រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកពេលកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាលើកទី៤ ឬកិច្ចប្រជុំប្រទេសអ្នកផ្តល់ជំនួយ ដែលគ្រោងធ្វើនៅថ្ងៃទី២៤ និងទី២៥ ខែវិច្ឆិកា ខាងមុខនេះ ដោយគ្មានកាលកំណត់។ នេះបើតាមលិខិតជូនដំណឹងមួយច្បាប់ របស់លោកគាត ឈន់ រដ្ឋមន្តី្រសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលផ្ញើជូនធនាគារពិភពលោក និងមន្ត្រីរដ្ឋាភិបាលគ្រប់ស្ថាប័នទាំងអស់ ដែលវីអូអេខ្មែរបានទទួលជាពិសេស នៅថ្ងៃសុក្រនេះ។
ការសម្រេចលើកពេលសម្រាប់វេទិកានេះបានកើតឡើងក្រោយពេលធានាគារពិពភលោក ដែលជាម្ចាស់ជំនួយសំខាន់ជាងគេរបស់កម្ពុជាបានប្រកាសបង្កកជំនួយមកដល់កម្ពុជា បន្ទាប់ពីរដ្ឋាភិបាល មិនបានដោះស្រាយវិវាទដីធ្លីនៅតំបន់បឹងកក់ជួនប្រជាពលរដ្ឋ។
បន្ទាប់ពីការប្រកាសរបស់ធនាគារពិពភលោក កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានកាត់ដីចំនួនជាង ១២ហិតតា ចេញពីគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ប្រគល់ឲ្យប្រជាពលរដ្ឋធ្វើការអភិវឌ្ឍដោយខ្លួនឯង បន្ទាប់ពីពួកគេបានធ្វើការតវ៉ាយ៉ាងស្រួចស្រាយ អស់រយៈពេលជាង ៥ឆ្នាំ។
នៅក្នុងសារអេឡិចត្រូនិកមួយច្បាប់របស់លោក គាត ឈន់ កាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅនេះ ផ្ញើជួនលោក ជី ម៉ៅហ្វាន់ នាយកធានាគារពិភពលោកប្រចាំកម្ពុជា លោកគាត ឈន់ បានបញ្ជាក់ថា វេទិកាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជាលើកទី៤នេះ រដ្ឋាភិបាលបានសម្រេចពន្យាពេលដោយគ្មានការកំណត់។ នៅក្នុងខ្លឹមសារអ៊ីម៉ែលនេះ លោកគាត ឈន់ បានស្នើដល់ធានាគារពិភពលោក ឲ្យជូនដំណឹងនៃការពន្យាពេលនេះដល់ដៃគូអភិវឌ្ឍន៍នានាតាមរយៈធានាគារពិភពលោក។
មន្ត្រីធនាគារពិភពលោកប្រចាំកម្ពុជាមិនបានឆ្លើយតបទៅនឹងសំណួររបស់ វីអូអេខ្មែរតាមរយៈសារអេឡិចត្រូវនិកទេនៅថ្ងៃសុក្រនេះ ដោយបានបង្វែរសំណួរនេះទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានហៅកាត់ថា CDC ឬអ្នកដែលរៀបចំវេទិកានេះដោយផ្ទាល់។
នៅក្នុងលិខិតមួយច្បាប់របស់លោកគាត ឈន់ ផ្ញើជួនមន្ត្រីរដ្ឋាភិបាលគ្រប់ស្ថាប័ន និងក្រសួងទាំងអស់បានបញ្ជាក់ថា ការសម្រេចលើកពេលវេទិកានេះ បណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចសកលលោក ដែលរហូតមកដល់ពេលនេះ នៅតែមានភាពមិនប្រាកដប្រជាដដែល ហើយស្ថានភាពហិរញ្ញវត្ថុសាធារណៈនៃប្រទេសដែលជាដៃគូសំខាន់ៗមួយចំនួននៅតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចនៅឡើយ។
