ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន​សែន​លុបចោល​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ទីតាញ៉ូម​នៅ​ខេត្ត​កោះកុង


A Free Syrian Army fighter prepares to fire a B-10 recoilless gun in the Haresta neighborhood of Damascus, Feb. 7, 2013.
A Free Syrian Army fighter prepares to fire a B-10 recoilless gun in the Haresta neighborhood of Damascus, Feb. 7, 2013.

អ្នក​បរិស្ថាន ​និង​អ្នកភូមិ ​បាន​អបអរសាទរ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​ដ៏​កម្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក្នុង​ការ​លុបចោល​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ​ទីតាញ៉ូម​នៅ​ក្នុង​ខេត្ត​កោះកុង ​ដែល​ជា​តំបន់​ព្រៃ​ការពារ​ភ្នំ​ក្រវ៉ាញ។ ​អ្នក​បរិស្ថាន​បាន​និយាយ​ថា​ សេចក្តី​សម្រេច​ចិត្ត​នេះ​គឺ​ជា​ការត្រួត​ពិនិត្យ​យ៉ាង​ស៊ី​ជម្រៅ​បំផុត​អំពី​រ៉ែ​ទីតាញ៉ូម ​ដែល​បាន​ស្នើ​ឡើង​នេះ ​និង​បាន​ប្រឹងប្រែង​ដាក់​ទម្ងន់​ទៅ​លើ​ផល​វិបាក​នានា​ដែល​គម្រោង​នេះ​ប៉ះពាល់​ទៅលើ​តំបន់​ព្រៃ​ទាក់​ទាញ​ទឹកភ្លៀង ​និង​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ពហុ​សាសន៍​មួយ​ធ្វើ​អាជីវកម្ម​រ៉ែ​ទីតាញ៉ូម​នៅ​ក្នុង​ខេត្ត​កោះកុង​ដែល​មន្ត្រី​អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ​ និង​សហគមន៍​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ស្វាគមន៍​សេចក្តី​សម្រេច​នេះ​ដោយ​ចាត់ទុក​ថា ​ជា​ «តម្លៃ​ដ៏ធំ​សម្បើម​នៃ​ព្រៃ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​ថា​ លោក​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​អាជីវ​កម្ម​យក​រ៉ែ​ទីតាញ៉ូម​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង​នោះ​ឡើយ ​ដោយ​បង្ហាញ​កង្វល់​អំពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន ​និង​ជីវចម្រុះ​ ក៏​ដូច​ជា​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។

លោក​ផៃ ស៊ីផាន​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ​បាន​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ការពារ​ការ​ប្រែប្រួល​អាកាសធាតុ​ ការពារ​ព្រៃ​ធម្មជាតិ​ ការ​ថែ​រក្សា​ជីវចម្រុះ ​និង​ការ​រក្សា​ផល​ប្រយោជន៍​សម្រាប់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។

«ក្នុង​ការ​វាយ​តម្លៃ​អំពី​ផល​ប៉ះពាល់​សង្គម ​ផល​ប៉ះពាល់​សេដ្ឋកិច្ច ​និង​ផល​ប៉ះ​ពាល់​លើ​និរន្តរ​ភាព​នៃ​បរិស្ថាន​របស់​កម្ពុជា​ បូក​ជាមួយ​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរ​ជាតិ​មួយ​ចំនួន​ និង​ការ​ព្រួយ​បារម្ភរបស់​លោក​ផ្ទាល់​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​សម្រេច​ចិត្ត​ទៅ​តាម​ហ្នឹង​ទៅ»។

លោក​ John Maloy ​អ្នក​នាំពាក្យ​សម្រាប់​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​យ៉ាង​ដូច្នេះ​ថា ​លោក​សប្បាយ​រីករាយ​ណាស់​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នេះ។

«យើង​បាន​គិត​ថា ​រ៉ែ​នេះ​នឹង​បាន​បន្ត​ទៅ​មុខ​ទៀត​ ហើយ​យើង​កំពុង​ធ្វើការ​ព្យាយាម​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​តិចតួច​ដែល​វា​នឹង​កើត​ឡើង។ ​ដូច្នេះ ​នេះ​គឺជា​ការ​អស្ចារ្យ​ណាស់​ដែល​រដ្ឋាភិបាល​បាន​ចំណាយ​ពេល​ពិចារណា​លើ​ផល​ប៉ះពាល់​នានា​ និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នេះ​ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ទាំង​ព្រៃ​និង​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់»។

