ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បាន​កំណត់​ឱសានវាទ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ពន្ធ​លើ​អចលនទ្រព្យ


សំណង់​ផ្ទះ​ល្វែង​ថ្មីៗ​នៅ​​ក្បែរ​តំបន់​ឧស្សាហកម្ម​មួយ​នៅ​ជាយក្រុង​ភ្នំពេញ (កក្កដា​ ២០១០)។ រដ្ឋាភិបាល​កម្ពុជា​បាន​​​កំណត់​យក​ខែ​កញ្ញា​​​នេះ​​ជា​ឱសាន​វាទ​សម្រាប់​​​​​ការ​បង់​ពន្ធ​អចលនទ្រព្យ ប៉ុន្តែ​អ្នក​ជំនាញ​អចលនទ្រព្យ​គិត​ថា​វិធានការ​នេះ​ហាក់​ដូច​ជា​លឿន​ព
សំណង់​ផ្ទះ​ល្វែង​ថ្មីៗ​នៅ​​ក្បែរ​តំបន់​ឧស្សាហកម្ម​មួយ​នៅ​ជាយក្រុង​ភ្នំពេញ (កក្កដា​ ២០១០)។ រដ្ឋាភិបាល​កម្ពុជា​បាន​​​កំណត់​យក​ខែ​កញ្ញា​​​នេះ​​ជា​ឱសាន​វាទ​សម្រាប់​​​​​ការ​បង់​ពន្ធ​អចលនទ្រព្យ ប៉ុន្តែ​អ្នក​ជំនាញ​អចលនទ្រព្យ​គិត​ថា​វិធានការ​នេះ​ហាក់​ដូច​ជា​លឿន​ព

លោក​គង់ វិបុល​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​គណៈ​កម្មការ​វាយ​តម្លៃ​អចលន​ទ្រព្យ​សម្រាប់​ពន្ធដារ​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​បាន​កំណត់​យក​ខែ​កញ្ញា​ជា​ឱសាន​វាទ​ចុងក្រោយ​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​បង់​ពន្ធ​លើ​អចលន​ទ្រព្យ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ច្បាប់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្តុ​បាន​កំណត់​ថា តម្លៃ​ផ្ទះ​ល្វែង​នៅ​ទីក្រុង​ភ្នំពេញ​ដែល​មាន​ជាន់​ផ្ទាល់​ដី​ត្រូវ​បង់​ពន្ធ​ពី​១២០​ដុល្លារ​រហូត​ដល់​១៣០​ដុល្លារ​ ចំណែក​ឯ​ផ្ទះ​វីឡា​ត្រូវ​បង់ពន្ធ​ពី​៧០០​ដុល្លារ​រហូត​ដល់​៨០០​ដុល្លារ​សហ​រដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ។ លោក​ថ្លែង​ថា៖​ «ដើម្បី​ប្រមូល​ចំណូល​ជូន​រដ្ឋ​ ទាំង​ពន្ធ​អចលន​ទ្រព្យ និង​ពន្ធ​ប្រថាប់​ត្រា​ផង»។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​មួយ​រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួង​ដែន​ដី​នគរ​រូបនីយកម្ម​ និង​សំណង់​ស្តី​អំពី​អចលនទ្រព្យ​នៅ​កម្ពុជា​ លោក គង់ វិបុល បាន​មាន​ប្រសាសន៍​ទៀត​ថា​ ជំហាន​ទី​១​នៃ​ការ​បង់ពន្ធ​លើ​អចលន​ទ្រព្យ​នេះ​បាន​ចាប់​ផ្ថើម​ធ្វើ​ឡើង​នៅ​ទូទាំង​ខណ្ឌ​ទាំង​ប្រាំបី​ និង​ក្រុង​ទាំង​២៦ ហើយ​ការ​ផ្សព្វផ្សាយ​នេះ​មិន​ទាន់​បាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​នៅ​ឡើយ​ទេ។

ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​បាន​និយាយ​ថា​ វិធាន​របស់​រដ្ឋាភិបាល​សម្រាប់​បង់ពន្ធ​អចលន​ទ្រព្យ​នេះ​ហាក់បី​ដូច​ជា​លឿន​ពេក។

