រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលមន្ត្រីប៉ូលីសជាន់ខ្ពស់បួននាក់នៃគណបក្សគ្រប់គ្រងប្រទេសត្រូវចាប់ឃុំខ្លួនហើយទទួលការចោទប្រកាន់ទោសពីបទសង្ស័យថាពាក់ព័ន្ធនឹងអំពើពុករលួយលើករណីគ្រឿងញៀន មន្ត្រីគណបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិល បានអះអាងមិនដាច់ស្រឡះអំពីបញ្ហាថាតើវិធានការបង្ក្រាបមន្ត្រីប៉ូលីសបួននាក់នេះជារឿងប្រេះឆាផ្ទៃក្នុងគណបក្សគ្រប់គ្រងប្រទេសឬជាវិធានការបង្ហាញពីប្រសិទ្ធភាពនៃស្ថាប័នប្រឆាំងអំពើពុករលួយថ្មី?
មេដឹកនាំគណបក្សសិទ្ធិមនុស្សលោក កឹមសុខា បានអះអាងថាជារឿងឆាប់ពេក ក្នុងការវាយតម្លៃភ្លាមៗថាការចាប់ឃុំខ្លួន នាំដល់ការចោទប្រកាន់ទោស ជាទំនាស់ផ្ទៃក្នុងគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានិងផ្តល់ជំនឿទុកចិត្តទៅលើវិធានការដែលលោកបារម្ភខ្លាចថាជាការគ្រាន់តែបង្ហាញឱ្យឃើញពីប្រសិទ្ធភាពខ្លះៗនោះ។
«ប៉ុន្តែបើសិនជាបញ្ហាទំនាស់ផ្ទៃក្នុង ក្នុងការមួលកាច់គ្នានៅក្នុងផ្ទៃក្នុងគណបក្សហ្នុងយើងឃើញថាជាការណ៍មួយនៃការចាប់ផ្តើមនៃការបែកបាក់របស់គណបក្សកាន់អំណាចបច្ចុប្បន្ន។ទីបីប្រសិនបើនេះជាការធ្វើដោយឆន្ទៈដោយចេតនាពិតប្រាកដដើម្បីពង្រឹងនូវនីតិរដ្ឋឬក៏ពង្រឹងបង្ក្រាបពិតប្រាកដនៅក្នុងគ្រឿងញៀនឬអំពើពុករលួយ ខ្ញុំឃើញថាជាការប្រសើរណាស់សម្រាប់បញ្ហាបច្ចុប្បន្ន ហើយប្រជាពលរដ្ឋខ្មែរនិងបន្តការគាំទ្ររដ្ឋាភិបាលទៀតប្រសិនបើរឿងនេះធ្វើពិតមែន»។
លោក កឹម សុខាអះអាងថាទំនាស់នយោបាយនិងទំនាស់ផលប្រយោជន៍អាចមានវិធីដោះស្រាយផ្សេងគ្នាដោយទំនាស់នយោបាយត្រូវដោះស្រាយតាមនយោបាយ។ ភាគីទន់ខ្សោយអាចដកថយឬត្រូវសម្រួលគ្នា សម្រួលគ្នាស្ងាត់ៗឯទំនាស់ផលប្រយោជន៍អាចជាការកាច់បំបាក់ភាគីម្ខាងៗ។
«បើសិនជារឿងទំនាស់នយោបាយភាគីមួយៗនៅក្នុងគណបក្សហ្នឹង អ្នកកាន់អំណាចហ្នឹងគឺថា បើសិនជាទំនាស់ហ្នឹងរឿងនយោបាយទេ ហ្នឹងគេអាចធ្វើឱ្យវាកើតមាន ហ្នឹងដើម្បីគំរាមទៅក្រុមម្ខាងទៀត ហើយក្រោយមកខាងម្ខាងទៀតខ្លាច ឬចុះញ៉មអីមួយទៅ គេសម្រួលគ្នាវិញ»។
អាជ្ញាធរប្រឆាំងនឹងអំពើពុករលួយចាប់ផ្តើមកាលពីដើមឆ្នាំ២០១០ប្រតិបត្តិការដោយលោកឱម យិនទៀង ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។ អាជ្ញាធរនេះបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានចាប់ខ្លួនជាបន្តបន្ទាប់នាសប្តាហ៍ថ្មីៗនេះនូវឧត្តមសេនីយ៍ឯក មឹក ដារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ានស្នងការប៉ូលីស ខេត្តបន្ទាយមានជ័យ និង លោកវរៈសេនីយ៍ឯក ឈៀង សុន ស្នងការរងខេត្តបន្ទាយមានជ័យ លោក ជា ឡេង ប្រធាន ការិយាល័យគ្រឿងញៀនក្រសួងមហាផ្ទៃបទចោទ ប្រកាន់ថាមានអំពើស៊ីសំណូកពីអ្នកជួញដូរគ្រឿងញៀនជាថ្នូរនឹងការដោះលែងជនល្មើស។
ដោយមិនរាប់បញ្ចូលករណីបង្រ្កាបគ្រឿងញៀនមួយចំនួនទៀតថ្មីៗនេះ ដែលមានគ្រឿងញៀននិងធាតុផ្សំគ្រឿងញៀនចំនួនប្រមាណ៧លានគ្រាប់សម្រាប់ផលិតថ្នាំញៀនប្រភេទ អាំហ្វេតាមីនត្រូវអាជ្ញាធរគ្រឿងញៀនកម្ពុជារឹបអូសបានដោយមានការចាប់ខ្លួនជនសង្ស័យ៥នាក់ ក្នុងប្រតិបត្តិការបង្រ្កាបកាលពីជាងពីរសប្តាហ៍កន្លងទៅនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
ក៏ប៉ុន្តែគ្មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ថាមន្ត្រីប៉ូលីសជាន់ខ្ពស់ទាំងបួនរូបជាប់ទាក់ទិននឹងករណីគ្រឿងញៀនដ៏ធំនោះឬយ៉ាងណាទេ។
