ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល​ស្នើ​ឱ្យ​បង្កើន​ថវិកា​សម្រាប់​វិស័យ​កសិកម្ម


កសិករ​​ខ្មែរ​ដាំស្រូវ​នៅ​ក្នុង​រដូវ​វស្សា​។
កសិករ​​ខ្មែរ​ដាំស្រូវ​នៅ​ក្នុង​រដូវ​វស្សា​។

ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល ​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការបែងចែក​ថវិកា​តិចតួច​សម្រាប់​វិស័យកសិកម្ម​នៅក្នុង​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១១​ ដែល​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់​ជំរុញ​កំណើន​ និងការកាត់​បន្ថយ​ភាព​ក្រីក្រ​។ គម្រោង​ថវិកា​ជាតិ​ឆ្នាំ២០១១​ បាន​បង្កើន​ថវិកា​សម្រាប់​វិស័យ​កសិកម្ម​លើស​ឆ្នាំ ២០១០​ តែ​បីលាន​ដុល្លារ​អាមេរិកប៉ុណ្ណោះ​។ អ្នកជំនាញ​សេដ្ឋកិច្ច ​និង​កសិកម្ម​បាន​ផ្តល់​អនុសាសន៍​ដល់​រាជ​រដ្ឋាភិបាល​ឱ្យ​បង្កើន​ថវិកា​បន្ថែម​ទៀត​ដល់​វិស័យ​កសិកម្ម​។

នៅ​ថ្ងៃអង្គារ៍​នេះ​ អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​រិះគន់​រដ្ឋាភិបាល​អំពី​ការបែងចែក​ថវិកា​តែ​ជាង​២៤ លាន​ដុល្លារ​អាមេរិក​នៃ​ថវិកា​សរុប​ជាង​២.៤០០លាន​ដុល្លារ​អាមេរិក ​នៅក្នុង​សេចក្តី​ព្រាង​ច្បាប់​ថវិកា ជាតិ​ឆ្នាំ២០១១​ទៅ​ឱ្យ​ក្រសួង​កសិកម្ម​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។

លោក ​ឈិត សំអាត ​នាយក​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ​បាន​ថ្លែង​ពី​ទស្សនៈ​វិស័យ​ ស្តីពី​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០១១ថា រាជរដ្ឋាភិបាល​គួរ​ផ្តល់​អាទិភាព​ដល់​វិស័យ​កសិកម្ម​ សំដៅ​ធានា​សន្តិសុខ​ស្បៀង ​សម្រាប់​ប្រជាកសិករ​ និង​ការកាត់​បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការបង្កើន ថវិកា​បន្ថែម​ទៀត​ដល់​វិស័យ​កសិកម្ម។

«​ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ចំពោះ​រាជរដ្ឋាភិបាល​ ដើម្បី​ឱ្យ​ថវិកា​ជាតិ​របស់ យើង​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្រីក្រ។ រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋសភា ​គួរតែ​បែងចែក​ថវិកា​បន្ថែម​ទៀត​ដល់​វិស័យ​កសិកម្ម​ជាពិសេស​ដោយ​មាន​សមាមាត្រ​ទៅនឹង​ចំនួន​បុគ្គលិក​ និងតម្រូវ ការ​ជាក់​ស្តែង​នៅ​ថ្នាក់​ក្រោមជាតិ​ ដូចជា ​សេវា​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ ស្រាវជ្រាវ ​និង​សិក្សា​»។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​គោលនយោបាយ​នាំ​អង្ករ​ចេញ​ឱ្យ​សម្រេច​បាន​មួយ​លាន​តោន​ក្នុង មួយឆ្នាំ​នៅ​ឆ្នាំ២០១៥​។ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៨៥​ភាគរយ​រស់​នៅ​ក្រីក្រ​តាម​តំបន់​ជនបទ​ និង ប្រកប​របរ​កសិកម្ម​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

កាលពី​ខែ​តុលា​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការនាំ​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិ​ន​ប្រកប​ដោយ​គុណភាព​ និង​អនាម័យ។

