ព្យុះធំមួយ នាំឲ្យក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឲ្យមានការប្រុងប្រយត្ន័ចំពោះគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួន។
ខេត្តនៅជាប់សមុទ្រ និងបណ្ដាខេត្តមួយចំនួនទៀតដូចជា ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ ព្រៃវែង និងខេត្តស្វាយរៀង អាចព្រឈមនឹងគ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាយ៉ាងខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមាននៅថ្ងៃច័ន្ទនេះ ដោយដាស់តឿនឲ្យក្រុមអាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តខាងលើឲ្យធ្វើការប្រុងប្រយ័ត្នឲ្យបានខ្លាំងក្លាចំពោះគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
លោក លឹម គានហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានពន្យល់នៅក្នុងសេចក្តីជូនដំណឹង ជាសាធារណៈនៅថ្ងៃនេះថា កម្ពុជាកំពុងទទួលរងនូវប្រព័ន្ធសម្ពាធទាបមួយ ដែលបានបង្កឲ្យមានភ្លៀងធ្លាក់ជាច្រើនចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែតុលា ជាពិសេសនៅតាមតំបន់វាលទំនាប តំបន់មាត់សមុទ្រ និងខេត្តមួយចំនួនដូចត្រូវបានរៀបរាប់ខាងលើ។ លោកលឹម គានហោ បញ្ជាក់ថាស្ថានភាពភ្លៀងធ្លាក់បែបនេះ អាចនឹងបង្កឲ្យមានទឹកជំនន់ទឹកភ្លៀង។
ការព្រមានរបស់ក្រសួងធនធានទឹក និងឧតុនិយមធ្វើឡើង បន្ទាប់ពីមានព្យុះភ្លៀងធំមួយ បានបោកបក់មកលើខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យ ហើយបានបង្កឲ្យមានការខូចខាតមួយចំនួន និងលិចទូកចំនួនបី ក្នុងនោះទូកនេសាទចំនួនពីរ និងទូកសម្រាប់ដឹកភ្ញៀវទេសចរណ៍សម្រាប់លំហែកំសាន្តតាមសមុទ្រចំនួនមួយ។ លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ អះអាងថា ពុំមានជនរងគ្រោះដល់បាត់បង់ជីវិតនោះទេ។
ក៏ប៉ុន្ដែមានសេចក្ដីរាយការណ៍ថា អ្នកនេសាទមួយចំនួន ដែលទំនងជាអ្នកនេសាទជនជាតិវៀតណាមបានបាត់ខ្លួននៅក្នុងឧប្បត្តិហេតុនេះ។
លោក កែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធាននាយករដ្ឋានព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា នៅមិនទាន់មានការវាយតម្លៃជាក់លាក់ពីការខូចខាតនៅឡើយទេរហូតមកទល់ពេលនេះ។ លោកថ្លែងដូច្នេះថា៖
«ខ្យល់មានភ្លៀងខ្លាំងធ្វើឲ្យដើមឈើរលំ ហើយមានគ្រោះថ្នាក់ ប៉ុន្ដែតួលេខពិតប្រាកដ យើងអត់ ទាន់ទទួលបានដោយសារសមត្ថកិច្ចកំពុងធ្វើការ »។
ភ្លៀងនៅបន្ដធ្លាក់ជាខ្លាំងចាប់តាំងពីព្រឹកព្រលឹមរហូតមកទល់នឹងល្ងាចនេះ នៅក្នុងទីក្រុងភ្នំពេញ និង នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្ដែនៅមិនទាន់មានរបាយការណ៍ស្ដីពីជំនន់ទឹកភ្លៀងកើតឡើងនៅឡើយទេ៕