ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​បង្កើត​សាលា​រដ្ឋបាល​មូលដ្ឋានដើម្បី​ពង្រឹង​សេវា​សាធារណៈ


រូបឯកសារ៖ ក្រសួង​​មហាផ្ទៃ​​នៃ​ប្រទេស​កម្ពុជា
រូបឯកសារ៖ ក្រសួង​​មហាផ្ទៃ​​នៃ​ប្រទេស​កម្ពុជា

លោកស្រី ធីតា ឃឹះ​ ប្រធាន​អង្គការ​សីលការ​ យល់​ថា​ សាលា​ថ្មី​នេះ​ ជា​កន្លែង​ដែល​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ អាច​ពង្រឹង​សមត្ថភាព​ ​និង​បំប៉ន​ជំនាញ​អភិបាលកិច្ច និង​គណនេយ្យ​ភាព​សង្គម​​របស់​ពួកគេ។​

ខណៈ​ដែល​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​ បាន​សម្រេច​បង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ ដើម្បី​ពង្រឹង​សេវា​សាធារណៈ​ បង្កើន​សមត្ថភាព​មន្ត្រី​រាជការ និង​លើក​កម្ពស់​ស្វ័យភាព​រដ្ឋបាល​មូលដ្ឋាន ក្រុម​មន្ត្រី​សង្គម​ស៊ីវិល ​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​ថ្មី​របស់​រដ្ឋាភិបាល​នេះ​ ដោយ​រំពឹង​ថា​ សាលា​ថ្មី​នេះ​ អាច​ធានា​ប្រសិទ្ធភាព​ការងារ​ប្រកបដោយ​ការ​ទទួលខុស​ត្រូវ​ និង​គណនេយ្យ​ភាព​ជាង​មុន។

លោក ​ព្រាប ​កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ឲ្យ​ដឹង​ថា ការ​បង្កើត​សាលា​នេះ​ ជា​សក្ខីភាព​មួយបង្ហាញ​ការ​ឲ្យ​តម្លៃ ចំពោះ​កំណែ​ទម្រង់​វិមជ្ឈការ​រដ្ឋបាល​មូលដ្ឋាន និង​ពង្រឹង​សមត្ថភាព​មន្ត្រី​មូលដ្ឋាន។​

«មាន​សារសំខាន់​ណាស់​ ដោយសារ​សេវា​សាធារណៈ ដែល​ពលរដ្ឋ​ត្រូវ​ការ​ជា​ចាំបាច់​ភាគច្រើន​គឺ​នៅ​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ហើយ​ការ​ដែល​យើង​មាន​គោល​នយោបាយ​ពង្រឹង​សមត្ថភាព​មន្ត្រី​ នៅ​មូលដ្ឋាន​ ឬ​ថ្នាក់​ក្រោម​ជាតិ ឲ្យ​ផ្ដល់​សេវា​ ឲ្យ​មាន​ប្រសិទ្ធភាព​ មាន​គុណភាព​ និង​មាន​ការ​ទទួលខុស​ត្រូវ​ មាន​គណនេយ្យ​ភាព​ ដើម្បី​លើក​កម្ពស់​គុណភាព និង​ផលិតភាព​នៃ​ការ​ផ្ដល់​សេវា​ ជូន​ពលរដ្ឋ​ ជាពិសេស​ គឺ​ពលរដ្ឋ​ក្រីក្រ»។

បើ​តាម​លោក ព្រាប កុល​ កន្លង​មក​ឥរិយាបថ​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ធ្លាប់​មាន​ភាព​អសកម្ម​ខ្លះ មាន​ភាព​យឺតយ៉ាវ និង​ពេលខ្លះ​ទៀត​មា​ន​ការ​ទាម​ទារ​លុយ​ទឹក​តែ ឬ​លុយ​ក្រោម​តុ​ជាដើម។

ក៏​ប៉ុន្តែ​លោក​ថា​ សកម្មភាព​អសកម្ម​ទាំង​នោះ​ ហាក់​មាន​ភាព​ប្រសើរ​ជាង​មុន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ លោក​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ប្រទេស​ដទៃ​ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​ ក៏​មាន​សាលា​រដ្ឋបាល​មូលដ្ឋាន​ដូច​គ្នា​ដែរ​ ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ។

