វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ផ្តល់ថវិកា១,២ លានអឺរ៉ូ ឬស្មើនឹងជាង១,៥លានដុល្លារសហរដ្ឋអាមេរិកដល់សាលាក្តីកាត់ទោសខ្មែរក្រហមខាងភាគីកម្ពុជា ដើម្បីជួយជ្រោមជ្រែងដល់ការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដែលទទួលខុសត្រូវជីវិតមនុស្សជិត២លាននាក់ក្នុងទសវត្សរ៍១៩៧០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា(ECCC) ឬហៅកាត់ថាសាលាក្តីខ្មែរក្រហម។
ទឹកប្រាក់ទាំងនេះ ត្រូវផ្តល់ជូនដល់សាលាក្តីខ្មែរក្រហមតាមរយៈអង្គការអាល្លឺម៉ង់ GTZ សម្រាប់គម្រោងនានាដែលមានរយៈពេល១៦ខែ ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងដល់ការចូលរួមរបស់ជនរងគ្រោះ សកម្មភាពផ្សព្វផ្សាយ និងជួលមេធាវី ការពារក្តី។
សេចក្តីប្រកាសព័ត៌មានដដែលដែលបានបញ្ជាក់ពីការចុះហត្ថលេខារវាងមន្ត្រីតុលាការ និងនាយកតំបន់នៃអង្គការ GTZ បានបញ្ជាក់ថា៖
«គម្រោងនេះនឹងបន្តពង្រឹងឱ្យមានយុត្តិធម៌ ការផ្សះផ្សាតាមរយៈការចូលរួមដ៏ពេញលេញរបស់ជនរងគ្រោះក្នុងតុលាការខ្មែរក្រហម»។
ក្រុមជនរងគ្រោះជាង ៨.២០០នាក់បានចូលរួមនឹងត្រៀមចូលរួមក្នុងដំណើរការកាត់ទោសខ្មែរក្រហមគាំទ្រដោយអង្គការសហប្រជាជាតិសម្រាប់ករណី០០១ ឬ កាំង ហ្កេចអ៊ាវហៅឌុច អតីតប្រធានគុកទួលស្លែង និងករណី០០២ដែលមានអតីតមេដឹកនាំខ្មែរក្រហម ៤នាក់ ដែលត្រូវគេគ្រោងនឹងជំនុំជម្រះទោសនៅឆ្នាំ ២០១១ខាងមុខ។ ក្រុមអ្នកឃ្លាំមើលសាលាក្តីកាត់ទោសខ្មែរក្រហមបាននិយាយអះអាងថា ថវិកាសម្រាប់ទ្រទ្រង់សកម្មភាពជនរងគ្រោះមានការខ្វះខាតយ៉ាងខ្លាំងតាំងពីសាលាក្តីចាប់ផ្តើមបង្កើត ខណៈពេលដែលថវិកាភាគច្រើនបំផុត គឺផ្តោតទៅលើប្រាក់ខែបុគ្គលិករដ្ឋបាល និងសកម្មភាពផ្សេងៗ ដែលអ្នកសង្កេតការណ៍អះអាងថា ការបន្តខ្វះខាតថវិកាហើយនាំឱ្យមានការចូលរួមរបស់អ្នករងគ្រោះតិចតួចអាចនឹងនាំឱ្យអន្តរាយដល់គុណភាពនៃយុត្តិធម៌។
អ្នកការទូតដែលជាតំណាងប្រទេសអ្នកផ្តល់ជំនួយម្នាក់ក្នុងទីក្រុងញ៉ីវយ៉ក បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា កាលពីសប្តាហ៍ថ្មីៗនេះថា ថវិកាសម្រាប់គ្រាំទ្រសាលាក្តីអាចប្រឈមមុខនឹងភាពវិជ្ជមានខ្លះនិងអវិជ្ជមានខ្លះ។ ការថ្លែងយ៉ាងដូច្នេះស្របពេលដែលការប៉ុនប៉ងចោទប្រកាន់ជនសង្ស័យបន្ថែមរបស់អ.ស.ប ត្រូវច្រានចោលដោយភាគីកម្ពុជាក្នុងសាលាក្តី និងរដ្ឋាភិបាលកម្ពុជា៕