លោក​ង៉ែត ងន​ ប្រធាន​ភូមិ​ជីផាត់​ បាន​និយាយ​ថា​ អ្នក​ភូមិ​មួយ​ចំនួន​ដែល​ទទួល​បាន​ផល​កម្រៃ​ពី​ព្រៃ​ធម្មជាតិ​ បាន​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ​ ប៉ុន្តែ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ ដែល​មិន​បាន​ទទួល​ផល​កម្រៃ​ពី​ព្រៃ​ធម្ម​ជាតិ​ ចង់​មាន​ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ ​ដើម្បី​មាន​ការងារ​ធ្វើ ​និង​ទទួល​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​អាជីវ​កម្ម​រ៉ែ​ទីតាញ៉ូម​ ដែល​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ ​មិន​អាច​ធ្វើ​បាន​ទេ។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ ​បាន​បញ្ជាក់​ថា​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កាលពី​ថ្ងៃសុក្រ​ និយាយ​ថា ​នេះគឺ​ជា​ជ័យជំនះ​ដ៏​ធំធេង​សម្រាប់​ការ​អភិរក្ស​ក្នុង​តំបន់​ព្រៃ​ទាក់ទាញ​ទឹក​ភ្លៀង​ ដែល​ជាប់​គ្នា​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ប៉ុន្តែ​ជំនះ​នឹង​ការ​គំរាម​កំហែង។

Suwanna Gauntlett ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​«យើង​ទទួល​ស្គាល់​ថា​ ការ​អភិវឌ្ឍ​មាន​សារៈ​សំខាន់​ចំពោះ​អនាគត​របស់​ប្រទេស​កម្ពុជា ​ប៉ុន្តែ​ការ​អភិវឌ្ឍ​នោះ​ត្រូវតែ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​សម្រប​សម្រួល​ដែល​គោរព​ការ​ផ្តួច​ផ្តើម​គំនិត​អភិរក្ស​ ហើយ​ការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពង្រឹង​សេចក្តី​ត្រូវ​ការ​ថែ​រក្សា​ព្រៃ​ដ៏​មាន​សារៈ​សំខាន់​ជា​សកល​នេះ​តែ​ប៉ុណ្ណោះ»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ថា ​ដី​សម្បទាន​រ៉ែ​ទីតាញ៉ូម​៤.៤០០​ហិកតា ​ដែល​បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ United Khmer Group ​មិន​អនុញ្ញាត​ឱ្យ​បន្ត​ទៀត​ទេ។ ​ក្រុមហ៊ុន​នេះ​បាន​ព្យាករណ៍​ចំណូល​ជាង​១៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍។ ​ក្រុមហ៊ុន​ United Khmer Group ​នេះ​ចូលរួម​គ្នា​ដោយ​អ្នក​វិនិយោគ​កម្ពុជា​ សឹង្ហបូរី ​និង​ចិន។

រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​សេចក្តី​សម្រេច​កាលពីខែ​កុម្ភៈ​របស់​ខ្លួន​ ដែល​ផ្តល់​ដី​សម្បទាន​អភិវឌ្ឍន៍​រ៉ែ​ទីតាញ៉ូម​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំ​ក្រវ៉ាញ។

Suwanna Gauntlett ​បាន​និយាយ​ថា​ «យើងត្រូវ​បាន​ធ្វើឱ្យ​សប្បាយ​រីករាយ​ដោយ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​សេចក្តី​សម្រេច​ចិត្ត​នេះ​កំពុង​លើក​ទឹក​ចិត្ត​ឱ្យ​យល់​ដោយ​ពិបាក​ឱ្យ​ជឿ​ថា ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ត្រួត​ពិនិត្យ​យ៉ាង​ស៊ី​ជម្រៅ​បំផុត​ក្នុង​រ៉ែ​ទីតាញ៉ូម​ដែ​បាន​ស្នើឡើង​នេះ ​និង​បាន​ប្រឹង​ប្រែង​ដាក់​ទម្ងន់​ទៅ​លើ​ផល​វិបាក​នានា​ ដែល​គម្រោង​នេះ​ប៉ះពាល់​ទៅ​លើ​តំបន់​ព្រៃ​ទាក់​ទាញ​ទឹកភ្លៀង​ និង​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន។

មន្ត្រី​ក្រុមហ៊ុន ​United Khmer Group​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ​ទេ៕

XS
SM
MD
LG