លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃពុធនេះថា អាជ្ញាធររាជធានីភ្នំពេញបានបដិសេធដាច់ខាតចំពោះការទាមទារដីទំហំ១៥ហិចតារបស់អ្នកភូមិបឹងកក់សម្រាប់ធ្វើការអភិវឌ្ឍនៅនឹងកន្លែង ប៉ុន្តែលោកបានធានាថា នឹងមិនបណ្តេញអ្នកភូមិបឹងកក់ចេញពីផ្ទះ សម្បែងដោយបង្ខំនោះទេ។
លោកកែប ជុតិមា បានជួបពិភាក្សាដោយផ្ទាល់ជាមួយតំណាងអ្នកភូមិបឹងកក់ចំនួនប្រាំពីរនាក់អស់រយៈពេលប្រមាណពីរម៉ោងអំពីដំណើរការគម្រោងអភិវឌ្ឍតំបន់បឹងកក់នេះ បន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់។
លោក កែប ជុតិមា បានបញ្ជាក់ប្រាប់តំណាងអ្នកភូមិបឹងកក់ថា លោកមិនអាចផ្តល់ដីទំហំ១៥ហិចតាដល់អ្នកភូមិបឹងកក់តាមការស្នើសុំបានទេ។ នេះបើតាមការអះអាងរបស់តំណាងអ្នកភូមិ។
អ្នកស្រី លី ស្រីមុំ តំណាងអ្នកភូមិបឹងកកម្នាក់់ បានថ្លែងប្រាប់អ្នកភូមិ ក្រោយពីជំនួបជាមួយលោក កែប ជុតិមា ថា បើអ្នកភូមិបឹងកក់ ចង់អភិវឌ្ឍនៅនឹងកន្លែង លោក កែប ជុតិមា នឹងបើកការចរចាជាលើកទី២ជាមួយតំណាងអ្នកភូមិទៀត។ អ្នកស្រី លី ស្រីមុំ បញ្ជាក់ថា៖
«គាត់ (លោកកែប ជុតិមា) បាននិយាយថា សំណើសុំដី១៥ហិចតាមិនឱ្យជាដាច់ខាត។ បើអ្នកភូមិបឹងកក់ចង់បានដី១៥ហិចតាសម្រាប់អភិវឌ្ឍនៅនឹងកន្លែង អ្នកបឹងកក់មិនចាំបាច់ជួបគាត់ទេ។ បើអ្នកភូមិបឹងកក់យកការអភិវឌ្ឍនៅនឹងកន្លែង យើងអាចជួបចរចាគ្នាបន្តទៀត និងរកដំណោះស្រាយអំពីផ្ទះធំផ្ទះតូចត្រូវធ្វើយ៉ាងម៉េច»។
អ្នកស្រី លី ស្រីមុំ បានបន្តថា លោកកែប ជុតិមា នឹងផ្តល់អ្នកបច្ចេកទេសឱ្យមកគូសប្លង់ផ្ទះសម្រាប់អ្នកភូមិបឹងកក់ ហើយចំពោះផ្ទះតូច លោកចង់យកតាមគំរូអភិវឌ្ឍនៅបុរីកីឡា និងចំពោះផ្ទះធំ លោកចង់កសាងជារបៀបផ្ទះល្វែងដោយសល់ដីបន្តិចបន្តួច។ អ្នកស្រីបន្តថា៖
«គាត់ (លោកកែប ជុតិមា) អត់មានដេញ និងបង្ខំឱ្យបងប្អូនចាកចេញទេ។ ផ្ទះនៅលើគោក គាត់មិនទាន់មានគោលការណ៍បណ្តេញបងប្អូនចេញពីលំនៅដ្ឋានទេ»។
អ្នកភូមិបឹងកក់ច្រើនរយនាក់បានមកប្រមូលផ្តុំគ្នាស្តាប់លទ្ធផលនៃការពិភាក្សា បាននិយាយថាពួកគាត់ចង់បានផ្ទះផ្ទាល់នឹងដីសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត និងមិនអាចទទួលយកផ្ទះនៅជាន់លើបានទេ។
អ្នកស្រី ម៉ីយ ស៊ីណា អាយុ៥២ឆ្នាំ នៅភូមិ២៤ បាននិយាយថា អ្នកស្រីមិនអាចទទួលយកគំរូអភិវឌ្ឍន៏នៅតំបន់បុរីកីឡាទេ និងត្រូវការតែផ្ទះជាន់ផ្ទាល់នឹងដី។ អ្នកថ្លែងបា្រប់វីអូអេខ្មែរថា៖
«ខ្ញុំយល់ឃើញថា គាត់មិនព្រមដោះស្រាយឲ្យប្រជាជន ព្រោះដី១៥ហិតាមិនមែនជាដីរបស់គាត់ទេ ដីរបស់ប្រជាជនធ្លាប់រស់នៅ២០ទៅ៣០ឆ្នាំមកហើយ។ ហើយគ្រាន់តែប្រជាជនសុំដីកាត់យកតែដី១៥ហិតានេះ គាត់មិនបានសម្រេចឲ្យប្រជាជនតាមសំណូមពររបស់ប្រជាជាន។ ខ្ញុំយល់ឃើញថា គាត់មិនគាំទ្រប្រជាជន គាត់មិនបម្រើឲ្យប្រជាជនទេ»។
ឯអ្នកស្រីតាំង វូចលីម អាយុ៤៥ឆ្នាំ នៅភូមិ១ បានថ្លែងថា អ្នកស្រីត្រូវធ្វើការតស៊ូទាមទារដីទំហំ១៥ហិចតាសម្រាប់អភិវឌ្ឍនៅនឹងកន្លែងជាបន្តទៅទៀត។ អ្នកស្រី ក៏បានប្រាប់វីអូអេខ្មែរដែរថា៖
«អត់គិតពីប្រជាជន គាត់គិតតែប្រយោជន៍ខ្លួនគាត់។ គាត់អត់មានគិតដល់ប្រជាជនផង គិតយ៉ាងម៉េចបើយើងចង់រស់នៅតែខ្លួនគាត់ យើងនាំគ្នាតស៊ូតទៅទៀតទៅទាមទារ១៥ហិតា តទៅទៀតនៅអភិវឌ្ឍកន្លែងខ្លួនឯងអត់ទៅនៅអាបុរីកីឡាដូចគាត់ថាទេ។ អត់យកបានទេ អាចទទួលបានទេពាក្យហ្នឹង»។
នៅក្នុងឆ្នាំ២០០៧ រដ្ឋាភិបាលបានផ្តល់កិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំដែលមានតម្លៃទឹកប្រាក់៧៩លានដុល្លាអាមេរិក ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ Shukaku Inc.ធ្វើការអភិវឌ្ឍទីក្រុងទំនើប៕