ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​និង​អង្គការ​សង្គមស៊ីវិល​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​​​​ការ​ប្រជុំ​ក្នុង​វេទិកា​សាធារណៈ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​​​​ការ​ប្រជុំ​ក្នុង​វេទិកា​សាធារណៈ។

តំណាង​រដ្ឋាភិបាល ​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ពិភាក្សា​គ្នា​យ៉ាង​តឹងតែង​លើ​សេចក្តី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​ពិពណ៌នា​ហៅថា​ ​ជាការ​គំរាមកំហែង​ និង​គាប​សង្កត់​លើ​សកម្មភាព​ និង​សិទ្ធិ​សេរីភាព​របស់​ពួកគេ។

លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើក​ទឹកចិត្ត​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ចូលរួម​ផ្តល់​មតិ​យោបល់​នានា ​ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​ឱ្យ​ច្បាប់​នេះ​កាន់តែ​ល្អ​ប្រសើរ​មុន​នឹង​ដាក់​ជូន​រដ្ឋាភិបាល​ និង​រដ្ឋសភា។

នៅ​ថ្ងៃច័ន្ទ​នេះ​ លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​បាន​បដិសេធ​ការ​លើក​ឡើង​ ការព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ថា​ ​សេចក្តី​ព្រាងច្បាប់​អំពី​សមាគម​និង​អង្គការ​ក្រៅរដ្ឋាភិ​បាលមាន​គោលដៅ​គំរាមកំហែង​ និង​បំភិតបំភ័យ​ប្រឆាំង​នឹង​អង្គកា​រសង្គម​ស៊ីវិល។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការគំរាម​កំហែង​នៃ​ការព្យួរ ​ឬ​ការ​ បញ្ចប់​សកម្មភាព​របស់​ពួកគេ​ ​ការ​រឹតបន្តឹង​សេរីភាព​ និង​សិទ្ធិបុគ្គល​ នីតិ​វិធី​ចុះបញ្ចី​ ​កាតព្វកិច្ច​របស់ អង្គការ​សង្គមស៊ីវិល​ ដើម្បី​រាយការណ៍​ពី​សកម្មភាព​នានា​ ​លក្ខខណ្ឌ​នៃ​ថវិកា​ និង​ផែនការ​សកម្មភាព​ នៅ​ក្រោម​ច្បាប់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្មី​នេះ។

មនុស្ស​ប្រមាណ​៣០០នាក់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​បរទេស​ ព្រមទាំង​តំណាង​អង្គទូត​បរទេស​ប្រចាំ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ បាន​ចូលរួម​នៅក្នុង​ការ​ពិគ្រោះ​យោបល់​សាធារណៈ​លើ​សេចក្តី ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​ធ្វើការ​ពិភាក្សា​រវាង​តំណាង​ក្រសួង​មហាផ្ទៃ​ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​នេះ​ថា​ ​បើ រដ្ឋាភិបាល​មាន​ផែនការ​គំរាមកំហែង ​ឬ​គាបសង្កត់​លើ​អង្គការ​សង្គមស៊ីវិល​នោះ​ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​៣០០០​ដែល​បាន​ចុះបញ្ចី​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ និង​ក្រសួង​មហាផ្ទៃ​នោះទេ​ ​ហើយ​ច្បាប់​នេះ​ក៏​មិនត្រូវ​បាន​យកមក​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ថ្ងៃ​នេះ​ដែរ។

«អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​មាន​បំណង​ដើម្បី​គំរាមកំហែង​ និង​គាបសង្កត់​ទៅ​លើ​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ ជំហរ​របស់​រដ្ឋាភិបាល​មិនមាន​ជំហរ​បែប​នេះ​ទេ​ ​ហើយ​សុំ​ជំទាស់​ទៅនឹង​អ្វី​ដែល​បាន​លើក​ឡើង​នេះ។​ មាន​មូលហេតុ​ពីរ​យក​មក​អះអាង​ថា​ ​រដ្ឋាភិបាលគ្មាន​ការ​គំរាមកំហែង​ ឬ​គ្មាន​បំណង​គំរាមកំហែង»។

លោក​ឧប​នាយក​រដ្ឋមន្ត្រីស ខេង​បាន​បញ្ជាក់ថា​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ ​និង​បរទេស​នៅ​ក្នុង ប្រទេស​កម្ពុជា​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​គ្រប់ផ្នែក​លើ​ការ​អភិវឌ្ឍ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​សង្គម កិច្ច​ព្រមទាំង​ការ​កសាង​ និង​ការពង្រឹង​លទ្ធិប្រជាធិប​តេយ្យ​និង​ការតស៊ូ​មតិ​ដែល​រដ្ឋាភិបាល​ចាត់ទុក​ ថា​ ​ជា​សកម្មភាព​រួម​ចំណែក​យ៉ាង​សំខាន់​ដែល​មិន​អាច​ខ្វះបាន​ដល់​ការអភិវឌ្ឍន៍​កម្ពុជា។

លោក​ស៊ិន សុមុន្នី ​ប្រធាន​អង្គការ​ Medicam ​បាន​បញ្ជាក់ថា​ ​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​មិន​ច្បាស់​លាស់​នៃ​និយមន័យ​ ​ដំណើរ​ការ​នីតិវិធី​ចុះ​បញ្ចី​ ដើម្បី​អនុវត្ត​សកម្មភាព​ការ​ងារ​ និង​លក្ខន្តិកៈ​បង្កើត​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​បច្ចុប្បន្ន​រឹត​បន្តឹង​ដល់​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ទាំងអស់​នេះ​ ​ពីព្រោះ​វា​បង្កើត​ជា​ឧបសគ្គ​ចម្បង​នៅ​ក្នុង​ការ​ចុះបញ្ជី​ និង​ការ​អនុវត្ត​សកម្ម​ភាព​របស់​ពួកគេ។​ សេចក្តីថ្លែង​ការណ៍​បាន​បន្ត​ថា​ ​ផលវិបាក​ដែល​កើតចេញ​ពីច្បាប់​នេះ​បាន​ធ្វើឱ្យ​ថយចុះ​នូវការ​ផ្តល់​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​សំខាន់ៗ​ជាច្រើន​ ដែល​បាន​នឹង​កំពុង​អនុវត្ត​ដោយ​សហការ​ជាមួយ​រាជ​រដ្ឋាភិ​បាល​នៅពេល​បច្ចុប្បន្ន​ ​ហើយ​កាត់​បន្ថយ​ប្រភព​មូលនិធិ​ ដែល​គ្រោងនឹង​ផ្តល់​ឱ្យ​ថ្មី​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​រយៈ​ពេល​យូរ​អង្វែង​ផង​ដែរ។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា​ ​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ក្នុងស្រុក ​និងអន្តរ​ជាតិ​ទាំងអស់​មាន​ការ​ ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ផលវិបាក ដែល​អាចនឹង​កើតមាន​ឡើង​នៅ​ពេល​ដែល​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ និង​ចូល​ជាធរមាន​ ​ប្រសិន​បើ​គ្មាន​ការ​កែប្រែ​ទេ​នោះ។

លោក​នុត សាអាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ​បាន​ថ្លែង​ថា​ ​លោក​នឹង​ទទួល​យក​អនុសាសន៍​ទាំង​អស់​របស់​អង្គការ​សង្គមស៊ីវិល​ទៅ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ការ​បរទេស​ដើម្បី​ពិចារណា​ និង​សម្រេច៕

XS
SM
MD
LG