាច​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ក្រុម​ហ៊ុន​មាន​គម្រោង​លំអិត​បង្ហាញ​ចំពោះ​ខ្លួន​ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​នូវ​គម្រោង​ការពារ​គ្រប់​រូប​ភាព​ទាំងអស់"។

លោក​ អ៊ូ វីរៈ ​មាន​ប្រសាសន៍​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​ក៏​គួរ​តែ​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​នៃ​អង្គការ "តម្លាភាព​នៃ​ឧស្សាហកម្ម​និស្សារណកម្ម" ដែល​ភាសា​អង់គ្លេស​ហៅ​ថា Extractive​ Industry​ Transparency​ Initiative​ ឬ​ហៅកាត់​ថា EITI ​ ផងដែរ​ ដើម្បី​សិក្សា​ពី​វិធីសាស្រ្ត​នឹង​បទ​ពិសោធន៍​នានាពី​ប្រទេស​ផ្សេង​ទៀត​ក្នុងការ​គ្រប់​គ្រង​ហានិភ័យ​នឹង​ចំណូល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​ប្រេង​នេះ​ជា​ដើម។

អង្គការ EITI​ គឺ​ជា​អង្គការ​អន្តរជាតិ​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទី​ក្រុង Oslo​ ប្រទេស ​ណ័រវេស​ ដែលធ្វើ​ការងារ​បង្កើន​តម្លាភាព​នៃ​ចំណូល​នឹង​ចំណាយ​របស់​រដ្ឋាភិបាល​នឹង​ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ប្រេង​នៅក្នុង​ប្រ​ទេស​ជាង​៣០​ នៅ​ទូទាំង​ពិភពលោក។

លោក​ ខៀវ កាញារិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​នឹង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ចូល​ជា​សមាជិក​របស់​អង្គការ EITI​ ឬ ​ក៏​ការ​បង្កើត​ស្ថាប័ន​បន្ថែម​ដើម្បីឆ្លើយតប​ទៅ​នឹង​ឧបទ្ទវហេតុ​ធ្លាយ​ ប្រេង​ណា​មួយនោះ​គឺ​ពុំ​ចាំបាច់​ទេ​ ដោយ​លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​មាន​ស្ថាប័ន​នឹង​ក្រសួង​ពាក់ព័ន្ធ​ដែល​មាន​ អ្នក​ជំនាញ​ធំៗ​ ជា​ពិសេស​គឺ​មាន​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​រួច​ស្រេច​ហើយ។

“បង្កើត​ថែម​ទៀត​ នាំ​តែ​គេ​ថា​បង្កើត​ចំណាយ​លុយ​ថែម​ទៀត​ ហើយ​ក្រសួង​នីមួយៗ​ទទួល​ការ​ខុស​ត្រូវ​រៀង​ខ្លួន​បា​ន​ហើយ​តើ​” ។

មន្ត្រី​នៃ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​យន្តការ​ឆ្លើយតប​ចំពោះ​ ហានិភ័យ​ដែល​អាច​បណ្តាល​មក​ពី​ការ​ធ្លាយ​ប្រេង​ជាយថាហេតុ​ណា​មួយ​ នៅ​ពេល​មាន​ការ​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា​នេះទេ។

តែទោះជា​យ៉ាងនេះក្តី​ ​លោក ជាម យៀប ​សមាជិកសភាពីគណបក្សកាន់អំណាចមានប្រសាសន៍ថា ​ដោយ​មើល​ឃើញ​ ហេតុការណ៍​ធ្លាយ​ប្រេង​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ជួប​ប្រទះ​នេះ​ រដ្ឋសភា​ជាតិកម្ពុជា​នឹង​ជំរុញ​ឱ្យ​មាន​កិច្ច​សន្យា​ដោយ​ឡែក​មួយ ​ជា​មួយ​ក្រុមហ៊ុន​ដែល​កំពុង​រុករក​ប្រេង​នៅ​កម្ពុជា​ ដើម្បី​ធានា​ថា​ វិធានការ​ឆ្លើយ​តប​ចំពោះ​ឧបទ្ទវហេតុ​ធ្លាយ​ប្រេង​ណា​មួយ​ត្រូវ​មាន​រួច​ជា​ស្រេច ​មុន​នឹង​ក្រុម​ហ៊ុន​ទាំង​នោះ​អាច​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​បូម​ប្រេង​នៅ​កម្ពុជា​បាន។

“យើង​យក​កត្តា​ហ្នឹង​ឬ​ក៏​យក​បញ្ហា​ហ្នឹង​ធ្វើ​ ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ពិភាក្សា​គ្នា​ហើយ​សម្រាប់​ធ្វើ​កិច្ច​សន្យា​ដោយ ​ឡែក​មួយ​ជា​មួយ​ក្រុម​ហ៊ុន​ដែល​ត្រូវ​យក​ប្រេង​ដំបូង​បំផុត​នៅ​កម្ពុជា​យើង ​ គឺ​ថា​កុំ​ឱ្យ​មាន​ ឧទាហរណ៍​អាក្រក់​ដូច​ជា​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ីក​នោះ​” ។

លោក​ យឹម សុវណ្ណ​ សមាជិក​សភា​ពី​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ​មាន​ប្រសាសន៍​ថា​ រដ្ឋសភា​កម្ពុជា​ក៏​ គួរ​តែ​បង្កើត​ច្បាប់​គ្រប់គ្រងសុវត្ថិភាព​នៃការ​ធ្វើ​អាជីវកម្ម​ប្រេង​ បន្ថែម​ទៀត​ហើយ​រដ្ឋសភា​ក៏​ត្រូវ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ចូល​ជា​សមាជិក​របស់​ អង្គការ EITI​ ផង​ដែរ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​តម្លាភាព​នឹង​គណនេយ្យភាព​នៃ​ចំណូល​ដែល​បាន​មក​ពី​ប្រេង​នៅ​កម្ពុជា​នេះ៕

XS
SM
MD
LG