ប្រភពពីតុលាការនិងអ្នកសង្កេតការណ៍ក្នុងប្រទេសកម្ពុជានិយាយថា ការកាត់ទោសមេដឹកនាំខ្មែរក្រហមបួននាក់ដែលនៅរស់ ទំនងជាមិនចាប់ផ្តើមក្នុងឆ្នាំនេះទេ។ នេះស្របទៅតាមការទទួលស្គាល់របស់តុលាការថា ចុងចោទម្នាក់ក្នុងចំណោមចុងចោទទាំងបួនត្រូវឆ្លងកាត់ការធ្វើតេស្តជំងឺសរសៃប្រសាទ ដើម្បីកំណត់ថាគាត់អាចនាំឡើងតុលាការកាត់ទោសបានឬទេ។
ការពន្យារពេលមិនមែនជារឿងចម្លែកនោះទេសម្រាប់តុលាការខ្មែរក្រហមរបស់កម្ពុជា ប៉ុន្តែព្រឹត្តិការណ៍ថ្មីៗបានបង្ហាញឲ្យឃើញថាអាចនឹងមានការពន្យារពេលមួយទៀតក្នុងការប្តឹងប្រឆាំងនឹងមេដឹកនាំខ្មែរក្រហមដែលនៅរស់ចំនួនបួននាក់។
កាលពីចុងឆ្នាំមុន មន្ត្រីតុលាការបានទស្សន៍ទាយថា ការកាត់ទោសករណី០០២នឹងចាប់ផ្តើមមុនពាក់កណ្តាលឆ្នាំ២០១១។ ប៉ុន្តែការអៈអាងថ្មីៗនេះថាអតីតរដ្ឋមន្ត្រីសង្គមកិច្ច អៀង ធីរិទ្ធ ត្រូវការការវាយតម្លៃជំងឺសរសៃប្រសាទ មានន័យថាការកាត់ទោសទំនងជាមិនអាចចាប់ផ្តើមមុនខែមករាបានទេ។
អ្នកនាំពាក្យតុលាការ លោក Lars Olsen និយាយថា សប្តាហ៍ក្រោយ តុលាការនឹងពិភាក្សាលើរបាយការណ៍សុខភាពថ្មីៗ ដែលពិនិត្យសមត្ថភាពរាងកាយរបស់ចុងចោទទាំងបីរូបដើម្បីឲ្យតុលាការកាត់ទោស។ ប៉ុន្តែវេជ្ជបណ្ឌិតដែលធ្វើការត្រួតពិនិត្យនោះ ក៏បានឲ្យអនុសាសដែរថា អៀង ធីរិទ្ធ ទទួលការវាយតម្លៃជំងឺសរសៃប្រសាទ។
«នេះជាអ្វីដែលតុលាការនឹងធ្វើនៅក្នុងអនាគតដ៏ខ្លីនេះ។ តុលាការនឹងចាត់តាំងអ្នកជំនាញជំងឺសរសៃប្រសាទជាតិនិងអន្តរជាតិ ដើម្បីធ្វើការវាយតម្លៃបន្ថែមទៀតលើសុខភាពរបស់ អៀង ធីរិទ្ធ ដើម្បីឲ្យតុលាការកាត់ទោស»។
រឿងទាំងនេះនឹងចំណាយពេលច្រើន។ វាទំនងជានឹងប្រើប្រាស់ពេលរាប់ខែមុនពេលដែលរបាយការណ៍ជំងឺសរសៃប្រសាទត្រូវបានបញ្ចប់ ពិភាក្សា ហើយប្រកាសសម្រេចដោយតុលាការ។ ដោយសារតែតុលាការចង់កាត់ទោសជនជាប់ចោទទាំងអស់គ្នា ករណីនេះមិនអាចចាប់ផ្តើមបានទេរហូតដល់ពេល អៀង ធីរិទ្ធ ត្រូវបានគេប្រកាសថាមានសុខភាពផ្លូវចិត្តល្អឬមិនល្អសម្រាប់ការកាត់ទោស។
Anne Heindel ជាទីប្រឹក្សាច្បាប់របស់អង្គការស្រាវជ្រាវអំពើប្រល័យពូជសាសន៍ដែលមានទីតាំងនាទីក្រុងភ្នំពេញ ហៅថា DC-Cam (មជ្ឈមណ្ឌលឯកសារកម្ពុជា)។ គាត់ពន្យល់ពីគោលការណ៍ច្បាប់ពាក់ព័ន្ធនឹងការរកឃើញថាជនជាប់ចោទមិនមានលក្ខណៈសមរម្យក្នុងការកាត់ទោស។
