ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​​​សិទ្ធិ​មនុស្ស​មិន​ត្រឹមត្រូវ


«សួន​សេរីភាព»​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​​ប្រទេស​កម្ពុជា​ កំពុង​ត្រូវ​បាន​សាង​សង់​​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១០។
«សួន​សេរីភាព»​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​​ប្រទេស​កម្ពុជា​ កំពុង​ត្រូវ​បាន​សាង​សង់​​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១០។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​បាន​ជំទាស់​ទៅ​នឹង​ការ​ចេញ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើលការ​រំលោភ​សិទ្ធិ​មនុស្ស​ពីរ​ ដោយ​លើក​ឡើង​ថា​ វា​ជា​របាយ​ការណ៍​មិន​ត្រឹមត្រូវ។​ កាលពី​ដើម​សប្ដាហ៍​នេះ​ ​អង្គការ​ ​Human ​Rights Watch​ និង​អង្គការ​ Freedom ​House ​របស់​សហ​រដ្ឋ​អាមេរិក​បាន​រិះគន់​ថា​ ​រដ្ឋា​ភិបាល​កម្ពុជា​កំពុង​រិត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ។​ ​ការ​លើក​ឡើង​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១១​ ​ក្រោម​ចំណង​ជើង​ថា​ ​ការត្រួតត្រា​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​កាន់តែ​តឹងតែង​ឡើង។

លោក​ខៀវ កាញារិទ្ធ​ ​អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ ​នៅថ្ងៃពុធនេះ បាន​ច្រានចោល​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ឃ្លំាមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​របស់​សហរដ្ឋ​អាមេរិក​ ដោយ​និយាយ​ថា​ ​ជា​ការ​បង្ហាញ​មិន​ត្រឹមត្រូវ។

កាលពី​ថ្ងៃច័ន្ទ​ ​សប្តាហ៍​មុននេះ​ ​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពីរ​ ​ដែល​មាន​ឈ្មោះ​ថា​ Human Rights Watch​ និង​អង្គការ​ Freedom House ​របស់​សហ​រដ្ឋ​អាមេរិក​ ​បាន​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០១១​របស់ខ្លួន​ ​ដោយ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​កំពុង​រឹត​បន្តឹង។

ការ​រឹត​បន្តឹង​សេរីភាព​នេះ​ ​រាប់​បញ្ចូល​ទាំង​ការ​រឹត​បន្តឹង​លើ​សេរីភាព​បញ្ចេញ​មតិ​ ​សេរីភាព​នៃការ​ជួប​ប្រជុំ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ ​ការ​រឹត​បន្តឹង​លំហ​បរិយាកាស​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ គួប​ផ្សំ​នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ​ការ​ប្រើប្រាស់ច្បាប់​ ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី។​ ការ​គំរាម​ចាប់ខ្លួន​និង​ការ​ប្រើប្រាស់​វិធានការ​ច្បាប់​រឹតបន្តឹង​សេរីភាព​បញ្ចេញ​មតិ​ ​ចាប់ក្រុម​អ្នករិះគន់​ដាក់​ពន្ធនាគារ​ ​បំបែក​ការ​តវ៉ា​របស់​ពលករ​ ​កសិករ​និង​ការបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំង​ជាដើម។

លោក​ខៀវ កាញារិទ្ធ​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ ​ពីមុន​យើង​ញ៉ាំ​គុយទាវ​គេ មិន​គិត​លុយ​ ​តែ​ឥឡូវ​គេ​គិត​លុយ​ហើយ។

នៅ​ក្នុង​ន័យនេះ​ ​លោក​ខៀវ កាញារិទ្ធ​និយាយ​ថា​ ​កាល​ពីមុន​ ​គេអាច​រិះគន់​បាន។​ ឥឡូវ​នេះ​ ​មាន​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ ​ដើម្បី​ចាត់ការ​ក្រុម​អ្នក​រិះគន់ ​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់។

«បើ​យើង​ឃើញ​តែ​អ្នក​ស្រែក​ប្រមាថ​ ​បើ​យើង​សួរ​វិញ​ថា​ ​តើអ្វីខ្លះ​ដែល​ជា​ចំណុច​សម្គាល់?​ ​គាត់​អត់​ធ្វើ​បាន​ទេ​ ​ពីព្រោះ​គាត់​មិន​បាន​រៀនច្បាប់​ពីមុន។ ​អញ្ចឹង​គាត់​អត់យល់ ​ហើយ​គាត់​ធ្លាប់​តែ​ស៊ី​គុយទាវ​ អត់ឲ្យ​លុយ​គេ​ណា៎។​ ឥឡូវ​គេ​គិត​លុយ​ ​ហើយ​ខឹង​នឹងគេ​ទារលុយ​ម្ត៉េចកើត?»