ក្រោយពីធ្លាប់បំពេញតួនាទីជាស្នងការប៉ូលីសខេត្តបាត់ដំបង ដែលជាមណ្ឌលបោះឆ្នោតរបស់លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ មឹក ដារ៉ា ត្រូវគេតម្លើងឋានន្តរសក្តិជាបន្តបន្ទាប់។ លោកធ្លាប់ជាប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃមានឋានៈឧត្តមសេនីយ៍ត្រីនិងមានមុខដំណែងចុងក្រោយ ជាអគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន មានឋានន្តរសក្តិផ្កាយបី។ ហើយលោក ហ៊ុន ហ៊ានត្រូវគេរាយ ការណ៍មកថាធ្លាប់ជាអង្គរក្សរបស់លោក ស ខេង ផងដែរ មុនទទួលមុខនាទីជាស្នងការប៉ូលីសខេត្តបន្ទាយមានជ័យមានឋានន្តរសក្តិផ្កាយមួយឬឧត្តមសេនីយ៍ត្រី។
ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃច័ន្ទ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបដិសេធថាមានការប៉ុនប៉ងចាប់ខ្លួនសមាជិកនៃភាគីគណបក្សគ្រប់គ្រង អំណាចដែលមានទំនាក់ទំនងជាមួយលោក ដោយបានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបគឺទទួលខុសត្រូវ ចំពោះមុខច្បាប់ពេលប្រព្រឹត្តទោសកំហុស។
នេះជា ប្រសាសន៍របស់លោក ស ខេង ដែលថ្លែងបន្ទាប់ពីលោកចូលរួមក្នុងកម្មវិធីមួយនៅស្រុក កំចាញមា ខេត្តព្រៃវែង។
ទោះជាយ៉ាងណាក៏ដោយ លោក ចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតនៃ អង្គការសិទ្ធិមនុស្ស អាដហុកបានអះអាងថា វាពិតជាមានជាប់ជំពាក់នឹងបក្សពួកឬខ្សែនយោបាយខ្លះដោយសារមន្ត្រីនានាឡើងឋានៈគឺតាមរយៈខ្សែបក្សពួករបស់គេ។
«ជុំវិញការចាប់ខ្លួនអ្នកទាំងអស់នោះគឺ ជាមនុស្សមួយចំនួនដែលសុទ្ធតែស្ថិតក្នុងការដែលគេជឿជាក់ថាពួកគេអាចមាននិន្នាការនយោបាយ ដែលគេជឿជាក់ ថាពួកគេដែលពាក់ព័ន្ធនឹងការចាប់ខ្លួនកន្លងផុតមកនេះសុទ្ធតែមាននិន្នាការនយោបាយហើយនិន្នាការនយោបាយរបស់ពួកគេគឺគេគាំទ្រទៅនឹងក្រុមរបស់គេហ្នុងឯង»។
លោក ចាន់ សាវ៉េតបានអះអាងថាបក្សនយោបាយជាស្ថាប័នល្អតែមានបុគ្គលទេដែលប្រព្រឹត្តល្មើសច្បាប់ហើយធ្វើឱ្យសង្គមមិនមានសេចក្តីសុខទេ បើបុគ្គលក្នុងបក្សមិនគោរពច្បាប់។
លោក ចាន់ សាវ៉េតបានបន្ថែមទៀតថាមានការសាទរច្រើនពីការបង្ក្រាបអំពើពុករលួយតែ ចំណាត់វិធានការតាមច្បាប់ហើយមិនមែននយោបាយនោះទើបជារឿងដ៏ចាំបាច់។
«ព្រោះថាប្រជាជនក៏ដូចជាស្ថាប័ននានាមានការសាទរច្រើនដើម្បីលើកទឹកចិត្តឱ្យខាងមន្ត្រីប្រឆាំងអំពើពុករលួយនេះអនុវត្តនីតិវិធីឱ្យបានកាន់តែប្រសើរលើសហ្នឹងធ្វើយ៉ាងម៉េចធ្វើការសិក្សាស្រាវជ្រាវដោយ ផ្អែកលើនីតិវិធីច្បាប់ដែលជាធរមានមិនអាចយកដំណើរការខាងផ្នែកនយោបាយមកអនុវត្តដើម្បីបង្ហាញគ្រាន់តែបង្ហាញជាសាធារណៈតែប៉ុណ្ណឹងទេត្រូវតែមានវិធានការដ៏មុតមាំ»។
ស្ថាប័នប្រឆាំងនឹងអំពើពុករលួយកាលពីខែវិច្ឆិកាបានចាត់វិធានការលើព្រះរាជអាជ្ញាអមតុលាការខេត្តពោធិ៍សាត់មួយរូបដែរគឺលោក តុប ច័ន្ទសេរីវុធ ដោយចាប់ឃុំខ្លួនពីបទសង្ស័យថាជាប់ទាក់ទិននឹងអំពើពុករលួយ។
មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលនិងអ្នកមានអំណាចឬសាច់ញាតិអ្នកមានអំណាចមួយចំនួនត្រូវគេដោះលែងឱ្យមានសេរីភាពស្ងាត់ៗបន្ទាប់ពីត្រូវជាប់ឃុំឃាំង មួយរយៈពេលខ្លី ដែលបង្កឱ្យមានក្តីបារម្ភពីក្រុមមន្ត្រីសិទ្ធិមនុស្ស អំពីរឿងនិទណ្ឌភាព និងភាពស្មើគ្នាចំពោះមុខច្បាប់៕