ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាល​មាន​វិធាន​ការ​បោស​សម្អាត​សំណង់​ខុស​ច្បាប់


រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ដ៏​សំខាន់​ថ្មី​មួយ​ដល់​ក្រុម​អាជ្ញាធរ​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​សម្រាប់​បោស​សម្អាត​សំណង់​ខុស​ច្បាប់​នានា​នៅ​លើ​ដី​របស់​រដ្ឋ។

លោក ​ជន សក្តា​ជូន​សេចក្តី​រាយ​ការណ៍​ដូច​ត​ទៅ៖

គណៈ​រដ្ឋ​មន្ត្រី​ នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​អនុម័ត​សារាចរ​ដ៏​មាន​សារៈ​សំខាន់​មួយ​ដែល​ណែនាំ​ក្រុម​ អាជ្ញាធរ​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេសកម្ពុជា​ឱ្យ​ស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​ការ​តាំង​ទីលំនៅ​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​របស់​រដ្ឋ។

សារាចរ​នេះ​បាន​ប្រាប់​ក្រុម​អាជ្ញាធរ​ឱ្យ​ជួប​ជាមុន​ជាមួយ​តំណាង​សហគមន៍​នៅ​លើ​ដី​របស់​រដ្ឋ​ដើម្បី​ប្រាប់​ពី​គម្រោង​អភិវឌ្ឍន៍​ និង​បន្ទាប់​មក​ពិភាក្សា​គ្នា​អំពី​តម្លៃ​ទូទាត់​តាម​គោល​នយោបាយ​សម្រាប់​អ្នក​តាំង​ទីលំនៅ​ទាំង​នោះ។

ក្រុម​អ្នក​រិះគន់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សារាចរ​នេះ​បង្កើត​នូវ​បញ្ញត្តិ​ច្បាប់​មួយ​សម្រាប់​ វិធាន​ការ​នានា​ដែល​បាន​អនុវត្ត​ដោយ​ក្រុម​អាជ្ញាធរ​រួច​មក​ហើយ​ ​ហើយ​វា​មិន​បាន​ដោះស្រាយ​ស្ថានភាព​ ដែល​អ្នកតាំង​ទីលំនៅ​ប្រកែក​ មិន​ព្រម​ចាកចេញ​ទេ។

ការ​រំលោភ​យក​ដី​របស់​រដ្ឋ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ខណៈ​ដែល​តម្លៃ​ដី​បាន​ឡើង​ថ្លៃ ​និង​គម្រោង​អភិវឌ្ឍន៍​កំពុង​តែ​កើន​ឡើង។

សេចក្តី​ថ្លែង​ការណ៍​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​សារាចរ​នេះ​បាន​ណែនាំ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត​គ្រប់​លំដាប់​ថ្នាក់​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ដោះស្រាយ​សំណង់​បណ្តោះ​ អាសន្ន ​ឬ​ ខុស​ច្បាប់​លើ​ដី​របស់​រដ្ឋ ​តាម​រយៈ​ការ​ពិភាក្សា​សម្រប​សម្រួលដើម្បី​កំណត់​គោល​នយោបាយ។​ សរាចរ​នេះ​មាន​គោល​ដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន ​ឬ​សំណង់​អនាធិប​តេយ្យ​ ដែល​ ​ជា​ប្រភេទ​សំណង់​គ្មាន​សណ្តាប់​ធ្នាប់​លើដី​របស់​រដ្ឋ​ ដែល​អ្នក​ចូល​កាន់កាប់​បាន​មក​តាំង​ទី ​ដោយ​ខុស​ច្បាប់​ និង​សង់​ជា​ជម្រក​ស្នាក់​នៅ​គ្មាន​របៀប​រៀបរយ​ ខ្វះ​ផ្លូវ​ចេញ​ចូល ​និង​ខ្វះ​អនាម័យ។

លោក​ យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​ បាន​បញ្ជាក់​ថា​ ​បើ​យើង​ពិនិត្យ​មើល​ខ្លឹម​សារ​សារាចរ​នេះ​ល្អ​ ​ប៉ុន្តែ​យើង​ព្រួយ​បារម្ភ​អំពី​ការ​អនុវត្តន៍​ជាក់ស្តែង​ ដោយសារ​រដ្ឋា​ភិបាល​ មិន​បាន​ផ្តល់​សំណង​តាម​តម្លៃ​ទីផ្សារ​ដល់​ប្រជា​ពលរដ្ឋ​ ជា​ថ្នូរ​នឹង​ការ​ចេញ​ពី​លំនៅ​ដ្ឋាន។

