ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលបានបរិហារនៅថ្ងៃនេះថា អំពើធ្វើទារុណកម្មនៅតែមានសភាពធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ហើយការប្រព្រឹត្តជាទូទៅធ្វើឡើងដោយក្រុមសមត្ថកិច្ច និងភ្នាក់ងាររបស់រដ្ឋាភិបាល។
ក្រុមអង្គការក្រៅរដ្ឋាភិបាលនៅប្រទេសកម្ពុជាបានបរិហារនៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាមិនមានវិធានការសមស្របនៅឡើយ ដើម្បីទប់ស្កាត់ និងដាក់ទោសឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម ដែលពួកគេរកឃើញថា មន្ដ្រីសាធារណៈគឺជាអ្នកប្រព្រឹត្ត។ សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ មុននឹងគណៈកម្មការរបស់អង្គការសហប្រជាជាតិប្រឆាំងការធ្វើទារុណកម្ម បើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលរបាយការណ៍ស្រមោលរបស់អង្គការក្រៅរដ្ឋាភិបាលស្ដីពីអំពើទារុណកម្មនៅទីក្រុងហ្សឺណែវប្រទេសស្វីស។ របាយការណ៍នេះធ្វើឡើងដោយអង្គការក្នុងស្រុកចំនួនប្រាំ ដែលជាសមាជិករបស់គណៈកម្មាធិការប្រព្រឹតិ្តកម្ម ហើយត្រូវបានផ្ញើជូនអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន ដើម្បីធ្វើការផ្ទៀងផ្ទាត់គ្នាជាមួយរបាយការណ៍ដែលផ្ដល់ដោយរដ្ឋាភិបាល។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន គណៈកម្មាធិការប្រព្រឹតិ្តកម្មនៃអង្គការ និងសមាគមការពារសិទ្ធិមនុស្សចំនួន២៣ បានលើកឡើងថា ករណីភាគច្រើននៃការធ្វើទារុណកម្មកើតឡើងនៅក្នុងការិយាល័យរបស់នគរបាលនៅពេលដែលជនសង្ស័យត្រូវបានដាក់ក្នុងការឃុំឃាំងបណ្ដោះអាសន្នរយៈពេលខ្លី ហើយជាញឹកញាប់នគរបាលធ្វើទារុណកម្មដើម្បីជំរិតយកចម្លើយសារភាពរបស់ជនត្រូវចាប់ខ្លួន។ សេចក្ដីប្រកាសព័ត៌មានដែលបានដកស្រង់ចេញពីរបាយការណ៍ផ្ញើជូនអង្គការសហប្រជាជាតិ បានបញ្ជាក់បន្ថែមថា ទម្រង់នៃការធ្វើទារុណកម្ម និងការប្រព្រឹត្តដ៏អាក្រក់ផ្សេងៗទៀតរបស់ក្រុមមន្ដ្រីសាធារណៈរបស់ប្រទេសកម្ពុជា មានជាអាទិ៍ការវាយដំ ការដាក់ខ្នោះដៃ ខ្នោះជើង ការឆក់ខ្សែភ្លើង ការគំរាមកំហែង និងបំភិតបំភ័យដល់គ្រួសារ និងមិត្តភ័ក្តិរបស់ជនដែលត្រូវចាប់ខ្លួនជាដើម។
លោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកមិញថា ការធ្វើទារុណកម្មបានក្លាយទៅជាវប្បធម៌មួយរបស់ក្រុមសមត្ថកិច្ចកម្ពុជា។
«យើងឃើញថា ភ្នាក់ងាររដ្ឋរបស់យើងនៅតែប្រើប្រាស់វប្បធម៌របស់ខ្លួនក្នុងការចាប់ខ្លួនមនុស្សដោយប្រើអំពើហិង្សា»។
លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានបង្ហាញថា អង្គការរបស់លោកបានរកឃើញថា មានការធ្វើទារុណកម្មជាច្រើននៅតាមមន្ទីរឃុំឃាំង និងនៅតាមការិយាល័យរបស់ក្រុមប៉ូលិសយុត្តិធម៌។
«យើងឃើញការធ្វើទារុណកម្ម ១១៨ករណី ក្នុងពន្ធនាគារចំនួន១៨ដែលអង្គការលីកាដូ បានឃ្លាំមើល។ ហើយនៅក្នុងនោះទារុណកម្មភាគច្រើនគឺនៅក្នុងប៉ុស្ដិ៍ប៉ូលិស។ ហើយនៅក្នុងឆ្នាំ២០១០នេះ គិតមកត្រឹមខែ១០ យើងមាន១០១ករណី នៅក្នុងពន្ធនាគារចំនួន១៨ ភាគច្រើនក៏ជាទារុណកម្មនៅក្នុងប៉ុស្ដិ៍មន្ដ្រីនគរបាលយុត្តិធម៌ដែរ»។
ប្រទេសកម្ពុជា បានចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីការប្រឆាំងនឹងអំពើទារុណកម្មកាលពីឆ្នាំ១៩៩២។ ការធ្វើទារុណកម្ម បើតាមនិយមន័យរបស់អង្គការសហប្រជាជាតិ គឺចង់សំដៅទៅលើការធ្វើអំពើទាំងឡាយណាដែលនាំឲ្យឈឺចាប់ ឬធ្វើឲ្យមានការរងទុក្ខខ្លាំង ទាំងផ្លូវកាយ ឬចិត្ត បង្កដោយចេតនាដើមទាញយកព័ត៌មាន ការដាក់ទណ្ឌកម្ម ការបំភិតបំភ័យតាមរូបភាពរើសអើងបង្កដោយមន្ដ្រីសាធារណៈ ឬជនផ្សេងទៀត។
មានប្រទេសសរុបចំនួន១៤៦ ជាហត្ថលេខីនៃសន្ធិសញ្ញានេះ។ សន្ធិសញ្ញានេះ ត្រូវបង្កើតឡើងដើម្បីទប់ស្កាត់ ចាត់ការតាមផ្លូវច្បាប់ ផ្ដល់នូវសំណងចំពោះការទទួលរងនូវការធ្វើទារុណកម្ម និងបញ្ចប់នូវនិទណ្ឌភាពចំពោះការធ្វើទារុណកម្ម។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល គណៈកម្មាធិការប្រព្រឹតិ្តកម្មសង្កត់ធ្ងន់ថា ១៨ឆ្នាំមកនេះ ស្ថានភាពនៃការធ្វើទារុណកម្មដោយក្រុមមន្ដ្រីកម្ពុជានៅតែជាការគួរឲ្យព្រួយបារម្ភ។
លោកឧត្តមសេនីយ៍ ខៀវ សុភក្ដ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិលគ្រាន់តែជារូបភាពមួយសម្រាប់បង្ហាញជូនអង្គការសហប្រជាជាតិតែប៉ុណ្ណោះ។
«ខ្ញុំយល់ថា នេះគ្រាន់តែជាការបំពងសម្លេងមុនកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ហើយដែលយើងចាត់ទុកថា យើងមិនសង្ឃឹមថា អង្គការទាំងអស់នោះនិយាយល្អពីកម្ពុជាទេ»។
លោក ខៀវ សុភក្រ្តមានប្រសាសន៍ថា កម្ពុជាបានបង្កើតគណៈកម្មាធិការមួយដើម្បីប្រឆាំងនឹងអំពើធ្វើទារុណកម្ម ប៉ុន្ដែលោកសួន សារ៉េត អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម លើកឡើងថា នេះគ្រាន់តែជាការរីកចម្រើនមួយផ្នែកតែប៉ុណ្ណោះនៅក្នុងការទប់ស្កាត់ការធ្វើទារុណកម្មនៅក្នុងប្រទេស។ ជាមួយគ្នានេះដែរ លោកហុង គឹមសួន មេធាវីមួយរូបរបស់អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បញ្ជាក់ថា កម្ពុជានៅខ្វះចន្លោះផ្នែកច្បាប់ក្នុងការផ្ដន្ទាទោសលើជនប្រព្រឹត្តការធ្វើទារុណកម្ម៕