ភ្នំពេញ៖ ភាពយន្តឯកសារ «នរណាសម្លាប់ជា វិជ្ជា» ត្រូវបានស្នើដាក់បញ្ចាំងនៅសួនសេរីភាពនៅថ្ងៃពុធខាងមុខនេះ ប៉ុន្តែត្រូវបានបដិសេធដោយមន្ត្រីរដ្ឋាភិបាល ដោយសំអាងថា ភាពយន្តឯកសារនេះត្រូវបានផលិតដោយគ្មានអនុញ្ញាត។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅថ្ងៃចន្ទ័នេះ ដាក់លិខិតជាផ្លូវការទៅសាលា ក្រុងភ្នំពេញ ដើម្បីស្នើសុំឲ្យមានការដាក់បញ្ចាំងខ្សែភាពយន្តដ៏រសើបមួយ ដែលមានឈ្មោះថា «នរណាសម្លាប់ជា វិជ្ជា» ថ្ងៃពុធខាងមុខនេះ នៅសួនសេរីភាព ឬសួនប្រជាធិបតេយ្យ ដែលមានទីតាំងនៅខាងក្រោយស្ថានទូតសហរដ្ឋអាមេរិក ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ សួននេះ សាលាក្រុងភ្នំពេញ ទើបតែបើកសម្ភោធដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ ដើម្បីឲ្យប្រជាពលរដ្ឋសម្តែងមតិដោយមិនចាំបាច់សុំច្បាប់ពីរដ្ឋាភិបាលទេ គឺគ្រាន់តែជួនដំណឹងតែប៉ុណ្ណោះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានមានប្រសាសន៍ថា គោលបំណងដែលលោកស្នើសុំឲ្យមានការដាក់បញ្ចាំងខ្សែភាពយន្តនេះ គឺដើម្បី ចង់ឲ្យមហាជនដឹងពីការសម្លាប់លោកជា វិជ្ជា និងពន្លឿនឲ្យរដ្ឋាភិបាលខ្មែរធ្វើការស៊ើបអង្គេតទៅលើករណីនេះឲ្យបានឆាប់ ដើម្បីរកមុខឃាដករ និងអ្នកនៅពីក្រោយខ្នងមកកាត់ទោសតាមច្បាប់។ លោកឈុន ថ្លែងថា៖
«គោលបំណងនៃការបញ្ចាំងនេះ ចង់ឲ្យបងប្អូនកម្មករ កម្មការី ប្រជាពលរដ្ឋ ក៏ដូចជា អ្នកសារព័ត៌មាន បានទស្សនាស្វែងយល់ ថាតើ អ្នកណាជាអ្នកសម្លាប់ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា»។
ខ្សែភាពយន្ត «នរណាសម្លាប់ជា វិជ្ជា» នេះ បានផលិតឡើងដោយលោក ប្រេដលី ខក់ (Bradely Cox) ដែលជាជនជាតិអាមេរិក។
ខ្សែភាពយន្តឯកសារនេះ មានរយៈពេលប្រមាណ៥៧នាទី ដែលលោក ប្រេដលី ខក់ បានផលិតឡើងតាំងពីឆ្នាំ២០០៤។
លោកប៉ា សុជាតិវង្ស អភិបាលរងក្រុងភ្នំពេញ មានប្រសាសន៍ថា ជាគោលការណ៍ ខ្សែភាពយន្តនេះ មិនអនុញ្ញាតឲ្យមានការដាក់បញ្ចាំងជាសាធារណៈទេ ហើយថា លោកអត់ទទួលខុសត្រូវចំពោះខ្លឹមសារនៃខ្សែភាពយន្តទេ សាលាក្រុងភ្នំពេញអនុញ្ញាតឲ្យទីតាំងតែប៉ុណ្ណោះ។ លោកថ្លែងថា៖
«ព្រោះរឿងអញ្ចឹងៗ ត្រូវមានការពិនិត្យមួយពីស្ថាប័នមានសមត្ថកិច្ច។ រឿងអ្វីក៏ដោយត្រូវតែមានការ ឆ្លងពិនិត្យ ការប្រើបាន ឬប្រើមិនបាន អាហ្នឹងមានសមត្ថកិច្ចគេត្រឹមត្រូវ»។
លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយថា ខ្សែភាពយន្តនេះ ពុំបានស្នើសុំឲ្យមានការផលិតស្របច្បាប់ទេ។ លោកបានមានប្រសាសន៍ទៀតថា ខ្សែភាពយន្តណាមួយ ដែលផលិតឡើងដោយអត់ច្បាប់ មិនអនុញ្ញាតឲ្យមានការដាក់បញ្ចាំងជាសាធារណៈជាដាច់ខាត។ លោកចាន់សាយ៉ាបន្តថា៖
«បើអត់ច្បាប់ បានន័យថា បញ្ចាំងអត់បាន»។
លោកឧត្តមសេនីយឯក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អាជ្ញាធរ និងបង្រ្កាបប្រសិនណាបើលោក រ៉ុង ឈុន ប៉ុនប៉ងបញ្ចាំងខ្សែភាពយន្តដែលមានលក្ខណៈអត់ច្បាប់នេះ។ លោកបញ្ជាក់ថា៖
«អត់មានច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ឋណាមួយ ដើម្បីឲ្យផលិតខ្សែវីដេអូរហ្នឹងទេ ការបញ្ចាំង ខ្សែវីដេអូនេះជាសាធារណៈប្រាកដជាមិនអាចធ្វើទៅបានទេ ព្រោះខ្សែវីដេអូនេះមិនបានកើតឡើងដោយ ច្បាប់អនុញ្ញាត ដូច្នេះការសុំអនុញ្ញាត ដើម្បីបញ្ចាំងនេះ ក៏មិនអាចអនុញ្ញាតជូនបានដែរ»។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា ប្រសិនណាបើរដ្ឋាភិបាលមិនអនុញ្ញាតឲ្យលោកបញ្ចាំងខ្សែ ភាពយន្តនេះ រដ្ឋាភិបាល គួរតែលុបចោលសួនសេរីភាពនេះចេញទៅ ពីព្រោះមិនបានបំរើដល់សេរីភាពសម្តែងមតិរបស់ពលរដ្ឋខ្មែរទេ។
រដ្ឋសភារបស់ប្រទេសកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០០៩ បានអនុម័តច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយ សន្តិវិធី ដោយតម្រូវឲ្យរាជធានី ខេត្តក្រុងនៅទូទាំងប្រទេសទាំងអស់ធ្វើសួនសម្តែងមតិមួយមិនឲ្យលើសពីប្រាំមួយខែទេ បន្ទាប់ពីច្បាប់នេះចូលជាធរមាន ក៏ប៉ុន្តែរហូតមកដល់ពេលនេះ អស់រយៈពេលជិតមួយឆ្នាំមកហើយនៅក្នុងចំណោម២៤ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា មានតែទីក្រុងភ្នំពេញតែប៉ុណ្ណោះ ដែលបានបង្កើតសួនសេរីភាពនេះឡើង៕