លោក​ខៀវ កាញារិទ្ធ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិតខាង​ ​កម្ពុជា​ពុំ​បាន​បិទ​គេហទំព័រ​ ​ឬ​បិទ​ការសែត​ដែល​ហ៊ាន​សរសេរ​រិះគន់​រដ្ឋា​ភិបាល​នៅ​ឡើយ​ទេ។

«បើ​ផ្ទឹម​ប្រទេស​ជាច្រើន​ គេ​បាន​បិទ​គេហទំព័រ​ ​សូម្បី​សហ​រដ្ឋ​អាមេរិក​ក៏​បាន​បិទ​ដែរ។​ ​យើង​អត់​មាន​បិទ​គេហ​ទំព័រ​មួយ​ទេ​ នេះ​ជា​ចំណុច​ទីមួយ។​ ទីពីរ​ ​យើង​ក៏អត់​បាន​ចាប់​អ្នក​កាសែត​ណា​មួយ​ក្នុង​ការ​សម្តែង​មតិ​ដែរ។ ​ការចាប់​ខ្លួន​ឥឡូវ​នេះ​ទាក់ទឹន​នឹង​បញ្ហា​ក្រៅ​វិជ្ជាជីវៈ​ទៅវិញ​ទេ»។

លោក ​Phil Robertson​ ​នាយក​រង​អង្គការ​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ ​បាន​បញ្ជាក់​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា​ ​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ច្បាប់​នានាដើម្បី​រិត​បន្តឹង​លំហ​នយោបាយ​ សម្រាប់​សកម្មជន​ ​ដែល​បញ្ចេញ​មិត​ដោយ​សន្តិវិធី​ប្រឆាំង​ទង្វើ​ខុសឆ្គង​របស់​រដ្ឋា​ភិបាល​ ​និង​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក ​Robertson បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​សហគមន៍​អន្តរជាតិ​ ចាំបាច់​ផ្តល់​ឱវាទ​ប្រកប​ទៅ​ដោយ​កម្លាំង​ខ្លាំងក្លា​ថែមទៀត​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​សម្រាប់​ពល​រដ្ឋ​កម្ពុជា។

លោក​យឹម សុវណ្ណ​ ​អ្នក​តំណាង​រាស្រ្ត ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​ ​បាន​និយាយ​ថា​ ​អង្គការ​ Human Rights Watch​ ​បាន​បង្ហាញ​របាយ​ការណ៍​ពិត​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​មិនទាន់​បាន​ល្អ​ប្រសើរ​ឡើង​ទេ​ ហើយ​តុលាការ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​មាត់​ក្រុម​អ្នក​រិះគន់។

«ប្រសិន​ជា​យើង​មិនអាច​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​នៅក្នុង​ការ​ទិតៀន​មេ​ដឹកនាំ​របស់​ខ្លួន​ ​ក៏ដូចជា​នៅក្នុង​ការ​ការពារ​សិទ្ធិ​របស់ខ្លួន​នៅពេល​ណា​ដែល​អ្នកមាន​អំណាចរំលោភ​ បំពាន​នោះ​ ​គឺ​សង្គម​យើង​មិនអាច​ដើរ​ទៅមុខ​បាន​ទេ»។

លោក​អំ សំអាត​ ​មន្រ្តី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​ LICADHO​ ​បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ឆ្នាំ២០១០​កន្លង​ទៅ​នេះ​ ​យ៉ាងតិច​មាន​ក្រុម​អ្នក​រិះគន់​ចំនួន​៣៨​នាក់​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។​ ហើយ​មាន​អ្នក​សារ​ព័ត៌មាន​ជាច្រើន​ផ្សេងទៀត​កំពុង​ត្រូវ​បាន​ប្តឹង​នៅ​ក្នុង​តុលាការ ​និង​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ។

លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​នេះ​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់ សហ​ជីព​ ​សហគមន៍​ ​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ផង​ដែរ៕

XS
SM
MD
LG