ភ្នំពេញ៖ ការស្រាវជ្រាវបង្ហាញថា ការរំលោភផ្លូវភេទលើស្ដ្រីកម្ពុជាក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមមានសភាពធ្ងន់ធ្ងរ។ ក្រុមមន្ដ្រីអង្គការសង្គមស៊ីវិល បានទទូចនៅថ្ងៃនេះឲ្យសាលាក្ដីខ្មែរក្រហមផ្តោតការយកចិត្តទុកដាក់ផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះដោយបទល្មើសនេះឲ្យបានត្រឹមត្រូវ។
មន្ដ្រីសង្គមស៊ីវិលបានទទូចនៅថ្ងៃពុធនេះឲ្យសាលាក្ដីខ្មែរក្រហមចាត់បញ្ចូលការរំលោភផ្លូវភេទជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយ ប្រយោជន៍ ដើម្បីផ្ដល់សមភាពនៅក្នុងការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះដោយរបបខ្មែរក្រហម។
ថ្លែងនៅក្នុងសន្និសីទអន្ដរជាតិស្ដីពីយុត្តិធម៌ក្នុងទីក្រុងភ្នំពេញ លោកស្រីស៊ាល ស្ទូហ្ស៊ិនស្គី សហមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបមកពីទីភ្នាក់ងារអភិវឌ្ឈន៍អាល្លឺម៉ង់ មានប្រសាសន៍ថា សាលាក្ដីខ្មែរក្រហមត្រូវតែដោះស្រាយបញ្ហារំលោភផ្លូវភេទនេះឲ្យបានត្រឹមត្រូវ។
«ដើម្បីបញ្ជាក់អំពីអំពើអយុត្តិធម៌ និងដើម្បីបន្ដការប្រឆាំងទល់នឹងនិទណ្ឌភាព ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនៃការរំលោភផ្លូវភេទនេះ ត្រូវតែដោះស្រាយឲ្យបានសមស្រប និងដោយមានការយោគយល់នៅក្នុងការជំនុំជម្រះក្ដី»។
លោកស្រី ស្ទូហ្ស៊ីនស្គី មានប្រសាសន៍ថា សាលាក្ដីខ្មែរក្រហមបានខកខានមិនបានចោទប្រកាន់ឲ្យបានគ្រប់ជ្រុងជ្រោយលើ ជនជាប់ចោទទាំងប្រាំនាក់ ដែលកំពុងតែជាប់ឃុំឃាំង។
«ខ្ញុំចង់សន្និដ្ឋានថា នៅក្នុងករណី០០១ សាលាក្ដីទាំងមូលខកខានមិនបានដោះស្រាយបញ្ហាហិង្សាផ្លូវភេទទេ។ សហចៅក្រមស៊ើបអង្កេត បានខកខាន មិនបានចោទប្រកាន់ជនជាប់ចោទនៅក្នុងករណី០០២ អំពីបទរំលោភសេពសន្ធវៈ និងអំពើរំលោភផ្លូវភេទដទៃទៀត ក្រៅពីការរៀបការដោយបង្ខំនោះ"។
មានអ្នកជំនាញការច្បាប់មកពីសហរដ្ឋអាមរិក បារាំង ជប៉ុន អង់គ្លេស ឥណ្ឌា ឥណ្ឌូណេស៊ី អូស្ដ្រាលី អាល្លឺម៉ង់ Rwanda និងមកពីប្រទេសអៀកឡង់ខាងជើង បានចូលរួមក្នុងសន្និសីទអន្ដរជាតិស្ដីពីយុត្តិធម៌នេះ ដែលរៀបចំដោយអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដើម្បីផ្ដោតជាសំខាន់ទៅលើការរំលោភផ្លូវភេទដល់ជនរងគ្រោះក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
យោងតាមការស្រាវជ្រាវរបស់លោកស្រី កាស៊ូមិ ណាការហ្គាវ៉ា សាស្ដ្រាចារ្យនៃសកលវិទ្យាល័យកម្ពុជា មកពីប្រទេសជប៉ុន បានឲ្យដឹងថា ការរំលោភផ្លូវភេទនៅក្នុងសម័យខ្មែរក្រហម រួមមានការរំលោភមិនបានសម្រេច ការរំលោភជាក្រុម ការចាប់បង្ខំឲ្យរៀបការដោយគូស្វាម៉ីភរិយាមិនបានស្គាល់គ្នាជាមុន ឬដោយមិនបានដឹងខ្លួនជាមុន និងការបង្ខំឲ្យរួមភេទ ក្រោយពីការរៀបការទាំងហ្វូងជាដើម។ ការកាត់ប្រដាប់ភេទ ការយកឧបករណ៍ទៅស៊កបញ្ចូលក្នុងប្រដាប់ភេទ រួមទាំងការស្ម័គ្រចិត្តប្រគល់ខ្លួនប្រាណរបស់ស្ដ្រីទៅឲ្យកម្មាភិបាលខ្មែរក្រហមដើម្បីប្ដូរនឹងស្បៀងអាហារ ឬថ្នាំសង្កូវសុទ្ធតែត្រូវរាប់បញ្ចូលក្នុងអំពើហិង្សាផ្លូវភេទផងដែរ។
លោកស្រីកាស៊ូមិបញ្ជាក់ថា យ៉ាងហោចណាស់មានជនរងគ្រោះចំនួន២០០០០០នាក់ត្រូវពួកខ្មែរក្រហមបង្ខំឲ្យរៀបការ ក្រោមការត្រួតត្រាអំណាចរបស់ពួកគេ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦។
លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ មានប្រសាសន៍ថា សហចៅក្រមស៊ើបអង្កេតបានដាក់បញ្ចូលក្នុងការស៊ើបអង្កេតរបស់ខ្លួននូវបទឧក្រិដ្ឋទាក់ទិនទៅនឹងការរំលោភសេពសន្ធវៈ និងការរៀបការដោយបង្ខំ។ ប៉ុន្ដែបទល្មើសនេះមិនអាចចែងនៅក្នុងបទចោទបាននោះទេ។
«យោងតាមសហចៅក្រមស៊ើបអង្កេត ការរំលោភសេពសន្ធវៈមិនបានស្ថិតនៅក្នុងគោលនយោបាយរបស់របបកម្ពុជាប្រជាធិបតេយ្យនោះទេ ព្រោះថា របបកម្ពុជាប្រជាធិបតេយ្យផ្ដន្ទាទោសចំពោះជនណាដែលប្រព្រឹត្តការរំលោភសេពសន្ធវៈ ។ ហេតុនេះហើយបានជាសហចៅក្រមស៊ើបអង្កេតមិនអាចធ្វើការចោទប្រកាន់ទៅលើជនជាប់ចោទទាំងបួននោះទេ"។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតចន្លោះពី១,៧លាននាក់ទៅ២,២លាននាក់។ ជនជាប់ចោទចំនួនប្រាំនាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ក្នុងនោះមាននួន ជា ខៀវ សំផន អៀង សារី អៀងធារិទ្ធ និងឌុច អតីតប្រធានគុកទួលស្លែង ដែលត្រូវផ្ដន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ កាលពីពេលថ្មីៗនេះ។
អ្នកស្រឡាញ់គ្នាដោយលួចលាក់ ឬដោយមិនមានការយល់ព្រមពីអង្គការរបស់ពួកខ្មែរក្រហមត្រូវចាត់ទុកជាខ្មាំង ឬជាជនក្បត់ ហើយជាទូទៅជនរងគ្រោះត្រូវពួកខ្មែរក្រហមសម្លាប់ចោល៕