ភ្នំពេញ៖ លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការទៅលើវត្តមានរបស់តំណាងការិយាល័យសិទ្ឋិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា គឺលោកគ្រិស្តូហ្វ ប៉េសូ(Christophe Peschoux)។
សេចក្តីព្រមាននេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកគ្រិស្តូហ្វ ប៉េសូ បានធ្វើសេចក្តីអត្ថាធិប្បាយមួយ នៅក្នុងកាសែត ដឺ ខាមបូឌា ដេលី (The Cambodia Daily) ទាក់ទងទៅនឹងការចាប់ខ្លួនជនជាតិថៃចំនួនពីរនាក់ដោយអាជ្ញាធរប៉ូលីសកម្ពុជា ពីបទប៉ុនប៉ងដាក់បំផ្ទុះគ្រាប់បែកនៅទីស្នាក់ការរបស់គណបក្សជាដៃគូ នៅក្នុងរដ្ឋាភិបាលក្រុងបាងកកកាលពីខែមុន ដែលអំពើនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា គឺជាអំពើភេរវកម្ម ហើយជនជាតិថៃទំាងពីរ ត្រូវបានរដ្ឋាភិបាលកម្ពុជាបញ្ជូនទៅឲ្យអាជ្ញាធរ ប្រទេសថៃវិញ កាលពីថ្ងៃចន្ទ័សប្តាហ៍នេះ។
លោកគ្រិស្តូហ្វ ប៉េសូ បានមានប្រសាសន៍នៅក្នុងកាសែត ដឺ ខាមបូឌា ដេលី ចេញផ្សាយនៅថ្ងៃពុធថា ការបញ្ជូនជនសង្ស័យជនជាតិថៃទាំងពីរ ដែលត្រូវចាប់ខ្លួនដោយអាជ្ញាធរកម្ពុជានោះ ធ្វើឲ្យមានកង្វល់ថា វាហាក់បីដូចជាមិនបានធ្វើដោយនីតិវិធីត្រឹមត្រូវ ដែលធានាទៅលើភាពត្រឹមត្រូវតាមច្បាប់ និងការការពារសិទ្ឋិទៅលើជនសង្ស័យទាំងពីរនាក់នោះទេ។
នៅក្នុងលិខិតមួយច្បាប់ ផ្ញើជូនលោកតំណាងការិយាល័យសិទ្ឋិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍នេះ លោកហោ ណាំហុង បានព្រមានថា សកម្មភាពរបស់លោកគ្រិស្តូហ្វ ប៉េសូ អាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តចំពោះវត្តមានរបស់លោកនៅក្នុងប្រទេសកម្ពុជា។
លោកប្រមុខការទូតខ្មែរបានរំឮកបន្ថែមថា បេសកកម្មរបស់លោកគ្រិស្តូហ្វ ប៉េសូ ក្នុងនាមជាតំណាងការិយាល័យសិទ្ឋិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា គឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសតែប៉ុណ្ណោះ។
លោកហោ ណាំហុង បានបញ្ជាក់បន្ថែមទៀតថា ការបញ្ជូនខ្លួនជនសង្ស័យទៅឲ្យអាជ្ញាធរថៃអំពីបទភេរវកម្ម គឺជាសិទ្ឋិអធិបតេយ្យកម្ពុជា ហើយគឺជាកិច្ចការដែលទាក់ទងទៅនឹងនយោបាយកម្ពុជា ដោយផ្អែកទៅលើភស្ថុតាងដែលប្រទេសថៃ បានប្រគល់ឲ្យទាក់ទងនឹងជនសង្ស័យទាំងពីរ។
លោកគ្រិស្តូហ្វ ប៉េសូ មិនធ្វើអត្ថាធិប្បាយអ្វីមួយឡើយទាក់ទងទៅនឹងសេចក្តី ព្រមានរបស់ក្រសួងការបរទេសកម្ពុជានេះ។ នៅក្នុងចម្លើយតាមសារអេឡិចត្រូនិច លោកគ្រិស្តូហ្វ ប៉េសូ គ្រាន់តែបញ្ជាក់ថា លោកបានទទួលលិខិតព្រមានពីលោកហោ ណាំហុង រួចហើយនៅថ្ងៃនេះ ក៏ប៉ុន្តែលោកមិនចង់ធ្វើអត្ថាធិប្បាយបន្ថែមលើសពីនេះទេ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានវាយប្រហារខ្លាំងៗទៅលោកអ្នករាយការណ៍ពិសេសផ្នែកសិទ្ឋិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា គឺលោកស៊ុយ៉ា ស៊ុបិឌី (Surya Subedi) បន្ទាប់ពីលោកស៊ុយ៉ា ស៊ុបិឌី បានសម្តែងការខកចិត្ត ដោយមិនបានជួបរូបលោកនៅក្នុងអំឡុងពេលបេសកកម្មរយៈពេល១០ថ្ងៃរបស់លោក។ កាលពីពេលកន្លងទៅលោកហ៊ុន សែន ធ្លាប់បានចាត់ទុកថា បេសកជនសិទ្ឋិមនុស្សរបស់អង្គការសហប្រជាជាតិ គឺជាទេសចររយៈពេលវែងនៅកម្ពុជា ហើយលោកនឹងមិនពិចារណាអំពីការបិទទ្វារការិយាល័យសិទ្ឋិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជានោះទេ។