ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាចង់ឱ្យរដ្ឋាភិបាលបញ្ចេញសេចក្តីព្រាងច្បាប់ចុងក្រោយស្តីពីការគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ហើយត្រូវទុកពេលវេលាឱ្យបានសមស្របដើម្បីឲ្យពួកគេធ្វើការសិក្សានិងផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល។
ការទាមទារនេះកើតមានឡើងក្រោយពីក្រសួងមហាផ្ទៃកម្ពុជាបានបញ្ចប់សេចក្តីព្រាងច្បាប់លើកទីបួននៃច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។
លោកស្រីពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា៖
«អង្គការមិនមែនរដ្ឋាភិបាលមិនទាន់បានទទួល(សេចក្តីព្រាងច្បាប់នេះ)ទេ។ ខ្ញុំមិនដឹងថា មានអង្គការណាផ្សឹងទៀតបានទទួលហើយឬនៅទេ។ ប៉ុន្តែក្រុម ដែលពួកខ្ញុំធ្វើការជាមួយហ្នឹង មិនទាន់បានទទួល(បានសេចក្តីព្រាងច្បាប់នេះ)ទេ។ ដូច្នេះយើងសូមសំណូមពរទៅរដ្ឋាភិបាលជាទទូចព្រោះថា សេចក្តីព្រាងច្បាប់ហ្នឹងជាច្បាប់សម្រាប់សមាគមនិងរដ្ឋាភិបាល ដូច្នេះអង្គការមិនមែនរដ្ឋាភិបាលចង់បានសេចក្តីព្រាងច្បាប់ទីបួនហ្នឹង ហើយសូមឱ្យរដ្ឋាភិបាល លោកមេត្តាទុកពេលឱ្យបានយូរបន្តិចដើម្បីឱ្យអង្គការមិនមែនរដ្ឋាភិបាលនាំគ្នា ជួបជុំគ្នាឱ្យបានច្រើនដង ហើយពិគ្រោះយោបល់ជាមួយគ្នាសិន មុននឹងយកសំណូមពរ យកអនុសាសន៍ទៅជួបជុំជាមួយរដ្ឋាភិបាល។ សូមមេត្តាកុំទុកពេលឱ្យពួកខ្ញុំតិចពេក»។
លោកសុខ សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានបញ្ជាក់ថា ពួកគេត្រូវការពេលវេលាយ៉ាងហោចណាស់ក៏មួយខែដែរដើម្បីធ្វើការសិក្សាឱ្យគ្រប់ជ្រុងជ្រោយដើម្បីអាចឱ្យច្បាប់នេះបម្រើបានដល់ផលប្រយោជន៍ទូទៅ។
«ពេលដែលក្រសួងមហាផ្ទៃបញ្ចប់ បិទសេចក្តីព្រាងច្បាប់របស់ខ្លួន ខ្ញុំគិតថា យ៉ាងហោចណាស់ក៏ទុកពេលឱ្យ NGO ហ្នឹងមួយខែដែរ ទើបអាចមានឱកាសជជែកគ្នាបាន»។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសមាគមនិងអង្គការក្រៅរដ្ឋាភិបាលនេះទទួលរងការរិះគន់ជាច្រើនពីក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសម្ចាស់ជំនួយថា ច្បាប់នេះអាចជាការរឹតត្បិតដល់សេរីភាពក្នុងការបញ្ចេញមតិនិងប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ហើយវាអាចធ្វើឱ្យសហគមន៍ផ្តល់ជំនួយធុញទ្រាន់ដែលជាការខូចខាតដល់កិច្ចអភិវឌ្ឍន៍នាពេលកន្លងមកដែលកម្ពុជាទទួលបាន។
សេចក្តីព្រាងច្បាប់នេះធ្លាប់ត្រូវបញ្ជូនទៅដល់គណៈរដ្ឋមន្រ្តីក្នុងពេលកន្លងមក ប៉ុន្តែត្រូវបានបញ្ជូនត្រឡប់មកវិញដើម្បីធ្វើការសិក្សាកែប្រែបន្ថែម ហើយសេចក្តីព្រាងច្បាប់នេះក៏រងការជំទាស់ខ្លាំងៗពីក្រុមអង្គការសង្គមស៊ីវិលនិងប្រទេសម្ចាស់ជំនួយផងដែរ។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ឥឡូវនេះក្រុមការងាររបស់ក្រសួងបានធ្វើការកែប្រែចប់សព្វគ្រប់អស់ហើយ។
«យើងធ្វើចប់ហើយ ប៉ុន្តែយើងនឹងដាក់ឲ្យចូលរួមដើម្បីពិភាក្សាសិក្ខាសាលាមួយពេលទៀតមុននឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តី»។
ប៉ុន្តែលោកខៀវ សុភ័គបានបន្ថែមថា នៅមិនទាន់កំណត់ពេលរៀបចំសិក្ខាសាលានេះនៅឡើយទេ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ពេលវេលាសមស្របដែលអាចនឹងពិភាក្សាបានស៊ីជម្រៅលើសេចក្តីព្រាងច្បាប់នេះគឺយ៉ាងហោចណាស់នៅខែមករាឆ្នាំ២០១២ ព្រោះនៅខែធ្នូនេះមានកម្មវិធីជាច្រើនធំៗដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ជាពិសេសក្រុមដែលធ្វើការងារទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស កំពុងរៀបចំធ្វើគឺទិវាសិទ្ធិមនុស្សនៅថ្ងៃទី១០ខែធ្នូ និងអវត្តមានរបស់តំណាងសំខាន់ៗនៃអង្គការអន្តរជាតិដែលត្រូវសម្រាកចុងឆ្នាំសម្រាប់ពេលបុណ្យរបស់ពួកគេ។
នៅក្នុងកំណត់សម្គាល់មួយរបស់ក្រុមអង្គការសង្គមស៊ីវិលជូនទៅដល់ក្រុមប្រទេសម្ចាស់ជំនួយ ដែលវីអូអេសំឡេងសហរដ្ឋអាមេរិកបានទទួល បានបញ្ជាក់ពីជំហរជឿជាក់លើរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំច្បាប់មួយដែលបម្រើផលប្រយោជន៍ទូទៅ ជាពិសេសក្នុងសេចក្តីព្រាងលើកទីបួននេះ។ ប៉ុន្តែពួកគេនៅបន្តតាមដានលើបញ្ហាគន្លឹះមួយចំនួនដែលធ្វើឱ្យពួកគេព្រួយបារម្ភ ក្នុងនោះមានកង្វះនីតិវិធីក្នុងការការពារប្រឆាំងនឹងការបដិសេធក្នុងការចុះបញ្ជីឈ្មោះ តម្រូវការក្នុងការឱ្យមានតំណាក់កាលប្តឹងជំទាស់នឹងការបដិសេធការចុះបញ្ជី និងការប្រើប្រាស់ពាក្យពេចន៍ដែលមិនច្បាស់លាស់ក្នុងសេចក្តីព្រាងច្បាប់នេះដែលអាចនាំឱ្យមានការបកស្រាយតាមការយល់ឃើញផ្សេងៗដោយគ្មានមូលដ្ឋានត្រឹមត្រូវ។
យ៉ាងណាក៏ដោយ លោកខៀវ សុភ័គបានបញ្ជាក់ថា អ្វីដែលជាសំណូមពរនិងអនុសាសន៍កន្លងមករបស់អង្គការសង្គមស៊ីវិលត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះអស់ហើយ។
«និយាយរួម មតិដែលគេបានលើកឡើងទាំងប៉ុន្មាន យើងក៏បានប្រមូលផ្តុំមតិហ្នឹងយកមកកែសម្រួលឡើងវិញរួចហើយ»។