«បើ​សិន​ជា​មាន​ការ​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ដោយសារ​សារាចរ​នេះ​ ​យើង​សូម​ឱ្យ​រដ្ឋា​ភិបាល​គោរព​រដ្ឋ​ធម្មនុញ្ញ​ និង​ច្បាប់​សង​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​តម្លៃ​ទីផ្សារ»។

លោក​ធន សារ៉ាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស ​ADHOC ​បាន​យោបល់​ថា​ ដំណោះ​ស្រាយ​នេះ​ គួរតែ​គិត​ជា​សំខាន់​ទៅ​លើ​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ជន​ក្រីក្រ​ទាំង​នោះ​ មុន​ពេល​យើង​ផ្លាស់​ ប្តូរ​កន្លែង​រស់​នៅ​របស់​ពួក​គាត់។

"យើង​កុំ​ឱ្យ​លម្អ​ភ្នែក​អ្នក​មាន​ ​ ហើយ​យើង​ទៅ​ធ្វើ​បាប​អ្នកក្រ។​ វា​ជា​រឿង​អយុត្តិធម៌។​ យើង​ត្រូវ​ទុក​ឱ្យ​គាត់​រស់​ផង។​ នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​គិត​ឱ្យ​បាន​ត្រឹមត្រូវ។​ ខ្ញុំ​បារម្ភ​ក្នុង​ការ​អនុវត្ត​ (សារាចរ​នេះ)​មែន​ទែន"។

លោក​ស្រីថៃ ​ណារី ​អាយុ​៣៩​ឆ្នាំ ​នៅ​ភូមិ​២៣​ក្នុង​តំបន់​បឹងកក់​ បាន​និយាយ​ថា​ ​ យើង​មិន​ពេញ​ ចិត្ត​នឹង​សារាចរ​ថ្មី​នេះ​ទេ ​ដោយ​ដំណោះ​ស្រាយ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​តាម​គោល​នយោបាយ​ ដែល​នឹង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ក្រីក្រ។

"ខ្ញុំ​យល់​ថា​ សារាចរ​ទើប​ចេញ​ថ្មី​នេះ​មិន​ត្រឹមត្រូវ​ចំពោះ​ប្រជា​ពលរដ្ឋ​រស់​នៅ​បឹង​កក់​ទេ។​ ប្រជា​ពលរដ្ឋ​ចង់​បាន​តម្លៃ​តាម​ទីផ្សារ​ ដើម្បី​ទិញ​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​បាន​ ហើយ​ដល់​ពេល​ឱ្យ​ គាត់​តាម​តម្លៃ​គោល​នយោបាយ​របស់​រដ្ឋ​ចំនួន​៨៥០០​ដុល្លារ​អាមេរិក។​ ផ្ទះ​របស់​គេ​ធំៗ ​គេ​មិន​យក​តម្លៃ​៨៥០០​ ដុល្លារ​អាមេរិក​នេះ​ទេ"។

អង្គការ​សិទ្ធិ​មនុស្ស ​AMNESTY ​INTERNATIONAL ​បាន​និយាយ​ថា ​ការ​បណ្តេញ​ដោយ​ បង្ខំ​បាន​បន្ត​ប៉ះពាល់​រាប់ពាន់​គ្រួសារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ ក្នុង​ភាព​ក្រីក្រ។​ ​ក្រុម​សកម្ម​ជន​ពី​សហគមន៍​ប៉ះពាល់​ដោយ​ការ​បណ្តេញ​ដោយ​បង្ខំ ​និង​ការ​រឹបអូស​ដីធ្លី​ បាន​នាំ​គ្នា​មក​ចូល​រួម​កម្លាំង​គ្នា​ក្នុង​ការ​តវ៉ា ​និង​តវ៉ា​ប្រឆាំង​នឹង​ក្រុម​អាជ្ញាធរ។

ក្នុង​ឆ្នាំ​២០០៩​សមាគម​សិទ្ធិ​មនុស្ស​ADHOC​ទទួល​បាន​ករណី​បណ្តេញ​ចេញ​ចំនួន​២៩​ករណី​ ដែល​ប៉ះពាល់​ដល់​គ្រួសារ​រង​គ្រោះ​ចំនួន​៥៤៩៧​គ្រួសារ ​និង​ទំហំ​ដី​២៣៣០៥​ហិចតា។

ពី​ទី​ក្រុង​ភ្នំពេញ ​ខ្ញុំ ​ជន​ សក្តា​ VOA​ សំឡេង​ស.រ.អ.៕

XS
SM
MD
LG