ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​រដ្ឋ​មន្ត្រី​ពិភាក្សា​ច្បាប់​អំពី​ការ​ជ្រើសរើស​ និង​រក្សា​កងទ័ព​បម្រុង


ការបង្កើតកង​កម្លាំង​យោធា​បម្រុង​រយៈ​ពេល​៥ឆ្នាំ​ ​គឺ​ដើម្បី​បង្កើត​ក្រប​ខ័ណ្ឌ​​យោធា​បម្រុង​សម្រាប់​ជា​កម្លាំង​បំពេញ​សេវា​កម្ម​ក្នុង​អង្គភាព​យោធា​អាជីព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ពេល​ដែល​មាន​តម្រូវ​ការ​ចាំបាច់​របស់​ប្រទេស​ជាតិ។
ការបង្កើតកង​កម្លាំង​យោធា​បម្រុង​រយៈ​ពេល​៥ឆ្នាំ​ ​គឺ​ដើម្បី​បង្កើត​ក្រប​ខ័ណ្ឌ​​យោធា​បម្រុង​សម្រាប់​ជា​កម្លាំង​បំពេញ​សេវា​កម្ម​ក្នុង​អង្គភាព​យោធា​អាជីព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ពេល​ដែល​មាន​តម្រូវ​ការ​ចាំបាច់​របស់​ប្រទេស​ជាតិ។

ភ្នំពេញ៖ ​ប្រទេស​កម្ពុជាមាន​ច្បាប់​សម្រាប់​បង្កើត​កង​កម្លាំង​យោធា​បម្រុង​រយៈ​ពេល​៥ឆ្នាំ​ ​បន្ទាប់​ពី​មន្ត្រីយោធា​ទាំង​នោះ​សុំ​លាលែង​ ឬ​ចូល​និវត្ត​ពី​កង​យោធពល​ខេមរ​ភូមិន្ទ​ ដើម្បី​បង្កើត​ក្រប​ខ័ណ្ឌយោធា​បម្រុង​សម្រាប់​ជា​កម្លាំង​បំពេញ​សេវា​កម្ម​ក្នុង​អង្គភាព​យោធា​អាជីព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ពេល​ដែល​មាន​តម្រូវ​ការ​ចាំបាច់​របស់​ប្រទេស​ជាតិ។ ​ក្រុម​មន្ត្រី​អង្គការសង្គម​ស៊ីវិល​បាន​គាំទ្រ​ច្បាប់​នេះ​ ​ប៉ុន្តែ​សុំ​ឱ្យ​ក្រសួង​ការពារ​ជាតិជួយ​បណ្តុះ​បណ្តាល​អ្នក​ជាប់​កាតព្វ​កិច្ច​យោធា​ ​អំពី​វិជ្ជាយោធា​ និង​វិជ្ជា​ស៊ីវិល​ផ្សេងៗ​ទៀត។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី​យោធា​បានថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​អ្នក​ជាប់​កាតព្វ​កិច្ច​យោធា​ ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ដល់​៣០​ឆ្នាំនឹង​ត្រូវ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​ ​ទាំង​ជំនាញ​យុទ្ធសាស្ត្រ​យោធា​ និង​ជំនាញ​ឯកទេស​ស៊ីវិល​ផ្សេងៗ​ សម្រាប់​ពង្រឹង​ស្មារតី​ទទួល​ខុស​ត្រូវ​និង​ចេះ​ធ្វើ​ការងារ​ជា​ក្រុម។

កាល​ពី​ថ្ងៃ​សុក្រ​ ​គណៈ​រដ្ឋមន្ត្រីបាន​អនុម័ត​ព្រះរាជ​ក្រឹត្យ​មួយ​តម្រូវ​ឱ្យ​សមាជិក​កងទ័ព​ចុះឈ្មោះ​ជា​កង​ទ័ព​បម្រុង​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ​ក្រោយ​ពី​ចប់​កាតព្វ​កិច្ច​បម្រើ​ទ័ព​ ​ហើយ​និង​អ្នក​ជាប់​កាតព្វ​កិច្ច​យោធា​ ត្រូវ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​យោធា​ប្រចាំ​ឆ្នាំ។

លោក​សុខ សំអឿន ​នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ ​បាន​ថ្លែង​ថា​ បើ​ក្រសួង​ការ​ពារ​ជាតិ​ធ្វើ​ការ​ហ្វឹក​ហ្វឺន​អ្នក​ជាប់​កាតព្វ​កិច្ច​យោធា​ឱ្យ​បាន​ត្រឹមត្រូវ​ នោះ​វានឹង​មាន​ប្រយោជន៍ច្រើន​យ៉ាង​ ដូច​ជាសុខភាព​រឹងមាំ​ ​ការយល់ដឹង​ពី​យុទ្ធសាស្ត្រការពារ​ជាតិ​ ​ការ​ចេះ​ធ្វើការ​ជា​ក្រុម​ការ​ពង្រឹង​ស្មារតី​ទទួលខុសត្រូវ​ និង​ភាព​ជា​អ្នក​ដឹកនាំ។

«ខ្ញុំ​យល់​ថា​ ​មាន​សារៈ​សំខាន់​ណាស់​ ​ហើយ​ការហ្វឹកហ្វឺន​នេះ​ត្រូវ​មាន​គោល​ដៅ​និង​គោលការណ៍​ច្បាស់​លាស់។​ កម្មវិធី​ហ្វឹកហ្វឺន​នេះ​គឺ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ឱ្យ​បាន​ច្បាស់លាស់​ ​មិនមែន​ហ្វឹក​ហ្វឺន​ដើម្បីគ្រាន់​តែចេះ​លូន​ ក្រាប​ និង​បាញ់​កាំភ្លើង​ប៉ុណ្ណោះ​ទេ»។