ប៉ុន្តែការអះអាងនេះនៅមិនទាន់ធ្វើឱ្យតំណាងអង្គការសង្គមស៊ីវិលមានទំនុកចិត្តទេ។ ពួកគេអះអាងថា កាលពីពេលរៀបចំសេចក្តីព្រាងច្បាប់នេះលើកទីបីក៏មានការលើកឡើងដូច្នេះដែរ ប៉ុន្តែចំណុចដែលដាក់បញ្ចូលបានខុសពីអ្វីដែលពួកគេរំពឹងទុក។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា៖
«បើសិនជាអញ្ចឹងមែន ពួកខ្ញុំស្វាគមន៍។ ប៉ុន្តែបើតាមប្រសាសន៍កាលពីពួកខ្ញុំធ្វើសេចក្តីព្រាងទីពីរ គាត់ថា សេចក្តីព្រាងទីបីនឹងមានអ្វីដែលយើងខ្ញុំស្នើ។ ប៉ុន្តែពេលយើងឃើញសេចក្តីព្រាងពិតប្រាកដជាក់ស្តែងគឺយើងឃើញថា នៅមានការខ្វះខាតច្រើន។ អញ្ចឹងខ្ញុំថា រង់ចាំមើលសេចក្តីព្រាងទីបួនសិនមុននឹងខ្ញុំធ្វើការវិនិច្ឆ័យ ថាតើច្បាប់ហ្នឹងមានបញ្ចូលនូវការព្រួយបារម្ភឬក៏អនុសាសន៍របស់យើងឬក៏អត់»។
លោកអ៊ូ វីរៈក៏បានបន្ថែមទៀតថា ចំណុចទាក់ទងនឹងការចុះឈ្មោះអង្គការនិងសិទ្ធិរបស់រដ្ឋាភិបាលក្នុងការបិទអង្គការទាំងនោះជាចំណុចដ៏ធំដែលពួកគេនឹងតាមដានជាប់ជានិច្ច៖
«ជាទូទៅ ក្នុងលទ្ធិប្រជាធិបតេយ្យ គេចេញច្បាប់មួយថា អង្គការមានសិទ្ធិចុះឈ្មោះតែម្តងហើយក្រសួងអត់មានសិទ្ធិបដិសេធទេ។ ហើយបើក្នុងករណីដែលគេបំពេញទម្រង់ទ្រង់ទ្រាយបានហើយគឺត្រូវតែចុះឈ្មោះឱ្យគេ។ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា ក្រសួងមានអំណាចខ្លាំងពេកក្នុងការបដិសេធហើយការដែលបដិសេធបែបនេះនឹងធ្វើឱ្យអង្គការ ដែលមិនស្របទៅហ្នឹងឆន្ទៈរបស់រដ្ឋាភិបាល អាចរងគ្រោះដោយការរឹតត្បិតនានា រួមទាំងការមិនអនុញ្ញាតឱ្យចុះឈ្មោះផង។ បើសិនជាក្នុងកាលៈទេសៈដែលយើងមិនអាចត្រូវបានចុះឈ្មោះគឺយើងពិបាកក្នុងការដើរជាតួអង្គច្បាប់មួយហើយ។ បើសិនជាយើងអត់ក្លាយជាតួអង្គច្បាប់មួយទេគឺបានន័យថា យើងមានការលំបាកនៅក្នុងការងារ ក្នុងការតំណាងស្ថាប័ន ក្នុងការចរចាជាមួយម្ចាស់ជំនួយ និងក្នុងការជជែកជាមួយរដ្ឋាភិបាលជាដើម»។
អ្នកសង្កេតការណ៍ខ្លះយល់ថា អាចនឹងត្រូវចំណាយពេលយ៉ាងហោចណាស់ក៏ប្រាំមួយទៅប្រាំពីរខែទៀតដែរ មុននឹងច្បាប់នេះអាចនឹងត្រូវចេញបាន ព្រោះត្រូវឆ្លងកាត់ការពិនិត្យនៅគណៈរដ្ឋមន្រ្តីសភាជាតិនិងព្រឹទ្ធសភា។ ប៉ុន្តែពួកគេព្រួយបារម្ភថា វាអាស្រ័យលើចេតនារបស់រដ្ឋាភិបាល ព្រោះកន្លងមកមានច្បាប់ខ្លះត្រូវបានរដ្ឋាភិបាលបញ្ជូនទៅ ហើយចំណាយពេលខ្លីតែប៉ុណ្ណោះ ដោយមិនមានការពិភាក្សាដេញដោលច្រើន៕