លោក​សិង្ហ​ ប៊ុនណ្ណា​ អគ្គនាយក​ក្រុមហ៊ុន​ប៊ុនណ្ណា​រៀលធី​គ្រុប និង​ជា​ប្រធាន​សមាគមន៍​អ្នក​វាយតម្លៃ​សេវា​អចលន​ទ្រព្យ​កម្ពុជាបាន​មាន​ប្រសាសន៍ថា ​ការ​បង់ពន្ធ​គឺ​ជា​កាតព្វ​កិច្ច​របស់​ប្រជា​ពលរដ្ឋ​ ក៏​ប៉ុន្តែ​ការ​អនុវត្ត​នេះ​ហាក់​ដូចជា​ឆាប់​រហ័ស​ពេក។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្រជា​ពលរដ្ឋ​ចំនួន​១០នាក់​ មាន​តែ​បួន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ដឹង​ដំណឹង​អំពី​ការ​បង់ពន្ធ​លើ​អចលន​ទ្រព្យ​នេះ។​ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ជា​ទស្សនៈ​របស់​ខ្ញុំ យើង​គួរតែ​ទុក​ពេលវេលា​បន្តិច​ដើម្បី​ប្រកាស​ជា​សាធារណៈឲ្យ​គាត់​បាន​ជា្រប​ឲ្យ​បាន​ច្រើន​បន្តិច​ ទើប​ជា​ការ​ប្រសើរ។ វា​ថ្មី​ពេក​សម្រាប់​ប្រជា​ពលរដ្ឋ​យើង​ ហើយ​ការ​រៀបចំ​របស់​យើង​គឺ​វា​លឿន​ពេក។ ​យើង​នឹក​ឃើញ​ យើង​ធ្វើ​ ហើយ​អនុវត្ត​ភ្លាមៗ​តែ​ម្តង»។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ក្នុង​កាលៈ​ទេសៈ​នេះ​ ប្រជា​ពលរដ្ឋ​មាន​ជីវភាព​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ​ស្របពេល​ដែល​កម្ពុជា​ទើប​នឹង​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច។

ប្រជា​ពលរដ្ឋ​មួយ​រូប​រស់​នៅ​ក្នុង​សង្កាត់​អូរឬស្សី៣​ ខណ្ឌ​៧មករា ​បាន​និយាយ​ដោយយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ​លោក​មិន​ជំទាស់​ការ​បង់ពន្ធ​លើ​អចលន​ទ្រព្យ​ទេ​ ក៏​ប៉ុន្តែ​ចង់​ឲ្យ​ក្រសួង​សេច្ច​កិច្ច​ និង​ហិរញ្ញ​វត្តុ​បន្ថូរ​បន្ថយ​លើ​ពន្ធ។ ​លោក​បាន​មា​ន​ប្រសាសន៍​ទៀត​ថា​ តម្លៃ​ដែល​កំណត់​នេះ​វា​ហាក់​ដូច​ជា​ខ្ពស់​ពេក។ លោក​ថ្លែង​តាម​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ឲ្យ​ទាប​ជាង​នេះ​ទៀត​ វា​រឹត​តែ​ល្អ​ ព្រោះ​ថាឥឡូវ​វា​ស្ងាត់​ដែរ។​ ការ​រកស៊ី​ឥឡូវ​គឺ​យ៉ាប់​ដែរ​ បាន​តែ​គ្រប់គ្រាន់ បន្តិច​បន្តួច»។

លោក​កឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា​ ប្រទេស​ណា​ក៏ដោយ​ចាំបាច់​ត្រូវតែ​មាន​ការ​បង់ពន្ធ​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​វិញ​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ រដ្ឋាភិបាល​មិន​ត្រូវ​យក​លុយ​បង់ពន្ធ​ទៅ​ធ្វើ​ផ្លូវ​ ស្ពានថ្នល់​ ហើយ​ថា ​ជា​លុយ​របស់​គណបក្ស​ខ្លួន​នោះ​ទេ។

«ថា​រដ្ឋាភិបាល​ គណបក្ស​ប្រជាជាជនជា​អ្នក​ជួយ​នេះ ​ជួយ​នោះ​ ធ្វើ​ផ្លូវ​ ធ្វើ​ស្ពាន​ ធ្វើ​សាលា។ សុទ្ធតែ​ថា ​រដ្ឋាភិបាល​ ក៏​ប៉ុន្តែ​លុយ​នោះ​ជា​លុយ​ពន្ធ​របស់​ប្រជា​ពលរដ្ឋ​ មិន​មែន​ជា​លុយ​របស់​គណបក្ស​កាន់​អំណាច​អ្នក​ធ្វើ​ទេ»។

លោក​កឹម​ សុខា​បាន​មាន​ប្រសាសន៍​ទៀត​ថា​ លោក​មិន​ជំទាស់​នឹង​ការ​យក​ពន្ធ​អចលន​ទ្រព្យ​នោះ​ទេ​ ក៏ប៉ុន្តែ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្រ្តី​រាជការ​ផង​ដែរ៕

XS
SM
MD
LG