លោក​ឈិត សំអាត​ នាយក​ប្រតិបត្តិ​វេទិកា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​បណ្តុះ​បណ្តាល​មុខវិជ្ជា​យោធា​នេះ ​ជា​កិច្ចការ​សំខាន់​សម្រាប់​កងទ័ព​ថ្មី​ ​ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​ត្រូវ​តែ​ជួយ​បណ្តុះ​បណ្តាល​ចំណេះ​វិជ្ជា​ និង​ជំនាញ​ផ្សេងៗ​ទៀត​សម្រាប់​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ និង​ធ្វើ​មនុស្ស​ល្អ​ ​បន្ទាប់​ពី​បញ្ចប់​កាតព្វ​កិច្ច​យោធា​នោះ។

សេចក្តី​ថ្លែង​ការណ៍​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ ​បាន​និយាយ​ថា​ ​ព្រះ​រាជ​ក្រឹត្យ​នេះ​ត្រូវ​បាន​ព្រាង​ឡើង ​ដើម្បី​បង្កើត​ក្រប​ខ័ណ្ឌយោធា​បម្រុង​សម្រាប់​ជា​កម្លាំង​បំពេញ​សេវា​កម្ម​ក្នុង​អង្គ​ភាព​យោធា​អាជីព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​នៅពេល​ដែល​មាន​តម្រូវ​ការ​ចាំបាច់​របស់​ប្រទេស​ជាតិ។

រដ្ឋ​សភា​បាន​អនុម័ត​ច្បាប់ស្តីពី​ការ​កេណ្ឌ​ទាហាន​នៅ​ក្នុង​ខែតុលា​ ឆ្នាំ២០០៥​ ដែល​តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋខ្មែរ​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ដល់​៣០​ឆ្នាំ​ ​ចុះ​ឈ្មោះ​ចូល​បម្រើ​យោធា​រយៈ​ពេល​១៨​ខែ​ ​បើមាន​ការ​កោះ​ហៅ។​ ​ច្បាប់​ស្តីពី​ការ​កេណ្ឌ​ទាហានមិន​ទាន់​ចូល​ជា​ធរមាន​ទេ​ ​រហូត​ដល់​គណៈ​រដ្ឋមន្ត្រី​អនុម័ត​អនុ​ក្រឹត្យ។

លោក​ឧត្តម​សេនីយ៍​ឯក​ឈុំ សុជាតិ ​អនុ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា​ ​ក្រសួង​ការពារ​ជាតិ​នឹង​ហ្វឹកហាត់​អ្នក​ជាប់​កាតព្វ​កិច្ច​យោធា​ពី​អាយុ ​១៨​ឆ្នាំ​ ដល់​៣០​ឆ្នាំ ​អំពី​ជំនាញ​យោធា​ស្តីពី​យុទ្ធវិធី​ប្រយុទ្ធ​ ​និង​យុទ្ធវិធី​ការពារ​បូរណ​ភាព​ទឹកដី​ ​ជា​មូលដ្ឋាន​គ្រឹះ​រួមផ្សំ​ជាមួយ​ជំនាញ​បច្ចេក​ទេស​ផ្សេងៗ​ ​ដូច​ជាវិស្វកម្ម​ខាង​ការ​កសាង​ស្ពាន​ ថ្នល់ ​និង​វិជ្ជា​ពេទ្យ។

លោក​ឧត្តម​សេនីយ៍​ឯក​ឈុំ សុជាតិ ​បាន​បញ្ជាក់​ថា​ ​យោធា​ដែល​ចូល​និវត្តន៍ ​យោធា​កេណ្ឌ ​និង​យោធា​មិន​មែន​កម្លាំង​ប្រយុទ្ធ​ ​ដូចជា​វិស្វករ​ ​បុគ្គលិក​ពេទ្យ​ ​និង​អ្នក​បើកបរ​ជាដើម​ ​នឹង​ត្រូវ​បំពេញ​ កាតព្វ​កិច្ចជា​កម្លាំង​បម្រុង​រយៈ​ពេល​៥ឆ្នាំ​ ​បន្ទាប់​ពី​សុំ​លាលែង​ ​ឬ ​ចូល​និវត្ត​ពី​កង​យោធពល​ខេមរ​ភូមិន្ទ។

«ព្រះរាជក្រឹត្យ​ស្តីពី​ការ​ចាត់ទុក​កម្លាំង​បម្រុង​របស់​ប្រទេស​ជាតិ​នេះ​ ​គឺជា​ការ​រួម​ចំណែក​ក្នុងការ​កែទម្រង់​កង​យោធពល​ខេមរ​ភូមិន្ទ​ផង​ និង​ត្រៀម​បម្រុង​កម្លាំង​ដើម្បី​ការពារ​បូរណ​ភាព​ទឹក​ដី​នៅ​ពេលដែល​យើង​មាន​ករណី​ចាំបាច់។​ នេះ​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ត្រៀម​កម្លាំង ឬ​ក៏សក្តានុពលខាង​ប្រជា​ពល​រដ្ឋ​ក្នុងការ​ការពារ​ជាតិ​មាតុភូមិ។​ នេះ​ជា​ច្បាប់​យូរ​អង្វែង​មិន​មែន​ច្បាប់​ចំពោះ​មុខ​ទេ»។

លោក​ឧត្តមសេនីយ៍ឯក​ឈុំ សុជាតិ​បាន​ថ្លែង​ថា​ ​ព្រះ​រាជ​ក្រឹត្យ​នេះ​មិន​ទាក់ទង​នឹង​សភាព​ការណ៍​យោធា​នៅ​ព្រំដែន​កម្ពុជា​ និង​ថៃ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា​នោះ​ទេ៕

XS
SM
MD
LG