តំណាងសហគមន៍ជនរងគ្រោះជម្លោះដីធ្លីនៅទូទាំងប្រទេសកម្ពុជាបានផ្តល់អនុសាសន៍នៅថ្ងៃពុធនេះថា តុលាការគួរតែបញ្ឈប់ការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងអ្នកតវ៉ាជម្លោះដីធ្លី។
តំណាងសហគមន៍ និងតំណាងរដ្ឋាភិបាលប្រមាណ១០០នាក់បានជួបជុំគ្នារយៈពេលពីរថៃ្ងក្នុងសិក្ខាសាលាមួយ ដើម្បីពិភាក្សាស្ថានភាពបច្ចុប្បន្ននៃបញ្ហាដីធ្លី និងយន្តការដោះស្រាយដែលបានបញ្ចប់ដោយមានអនុសាសន៍មួយចំនួនដូចជា គួរបញ្ឈប់ការផ្តល់សម្បទានសេដ្ឋកិច្ចដែលមានទំហំធំជាងច្បាប់កំណត់ ការពន្លឿនការចុះបញ្ជីជាប្រព័ន្ធសម្រាប់ដីសហគមន៍របស់ជនជាតិដើមភាគតិចដើម្បីធានាសិទ្ធិរបស់ពួកគេរស់នៅក្នុងសង្គមស្របតាមច្បាប់ និងអាចបញ្ចៀសបាននូវជម្លោះផ្សេងៗដែលចាំបាច់ និងមិនគួរបន្តចាប់ខ្លួនឬ ចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះរឿងរ៉ាវពាក់ព័ន្ធនឹងវិវាទដីធ្លីនោះទេ។
លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងនៅក្នុងការបិទសិក្ខាសាលារយៈពេលពីរថ្ងៃនៅថ្ងៃនេះថា រដ្ឋាភិបាលគួរពិចារណាយុទ្ធសាស្ត្រនានា ដើម្បីជៀសវាងការអភិវឌ្ឍណាដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងរំលោភសិទ្ធិមនុស្ស។ លោកថ្លែងថា៖
«ជាក់ស្តែងមានបញ្ហាសំខាន់ៗ មួយចំនួនដែលបានលើកឡើងដោយតំណាងសហគមន៍ ដើម្បីជំរុញឱ្យមានការដោះស្រាយបញ្ហារបស់គាត់ដែលបានរងគ្រោះ ដូចជា ការបង្កហិង្សា ការចាប់ខ្លួនតំណាង សហគមន៍អំពីបទព្រហ្មទណ្ឌដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លី ការរំលោភអំណាចរបស់អាជ្ញាធរមូលដ្ឋាន ដោយការធ្វេសប្រហែស ឬដោយកំហុសនីតិវិធី»។
អ្នកស្រី ទេព វ៉ាន្នី តំណាងសហគមន៍បឹងកក់បាននិយាយក្នុងសិក្ខាសាលាថា អ្នកស្រីគ្មានជំនឿលើ តុលាការទេ។ អ្នកស្រីថ្លែងដូច្នេះថា៖
«អាជ្ញាធរបានចាប់ពួកខ្ញុំនៅតំបន់យកទៅដាក់ឃុំឃាំង។ ពួកខ្ញុំអត់កាន់ដុំថ្មគប់គេផង គេបង្ខំឱ្យផ្តិតមេដៃថា ពួកខ្ញុំកាន់ដុំថ្មគប់ពួកគេ។ អញ្ចឹងពួកខ្ញុំអត់ជំនឿហើយ។ វាអាចប្រឈមនឹងការជាប់ពន្ធនាគារទៀតចំពោះអ្នករងគ្រោះ ដោយសារដីធ្លី និងការប្រឈមនឹងការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋាន»។
លោក យាន ស៊ីណា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ជួយពន្យល់ណែនាំពលរដ្ឋកុំឱ្យកាន់កាប់ដីរដ្ឋដែលមិនស្របច្បាប់។ លោកស៊ីណាថ្លែងថា៖
«អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ពន្យល់ណែនាំប្រជាពលរដ្ឋកុំឱ្យពួកគាត់រារាំងដល់ការអនុវត្តសាលក្រម ឬ សាលដីការបស់តុលាការ។ ក្នុងករណីដែលមានការរារាំងការ អនុវត្តសាលក្រម ឬសាលដីការបស់តុលាការ ការដុតបំផ្លាញសម្ភារៈគ្រឿងចក្រ នាំឱ្យមានការចាប់ខ្លួន និងឃាត់ខ្លួនប្រជាពលរដ្ឋ ហើយធ្វើឱ្យប្រជាពលរដ្ឋចោទប្រកាន់តុលាការថា ចាប់ប្រជាពលរដ្ឋដែល ពាក់ព័ន្ធនឹងជម្លោះដីធ្លី។ ការចាប់ ឬឃាត់ខ្លួនប្រជាពលរដ្ឋរបស់តុលាការមិនមែនជា ការចាប់ខ្លួនពាក់ព័ន្ធនឹងជម្លោះដីធ្លីទេ»។
គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងសមាគមសិទ្ធិមនុស្សអាដហុក បានព្រមព្រៀងគ្នាបង្កើតក្រុមការងាររួមមួយ ដើម្បីស៊ើបអង្កេតរឿងជម្លោះដីធ្លីសម្រាប់ធ្វើរបាយការណ៍ លើកអនុសាសន៍ជូនរដ្ឋាភិបាលធ្វើការដោះស្រាយ៕