អង្គការក្រៅរដ្ឋាភិបាលចំនួន១៥ បានរៀបចំសន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី៥ចំនួនពីរថ្ងៃនៅក្នុង ទីក្រុងភ្នំពេញ។នៅក្នុងសន្និសីទនេះ មានការចូលរួមពីប្រជាពលរដ្ឋច្រើនរាប់រយនាក់ដែលបានទទួលរងគ្រោះបាត់បង់ដីធ្លីដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ លោកធនសារ៉ាយ ប្រធានសមាគមអាដហុកបានរកឃើញថា រយៈពេល៩ខែដើមឆ្នាំនេះជម្លោះដីធ្លីបានកើនឡើងរហូតដល់មាន ការចោទប្រកាន់ចាប់ខ្លួនប្រជាពលរដ្ឋចំនួន២៧២ករណី។
អង្គការក្រៅរដ្ឋាភិបាលចំនួន១៥ នៅថ្ងៃពុធនេះ បានរៀបចំសន្និសីទតស៊ូមតិថ្នាក់ជាតិប្រចាំឆ្នាំលើកទីប្រាំរបស់ខ្លួនស្តីពីការរួបរួមគ្នា ដើម្បីធ្វើអភិបាលកិច្ចធនធានធម្មជាតិឲ្យប្រសើរឡើងក្នុងគោលបំណងដើម្បី ផ្តល់ឱកាសដល់រដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ ម្ចាស់ជំនួយ អង្គការក្រៅរដ្ឋាភិបាលនិងសហគមន៍មូលដ្ឋាន ដើម្បីដោះ ស្រាយបញ្ហាធនធានធម្មជាតិឲ្យបានប្រសើឡើង។
សន្និសីទនេះបានធ្វើឡើងចំនួនពីរថ្ងៃ ដោយមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល តំណាងអង្គការក្រៅ រដ្ឋាភិបាល មន្រ្តីស្ថានទូតមកពីប្រទេសអាល្លឺម៉ង់ និងប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការរំលោភ ដីធ្លីមកពីសហគមន៍តាមបណ្តាខេត្តផ្សេងៗ បានចួលរួមច្រើនរាប់រយនាក់។
ប្រជាពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល បានលើកឡើងពីការគាំទ្ររបស់ខ្លួន ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជន។ ក៏ប៉ុន្តែពួកគេ បានលើកឡើងពីផលវិបាកខ្លះពីយន្តការនេះថាបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីធ្លី និងផ្ទះសម្បែង ព្រមទាំងមានការរំលោភសិទ្ឋិមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង។
ប្រជាពលរដ្ឋមកពីសហគមន៍រងគ្រោះ ដោយសារការបាត់បង់ដីធ្លី មកពីបណ្តាខេត្តផ្សេងៗបានរៀបចំសន្និសីទកាសែតដាច់ដោយឡែកមួយ ដោយបានធ្វើការវាយប្រហាររដ្ឋាភិបាលថា បានធ្វើឲ្យពួកគេរស់នៅយ៉ាងវេទនានៅលើគំនរទឹកភ្នែក ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន។
អ្នកស្រីផៅ ញ៉ើង ប្រជាពលរដ្ឋមកពីភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បាន និយាយបណ្តើរ យំបណ្តើរនៅក្នុងពេលសន្និសីទកាសែតថា ប្រជាពលរដ្ឋ កំពុងរងគ្រោះដោយសារ តែក្រុម ហ៊ុន ហេង ហ៊ុយ បានរំលោភយកដីប្រជាពលរដ្ឋ ហើយពួកគាត់ត្រូវប្រឈមមុខនឹងតុលាការ។
«អ្វីដែលពួកយើងកំពុងតែជួបនឹងបញ្ហា គឺដីកាកោះហៅឲ្យរៀងរាល់ថ្ងៃ ពីរថ្ងៃកោះហៅ បីថ្ងៃកោះ ហៅ។ ខ្ញុំអ្នកក្រ។ ខ្ញុំមិនអាចឡើងតុលាការបានទេ។ ដីខ្ញុំ គឺខ្ញុំរស់នៅស្របច្បាប់ភូមិបាលហើយ ហេតុអ្វីបានក្រុមហ៊ុនមកដកដីខ្ញុំ?»