ស្ថានទូតសំខាន់ៗ ដែលរួមមានស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតជប៉ុន ដែលធ្លាប់បានផ្តល់ជំនួយដល់កម្ពុជា នៅតែប្រកាន់ជំហរប្រយ័ត្នប្រយែងនៅឡើយ ក្នុងការឆ្លើយតបនឹងការលើកពេលលើប្រជុំនេះ។
លោកសន ម៉ាគិនថស្ស (Sean J. McIntosh) មន្ត្រីទំនាក់ទំនងសាធារណៈ របស់សហរដ្ឋអាមេរិក បានបញ្ជាក់តាមសារអេឡិចត្រូនិកថា ស្ថានទូតសហរដ្ឋអាមេរិចមិនទាន់បានទទួលសំណើពីរដ្ឋាភិបាល អំពីការលើកពេលនេះទេ។
លោក យ៉ូស្ស៊ី អាបេ (Yoshi ABE) លេខាទូតទី២របស់ស្ថានទូតជប៉ុនទទួលបន្ទុកវប្បធម៌ និងព័ត៌មាននិយាយថា លោកបានទទួលលិខិតជូនដំណឹងពីរដ្ឋាភិបាលរួចហើយ។ ស្ថានទូតជប៉ុនគាំទ្រការសម្រេចរបស់រដ្ឋាភិបាល។
លោកដូមីនីហ្ក ម៉ាស (Dominique MAS) លេខាទូតទី១អមស្ថានទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា លោកទើបតែទទួលបានការផ្តល់ព័ត៌មានពីធានាគារពិភពលោក នៅថ្ងៃសុក្រនេះ ក៏ប៉ុន្តែលោកបាននិយាយថា វាមិនមែនជាតួនាទីរបស់ស្ថានទូតបារាំងដែលត្រូវធ្វើអត្ថាធិប្បាយទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលខ្មែរទេ។
លោកកឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដឹងខ្លួនថា អ្វីដែលបានធ្វើកន្លងមកនេះ បានរំលោភទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកបានមានប្រសាសន៍ទៀតថា ការលើកពេលប្រជុំនេះ ទំនងអាចជាការទទួលរងសម្ពាធពីក្រុមប្រទេសអ្នកផ្តល់ជំនួយ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ហើយគេទទួលរងការគាបសង្កត់តាមការដាក់លក្ខខណ្ខជាច្រើន ពីម្ចាស់ជំនួយហើយ បានជារដ្ឋាភិបាលគ្មានអី ដើម្បីយកទៅនិយាយក្នុងពេលដែលគម្រោងរបស់ខ្លួន បម្រុងនឹងធ្វើវេទិកាសហប្រតិបត្តិការក្នុងការអភិវឌ្ឍនេះបានជាគាត់លើក»។
ចំណែកលោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូប បានវិភាគថា ការលើកពេលនេះទំនងជារដ្ឋាភិបាលរៀបចំមិនទាន់។ លោកថ្លែងថា៖
«ឆ្នាំនេះប្លែក! ចឹង! ខ្ញុំ ឆ្ងល់ដែរ។ បាទអញ្ចឹង! ក្រែងលោមានការប្រែប្រួលពីគោលនយោបាយរបស់ប្រទេសដែលផ្តល់ជំនួយទាំងឡាយ។ ក្រោយពីមានបរាជ័យនៅប្រទេសមួយចំនួនទៀត ដែលជាប្រទេសដែមានវិបត្តិខាងនយោបាយ មានការប្រែប្រួលខាងនយោបាយ នៅអាហ្វ្រិកខាងជើងជាអាទិ៍»។
នៅក្នុងកិច្ចប្រជុំប្រទេសអ្នកផ្តល់ជំនួយកាលពីឆ្នាំទៅ រដ្ឋាភិបាលកម្ពុជា បានទទួលជំនួយជាង ១.០០០លានដុល្លារសហរដ្ឋអាមេរិក ហើយក្រុមប្រទេសអ្នកផ្តល់ជំនួយបានភ្ជាប់លក្ខខណ្ខកំណែរទម្រង់ជាច្រើនដល់កម្ពុជា ក៏ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ការព្រងើយកន្តើយរបស់រដ្ឋាភិបាលខាងវិវាទដីធ្លីបានធ្វើឲ្យធានាគារពិភពលោកដាក់សម្ពាធមុនគេដល់រដ្ឋាភិបាល៕