កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ បន្ទាប់ពីបានទទួលរងនូវវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ។ ធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយថាកំណើនសេដ្ឋកិច្ចកម្ពុជានៅតែពឹងពាក់ទាំងស្រុងទៅលើការនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងអឺរ៉ុប។
ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍នៅថ្ងៃពុធនេះថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១១នេះនឹងកើនឡើងចំនួន២ភាគរយលើសពីកំណើនសេដ្ឋកិច្ច ៦,៣ភាគរយក្នុងឆ្នាំ២០១០។
លោក Peter Brimble អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានថ្លែងប្រាប់សន្និសីទកាសែតនៅទីស្នាក់ការធនាគារក្នុងទីក្រុងភ្នំពេញថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់៦,៥ភាគរយក្នុងឆ្នាំ២០១១និង៦,៨ភាគរយក្នុងឆ្នាំ២០១២ ពី៦,៣ភាគរយក្នុងឆ្នាំ២០១០។
លោក Peter Brimble បានព្រមានថាប្រទេសកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមមួយចំនួនបើប្រទេសកម្ពុជាចង់សម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាការគិតស្មានលើវិស័យកសិកម្មនឹងកើនឡើង៤,៣ភាគរយក្នុងឆ្នាំ២០១១ដោយសារការបន្តមានការវិនិយោគលើប្រព័ន្ធធារាសាស្ត្រនិងការបង្កើនលទ្ធភាពទទួលបានដីនិងគ្រាប់ពូជដែលផ្តល់ទិន្នផលខ្ពស់។ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្តថាកំណើននៃវិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រមាណ១០,៨ភាគរយដោយផ្អែកទៅតាមសញ្ញាវិជ្ជមានអំពីការបញ្ជាទិញនាពេលអនាគតពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថែមថា ក្នុងករណីសហភាពអឺរ៉ុបសញ្ញាវិជ្ជមាននេះមួយផ្នែកគឺដោយសារមានការបន្ធូរបន្ថយលក្ខខណ្ឌនៃវិធានប្រភពដើមលើការនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា ហើយវិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹង កើនឡើងប្រមាណ៥ភាគរយ។
លោកដួង ប៉ូឡាង មន្ត្រីសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាបានថ្លែងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាកំពុងតែរឹងមាំឡើង ប៉ុន្តែប្រទេសកម្ពុជានៅតែពឹងពាក់យ៉ាងខ្លាំងទៅលើប្រភពជាច្រើនសម្រាប់ជំរុញកំណើន រួមមានវិស័យកសិកម្ម សម្លៀកបំពាក់ ទេសចរណ៍ សំណង់ និងអចនលទ្រព្យ។
លោកដួង ប៉ូឡាង បានបញ្ជាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅតែពឹងពាក់ទាំងស្រុងទៅលើការនាំចូល សម្លៀកបំពាក់ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
«ការនាំចេញសម្លៀកបំពាក់ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងពីប្រមាណ១.៩០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៩ ឡើងដល់ជាង២.២០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១០។ ភ្ញៀវទេសចរណ៍មកដល់កម្ពុជាបានកើនឡើងពី ចំនួន២,២លាននាក់ក្នុងឆ្នាំ២០០៩ ឡើងដល់២,៥លាននាក់ក្នុងឆ្នាំ២០១០ ហើយទទួលបានចំណូលកើនឡើងពី១.៥០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៩ឡើងដល់១.៨០០លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០១០។ វិស័យកសិកម្មបានប៉ាន់ស្មានពីការកើនឡើង៤,២ភាគរយ ហើយជាសំខាន់បានឆ្លុះបញ្ចាំងពីការកើនឡើងក្នុងផលិតកម្មស្រូវនិងទិន្នផលស្រូវកើនឡើងប្រមាណ៥,៥ភាគ រយ (ប្រហែល៨លានតោន)ក្នុងឆ្នាំ២០១១»។
លោក Peter Brimble អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានថ្លែងថា ការបន្តងើបឡើងវិញនៃការនាំចេញ និងវិស័យទេសចរណ៍ក្នុងឆ្នាំ២០១១ នឹងជួយឱ្យប្រទេសកម្ពុជារក្សានិរន្តរភាពនៃការវិលមករកគន្លងកំណើនរយៈពេលវែង៦ទៅ ៧ភាគរយឡើងវិញ។
«យើងមានសេចក្តីជឿជាក់យ៉ាងមុតមាំថាសេដ្ឋកិច្ចកម្ពុជាបានងើបឡើងនៅលើផ្លូវកំណើនយ៉ាងរឹងមាំពី ៦ទៅ៧ភាគរយ។ កត្កាជំរុញកំណើនសេដ្ឋកិច្ចបង្ហាញពីសក្តានុពលយ៉ាងរឹងមាំនៅឆ្នាំ២០១១ ក្នុងខែទី មួយ ឬ ទីពីរ។ ប៉ុន្តែប្រទេសកម្ពុជាជួបប្រទះនឹងការប្រឈមនិងឱកាសនានានៃភាពចម្រុះផ្នែកសេដ្ឋកិច្ចនិងការកែលម្អបរិយាកាសវិនិយោគជាទូទៅ»។
លោកច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១១ និង២០១២នឹងកើនឡើងដល់៨ភាគរយ ព្រោះវាមានចំណុចខ្លាំងជាច្រើនដែលនាំឱ្យមានកំណើនខ្លាំង ក្នុងវិស័យផ្សេងៗ។
លោកច័ន្ទ សុផល បានបន្ថែមថា លោកយល់ស្របជាមួយធនាគារអភិវឌ្ឍន៍អាស៊ីអំពីការប្រឈមរយៈពេលយូរនៃភាពចម្រុះផ្នែកសេដ្ឋកិច្ច។
លោកច័ន្ទ សុផល បានពន្យល់ថាភាពចម្រុះផ្នែកសេដ្ឋកិច្ចមិនត្រូវអាស្រ័យទៅលើវិស័យកសិកម្មស្រូវ សម្លៀកបំពាក់ ទេសចរណ៍ សំណង់ និងអចលនទ្រព្យប៉ុណ្ណោះទេ។ ប៉ុន្តែប្រទេសកម្ពុជាត្រូវពង្រីកការវិនិយោគលើវិស័យផលិតផលបន្លែ និងផ្លែឈើ ព្រមទាំងការចិញ្ចឹមជ្រូក គោ និងមាន់សម្រាប់ការនាំចេញ ហើយផលិតផលរបស់របរប្រើប្រាស់ផ្សេងៗ ដូចជាស្ករស និងគ្រឿងតុ ទូ ជាដើម៕