ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ធ្វើ​​គោល​នយោបាយ​​ជំរុញ​ការងារ​​សម្រាប់​ពលករ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស


ភ្នំពេញ៖ ប្រទេស​កម្ពុជា​ បាន​បង្ហាញ​គោល​នយោបាយ​ថ្នាក់​ជាតិ​មួយ​ នៅ​ថ្ងៃ​នេះ​សំដៅ​ជំរុញ​ទីផ្សារការងារនៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​ថែម​ទៀត​សម្រាប់​ពលករ។

ប្រទេស​កម្ពុជា​មាន​គោល​ដៅ​ពង្រីក​ទីផ្សារ​ការងារ​សម្រាប់​ពលករ​ទៅ​ក្រៅ​ប្រទេស​ជា​បន្ថែម​ទៀត ​ ខណៈ​ពេល​ដែល​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ មាន​ក្រុម​យុវជន​ប្រមាណ​ជា​៣០​ម៉ឺន​នាក់​ ​ត្រូវការ​ការងារ​ ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។

នៅ​ក្នុង​សៀវភៅ​គោល​នយោបាយ​ស្តីពី​ទេសន្តរ​ប្រវេសន៍​ការងារ​សម្រាប់​កម្ពុជា​ ​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃអង្គារ៍នេះ​ ​រដ្ឋាភិបាល​កម្ពុជា​សរសេរ​ថា​ ​«ត្រូវ​ពង្រឹង​សេវា​កម្ម​ជ្រើស​រើស​ពលករទាំង​តាម​រយៈ​ក្រុមហ៊ុន​ឯកជន ​និង​តាម​រយៈ​ស្ថាប័ន​រដ្ឋ​ ​ហើយ​ត្រូវ​ពង្រីក​ទីផ្សារ​ការងារ​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ពលករ​កម្ពុជា»។

យោង​តាម​របាយ​ការណ៍​របស់​លោក​សេង ​សក្តា ​អគ្គនាយក​នៃ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បាន​ឲ្យ​ដឹងថា​ ​មាន​ពលករ​កម្ពុជា​ស្រប​ច្បាប់​ចំនួន​ប្រមាណ​៣៨៧៧០​នាក់​កំពុង​តែ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ​ ​ក្នុង​នោះ​មាន​ប្រទេស​ថៃ ​ម៉ាឡេស៊ី​ ជប៉ុន ​និង​ប្រទេស​កូរ៉េ​ខាងត្បូង។​ ពួកគេ​ភាគ​ច្រើន ​កំពុងតែ​បម្រើការ​នៅក្នុង​វិស័យ​ឧស្សាហ​កម្ម​ធុនតូច​ និង​មធ្យម​ក្នុង​វិស័យ​នេសាទ ​និង​បម្រើការ​នៅក្នុង​ផ្ទះ​ជាដើម។

លោក​ វង់ សូត ​រដ្ឋមន្ដ្រី​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជា្ជ​ជីវៈ​ ​បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទកាសែត​ស្តីពី​ការ​ផ្សព្វ​ផ្សាយ​សៀវភៅគោល​នយោបាយ​ស្តីពី​ទេសន្តរ​ប្រវេសន៍​ការងារ​សម្រាប់​កម្ពុជា​ នៅ​ថ្ងៃនេះ​ថា​ ​ពលករ​កម្ពុជា​ដែល​កំពុង​តែ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នេះ​ ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

«ប្រទេស​យើង​មាន​ពលករ​ប្រមាណ​ម៉ឺន​នាក់​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។​ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ ​វា​នៅ​តិចតួច​ណាស់។​ ​ប្រទេស​គេ​មាន​រហូត​ដល់​ទៅ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​រាប់​លាន​នាក់»។

នៅ​ប្រទេស​កម្ពុជា​ ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​នាំមុខ​គេ​រហូតទៅ​ដល់​ជិត​៤០​ម៉ឺន​នាក់​ ​រីឯ​ទីផ្សារ​ការងារ​នៅ​ក្រៅ​ប្រទេសបាន​ឈរ​នៅ​ក្នុង​លំដាប់​ទី២។

របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​វិភាគ​ស្ថានភាព​យុវជន​នៅ​កម្ពុជា​កាលពី​ឆ្នាំ២០០៩​ ​បាន​បង្ហាញ​ថា​ ​យុវជន​ចំនួន​ប្រមាណ​ ៣០​ម៉ឺននាក់​ ត្រូវការ​ការងារ​ជា​រៀង​រាល់​ឆ្នាំ​ ​ហើយ​ចំនួន​នេះ​អាច​នឹង​កើនឡើង​រហូត​ទៅ​ដល់ ​៤០​ម៉ឺន​នាក់​ នៅក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ។

លោក​សេង សក្តា ​អគ្គ​នាយក​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​មាន​ប្រសាសន៍ថា​ ​ប្រទេស​កម្ពុជា​កំពុង​តែ​សម្លឹង​ទៅ​រក​ទីផ្សារ​នាំ​ពលករ​ទៅ​កាន់​ប្រទេស​គុយវែត​ ទៅកាន់​កោះ​ហុងកុង​ និង​ទៅកាន់ប្រទេស​សឹង្ហបុរី​ផងដែរ៕

XS
SM
MD
LG