លោកស្រីឡេង ជនជាតិដើមភាគតិចគួយមកពីខេត្តព្រះវិហារ បាននិយាយថា ការផ្តល់ដីសម្បទាន រ៉ែមាសនិងរ៉ែដែកនៅក្នុងខេត្តព្រះវិហារបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។
«ពីខែ៦នេះ មន្ទីរពេទ្យនៅភ្នំដែកអត់មានអ្វីដេកទេ គឺអាសន្នរោគដោយសារអ្វី ឃ្លាំងគីមីនៅកន្លែង នោះ គឺសែនមហាធំ។ ចុះយុទ្ធនាការម្តងហើយទៅបង្រ្កាបតាំងពីក្រសួងរ៉ែ ចុងក្រោយកើតលើសដើមទៀត វាកើតបន្តទៀត អានេះ ដូចលាប់កញ្រ្ជិលស៊ីចំណីខុស»។
លោកគង់ ចាន់ធី ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ដែលបានទទួលរងនូវផលប៉ះពាល់ដោយសារតែការ សាងសង់ទំនប់វ៉ារីអគ្គិសនីយ៉ាលីពីរ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានធ្វើឲ្យប្រជាពលរដ្ឋចំនួន១៨ភូមិដែលមានប្រជាជនសរុបចំនួន១.០២៥គ្រួសារទទួលរងនូវផលប៉ះពាល់ដោយសារតែការសាងសង់ទំនប់វ៉ារីអគ្គិសនីនេះ។
«ប្រជាពលរដ្ឋនៅតំបន់នោះ ត្រូវរុះរើទីលំនៅថ្មី ទីពីរគាត់បាត់បង់ហៅថា បាត់បង់ភូមិដ្ឋាន បាត់បង់វប្បធម៌ប្រពៃណីជនជាតិដើមភាគតិច បាត់បង់ស្រែចំការ បាត់បង់ផលដំណាំ ជាពិសេសបាត់បង់ផលនេសាទ»។
លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ជម្លោះដីធ្លីនៅ ក្នុងរយៈ៩ខែដើមឆ្នាំនេះ បានកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
«យើងបានទទួលនូវករណីប្រហែលជា២៦៥ករណី ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់យើង ហើយមាន ប្រជាពលរដ្ឋ ដែលត្រូវចោទប្រកាន់នេះ គឺថា២៣៥នាក់ នៅក្នុងឆ្នាំទៅ ហើយមានមនុស្ស១៤៧នាក់ បាន ត្រូវចាប់ឃុំខ្លួន ហើយមួយចំនួនទៀតរត់គេចខ្លួន ហើយមួយចំនួនទៀតត្រូវបានដោះលែងជាបន្តបន្ទាប់»។
លោកធន សារ៉ាយ បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះសមាគមសិទ្ធិមនុស្សអាដហុក ទទួលបានចំនួន២៧២ករណី ដែលប្រឈមមុខទៅនឹងការចោទប្រកាន់របស់តុលាការ មានមនុស្សចំនួន១២៨នាក់ ត្រូវបានចាប់ខ្លួន និងជាង១០០នាក់ ផ្សេងទៀត បានរត់គេចពីការចាប់ខ្លួន ហើយចំនួនជាង៥៥នាក់ផ្សេងទៀតកំពុងជាប់ឃុំនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ។
លោក រ័ត្ន សារិន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទតស៊ូមតិថ្នាក់ជាតិថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច គឺដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការពារធនធានធម្មជាតិឲ្យមានប្រសិទ្ធិភាព។
លោកបានមានប្រសាសន៍ថា រដ្ឋាភិបាល បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធបានចំនួន២៣៨ឃុំ-សង្កាត់ នៅ ទូទាំង១៦ខេត្តក្រុង ហើយមានក្បាលដីចំនួនជាង ១លាន៤សែនក្បាល ត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរួចហើយ៕