លោក ​ច័ន្ទ សុផល​ ប្រធា​នសមាគម​សេដ្ឋកិច្ច​កម្ពុជា​ បាន​ថ្លែង​ថា ការបែងចែក​ថវិកា​សម្រាប់​វិស័យ កសិកម្ម​ ដែល​ជួយ​ដោយ​ផ្ទាល់​ដល់​កសិករ​តូចតាច​នោះ​នៅ​មាន​កម្រិត​តិច​នៅឡើយ​។

«បើ​សិន​ជា វិស័យ​កសិកម្ម​បាន​ថវិកា​១០​លានដុល្លារ​អាមេរិក​បន្ថែម​ទៀត​ សម្រាប់​មន្ត្រី​កសិកម្ម​ធ្វើការ​ផ្សព្វផ្សាយ​កសិកម្ម​និង​ជួយ​បម្រើក​សិករ​តូចតាច​ប្រហែល​ជា​បាន​ទិន្នផល​ និង​លទ្ធផល​ខ្ពស់​មែនទែន​ ការបន្ថែម​ថវិកា​ត្រឹម​១០​លាន​ដុល្លារ​អាមេរិក​ទៅ​២០​លានដុល្លារ​អាមេរិក​នេះ ​មើលទៅ​មិន​បញ្ហា​ចោទ​ ទេ​ដោយសារ​យើង​មាន​ថវិកា​បម្រុង​១០០លាន​ដុល្លារអាមេរិក​ក្នុង​មួយឆ្នាំៗ​ដែលយើង​មិនទាន់​បែង​ចែក»។

លោក​ជាម យៀប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ បាន​ថ្លែងថា​រាជរដ្ឋាភិបាល​ ខំប្រឹងប្រែង​លើ​ក​កម្ពស់​វិស័យ​កសិកម្ម​ ដោយ​ខំ​បង្កើន​ថវិកា​សម្រាប់​វិស័យ​កសិកម្ម​ដល់​ជាង​២៤លាន​ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១១​ពី​ចំនួន​ជាង​២១លាន​ ដុល្លាអាមេរិក​ក្នុង​ឆ្នាំ២០១០​។

«សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១១​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​ខាង​សេដ្ឋកិច្ច​ របស់​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​គោលបំណង​ធានា​ឱ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ និង​ការ ធានា​ឱ្យ​បាន​នូវ​ការលើក​កម្ពស់​ វិស័យ​កសិកម្ម ​ការកាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​ឱ្យ​បាន​លើស​ពីមួយ​ ភាគរយ​ក្នុង​មួយឆ្នាំ»។

លោក​យ៉ង់ សាំងកុមា​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ បាន​ថ្លែងថា ថវិកា​ជាង ២៤​លាន​ដុល្លារ​អាមេរិក​នេះ មាន​ចំនួន​តិចតួច​ណាស់​សម្រាប់​វិស័យ​កសិកម្ម​ដែល​រាជរដ្ឋាភិបាល​គួរ តែ​បង្កើន​ថវិកា​បន្ថែម​ទៀត​។

«យើង​ចង់​ឃើញ​ឱ្យ​ថវិកា​កើន​ឱ្យ​បាន​ច្រើន​សម្រាប់​វិស័យ​កសិកម្ម​នៅ​មូលដ្ឋាន ​ដើម្បី​ឱ្យ​មាន​មន្ត្រី​កសិ កម្ម​ចុះ​ធ្វើ​ការងារ​ជាមួយ​កសិករ​ពន្យល់​ណែនាំ​ការងារ​បច្ចេកទេស​មាន​ការខ្វះខាត​ខ្លាំង​មែនទែន»។

តាម​ការស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក​ បាន​បង្ហាញ​ថា ការចំណាយ​លើ​ការផ្សព្វផ្សាយ​កសិកម្ម​ ទទួល​បាន​ផល​ចំណេញ​ខ្ពស់។​ បើ​ចំណាយ​មួយ​ដុល្លារ​ធ្វើការ​ផ្សព្វផ្សាយ​កសិកម្ម ​វា​ទទួល​បាន​ផល ចំណេញ​បួនដុល្លារ​មកវិញ​៕

XS
SM
MD
LG