ឯកអគ្គរាជទូតកម្ពុជាតែងតាំងថ្មីចំនួន៣រូប នឹងជួបជាមួយប្រធានរដ្ឋសភាលោកហេង សំរិន នៅ សប្តាហ៍ក្រោយនេះ ដើម្បីស្វះស្វែងរកការណែនាំយោបល់ពីប្រធានរដ្ឋសភាសម្រាប់ជាមូលដ្ឋានគ្រឹះបំពេញបេសកកម្មការទូតរបស់អស់លោកនៅបរទេស។
ឯកអគ្គរាជទូតថ្មីទាំង៣រូបនេះនឹងជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាលោក ហេង សំរិន នៅថ្ងៃទី១៨ ខែឧសភានេះ។ តាមទម្លាប់ឯកអគ្គរាជទូតតែងតាំងថ្មីត្រូវសុំការណែនាំពីព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ជា ស៊ីម ប្រធានរដ្ឋសភា ហេង សំរិន នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេស មុនពេលចេញដំណើរទៅបំពេញបេសកកម្មការទូតនៅបរទេស។
ឯកអគ្គរាជទូតថ្មីទាំង៣រូបនេះ រួមមានលោកស្រី ហៃ សុន្នារិន្ទ ប្រធានផ្នែកកិច្ចការប្រទេសនិយាយភាសាបារាំងនៃក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅប្រទេសគុយបាជំនួសលោក ប្រេស ម៉ានូឡា។ លោក ថៃ វណ្ណា ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងការបរទេសត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅសហព័ន្ធរុស្ស៊ីជំនួសលោក ខៀវ ថវិកា និង លោក ហើស សេរីធន ប្រធាននាយកដ្ឋានកិច្ចការអាស៊ីសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជាសមាជិកអាស៊ាននៃក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំនៅប្រទេសហ្វីលីពីន ជំនួសលោក អ៊ិន ម៉យ។
លោក កួយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ឯកអគ្គរាជទូតថ្មីទាំង៣រូបនេះ មានបទពិសោធន៍ខាងកិច្ចការទំនាក់ទំនងការទូត និងការងារទូតគ្រប់គ្រាន់ និងបានបម្រើការនៅក្នុងក្រសួងការបរទេសតាំងពីទសវត្សឆ្នាំ១៩៨០។
"លោកត្រូវទៅជំនួសឯកអគ្គរាជទូតចាស់។ ឯកអគ្គរាជទូតថ្មីទាំង៣រូបនេះមានបទពិសោធន៍យូរឆ្នាំទាំងកិច្ចការបរទេស កិច្ចការទំនាក់ទំនងបរទេស និងកិច្ចការទូតដែលមានបទពិសោធន៍ច្រើនណាស់"។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជាបានថ្លែងថា លោក ហេង សំរិន ប្រធានរដ្ឋសភា នឹងណែនាំឱ្យឯកអគ្គរាជទូតគ្រប់រូបឱ្យខិតខំប្រឹងប្រែងការពារកិត្តិយសរបស់ប្រទេសជាតិ ធ្វើទំនាក់ទំនងល្អជាមួយម្ចាស់ប្រទេស ការពារសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅបរទេស ធ្វើទំនាក់ទំនងល្អជាអ្នក វិនិយោគរបស់ប្រទេសដែលខ្លួនតាំងនៅ និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជា។
លោក ឈាង វុន បានបញ្ជាក់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការវិនិយោគនេះ មានសារៈ សំខាន់ណាស់ ពីព្រោះយើងត្រូវការវិនិយោគមកជួយធ្វើការអភិវឌ្ឍប្រទេសជាតិរបស់យើង ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋរបស់យើង។
"ប្រទេសរបស់យើងត្រូវការទុននិងធនធាន។ ដូច្នេះកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសដែលយើងតាំងនៅ ដើម្បីឱ្យប្រទេសនោះជួយយើងជាជំនួយមានសំណងក្តី និងជំនួយឥតសំណងក្តី គឺមានសារៈសំខាន់ណាស់។ យើងត្រូវជំរុញឱ្យអ្នកវិនិយោគឯកជនមកវិនិយោគនៅកម្ពុជា ពីព្រោះជំនួយមិនអាចឋិតថេរយូរអង្វែងទៅកើតទេ។ ប៉ុន្តែវិនិយោគទុនឯកជនបង្កើតការងារឱ្យប្រជាពលរដ្ឋយើង គឺជាការងារយូរអង្វែងសម្រាប់ប្រទេសជាតិយើងរស់ជាអ្នកជាបាន"។
លោកហៃ វណ្ណា ដែលបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំនៅសហព័ន្ធរុស្ស៊ី បានថ្លែងថា ពួកលោកនឹងទទួលយកការណែនាំ និងបទពិសោធន៍ល្អពីលោក ហេង សំរិន នៅពេលលោកចូលជួបជាមួយប្រធានរដ្ឋសភានៅសប្តាហ៍ក្រោយនេះ។