លោក ព្រាប​ កុល​ បន្ថែមថា ​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​នេះ ត្រូវ​ការ​កំណត់​កម្មវិធី​បណ្ដុះបណ្ដាល​ ជាក់លាក់​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​មូលដ្ឋាន​ជាក់ស្ដែង​របស់ពលរដ្ឋ។

«កត្តា​ទី១​ គឺ​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ កម្មវិធី​បង្រៀន​ហ្នឹង​ឲ្យ​ចំ​ជំនាញ​ភាព​ចាំបាច់​ និង​តម្រូវ​ការ​នៅ​មូលដ្ឋាន។ ទី២​ គឺ ជ្រើស​រើស​ និង​ផ្ដល់​អាទិភាព​ទៅ​ឲ្យ​មន្ត្រី​ដែល​អនុវត្ត​ផ្ទាល់​ ក្នុង​ការ​ផ្ដល់​សេវា។ ហើយ​កត្តា​មួយ​ទៀត​ គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​លើ​ការ​អនុវត្ត​ ថា​តើ​ការ​បណ្ដុះបណ្ដាល​មាន​គុណភាព​សម​ស្រប​អាច​ទទួល​យក​បាន​ទេ ដើម្បី​ធ្វើ​ការ​កែ​លំអ​ជា​បន្តបន្ទាប់»។​

ដូច​គ្នា​ដែរ​ លោកស្រី​ ធីតា ឃឹះ​ ប្រធាន​អង្គការ​សីលការ​ ដែល​ឃ្លាំ​មើល​គោលនយោបាយ​កម្ពុជា​ បង្ហាញ​ការ​សាទរ​ចំពោះ​វត្តមាននៃ​សាលា​រដ្ឋបាល​មូលដ្ឋាន​ថ្មី​នេះ​។

លោកស្រី​ យល់​ថា​សាលា​ថ្មី​នេះ​ ជា​កន្លែង​ដែល​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ អាច​ពង្រឹង​សមត្ថភាព​ ​និង​បំប៉ន​ជំនាញ​អភិបាលកិច្ច និង​គណនេយ្យ​ភាព​សង្គមរបស់​ពួកគេ។​

«យើង​ត្រូវ​ការ​បង្កើន​ប្រសិទ្ធភាព​ លើ​ការ​ទទួល​ខុសត្រូវ​របស់​មន្ត្រី​មូលដ្ឋាន ដើម្បី​ឲ្យ​គាត់​មាន​គណនេយ្យ​ភាព​ មាន​ន័យ​ថា​ទទួលខុសត្រូវ និង​ឆ្លើយ​តប​សេចក្ដី​ត្រូវ​ការ​ពលរដ្ឋ។ គោល​នយោបាយ​យុទ្ធសាស្ត្រ រដ្ឋាភិបាល​មាន​ហើយ តែ​ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​មិន​ទាន់​មាន»។​

លោក​ស្រី​បន្ត​ថា​ ដើម្បី​ឲ្យ​ការ​អនុវត្ត​កាន់​តែ​មាន​ប្រសិទ្ធភាព​ទៀត​នោះ វា​ទាមទារ​ឲ្យ​មាន​ការ​តាមដាន​កែលំអ និង​ការ​ពិភាក្សា​គ្នា​រវាង​មន្ត្រី​មូលដ្ឋាន​ដែល​អ្នក​ផ្ដល់​សេវា និង​ពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​សេវា​នោះ។​

សេចក្ដី​សម្រេច​បង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​នេះ​ ធ្វើ​ឡើង​តាម​រយៈ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​ ចុះ​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៦។

អនុក្រឹត្យ​នេះ​ បញ្ជាក់​ថា​ សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន​នេះ​ មាន​ភារកិច្ច​ រៀបចំ​ផែនការ​យុទ្ធ​សាស្ត្រ​ និង​ផែន​ការ​សកម្មភាព​ ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ ព្រម​ទាំង​ផ្ដល់​យោបល់​លើ​គោល​នយោបាយ​នានា​ពាក់ព័ន្ធ​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​ជា​ដើម។​

VOA មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​លម្អិតពី​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ ដំណើរការ​សាលា​នេះ​បាន​ទេ​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ៕

XS
SM
MD
LG