«វាមិនមែនគ្រាន់តែជាការវាយតម្លៃសុខភាពនោះទេ។ វាគឺជាការវាយតម្លៃផ្លូវច្បាប់ទៅលើការវាយតម្លៃសុខភាព។ តើអ្នកអាចចូលរួមក្នុងការការពារក្តីអ្នកបានទេ? តើអ្នកអាចណែនាំមេធាវីអ្នកបានទេ? តើអ្នកយល់ពីអត្ថន័យរបស់ចម្លើយសារភាពរបស់អ្នកទេ? តើអ្នកយល់ច្បាស់ពីអ្វីដែលកើតឡើងក្នុងពេលកាត់ទោសទេ?»
Anne Heindel និយាយថា បើសិនជា អៀង ធីរិទ្ធ ត្រូវបានគេរកឃើញថាមិនមានលក្ខណៈសមរម្យសម្រាប់ការកាត់ទោសទេនោះ អាចមានន័យថា នឹងមានការពន្យារការកាត់ទោសលោកស្រី ជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។ វាអាស្រ័យទៅចំណុចថាតើលោកស្រីឆ្លើយតបនឹងការព្យាបាលយ៉ាងណាដែរ។
«សេចក្តីសង្ឃឹមគឺតែងតែថា ជាមួយនឹងជំនួយរបស់គ្រូពេទ្យ អ្នកណាម្នាក់នោះអាចមានលក្ខណៈសមរម្យសម្រាប់ការកាត់ទោស ហើយការកាត់ទោសនឹងអាចចាប់ដំណើរការបាន។ បើសិនជាវាជាជំងឺផ្លូវចិត្តមែន វាពិតជាពិបាកដឹងជាងជំងឺផ្លូវកាយហើយកាន់តែពិបាកក្នុងការវិនិច្ឆ័យ»។
អតីតមេដឹកនាំផ្សេងទៀតដែលប្រឈមមុខនឹងការកាត់ទោសគឺ នួន ជា ដែលជាអនុរងរបស់មេដឹកនាំខ្មែរក្រហម ប៉ុល ពត ដែលបានស្លាប់ ខៀវ សំផន ដែលជាប្រមុខរដ្ឋរបស់របបនោះ និង អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។
ជនជាប់ចោទទាំងបួនរូបបដិសេធការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អ្នកនាំពាក្យតុលាការ លោក Lars Olsen និយាយថា នៅដំណាក់កាលនេះវាពិបាកនិយាយណាស់ថាការកាត់ទោសនឹងចាប់ផ្តើមនៅពេលណា។
«តុលាការកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីចាប់ផ្តើមការកាត់ទោសនៅឆ្នាំនេះ ប៉ុន្តែវាពុំអាចទៅរួចទេក្នុងការកំណត់ពេលវេលាចាប់ផ្តើមសវនាការភស្តុតាងមុនពេលគេដោះស្រាយរឿងភាពសមរម្យ និងការជំទាស់ផ្សេងៗទៀត។ ដូច្នេះយើងមិនដឹងទេ»។
រាល់ការពន្យារពេលទាំងឡាយនឹងកាត់បន្ថយឱកាសសម្រាប់ការកាត់ទោសឲ្យបានជោគជ័យដោយសារបញ្ហាអាយុរបស់ជនជាប់ចោទ។ អ្នកដែលមានវ័យក្មេងជាងគេមានអាយុ៧៩ឆ្នាំហើយ ហើយបើការកាត់ទោសកាន់តែពន្យារឲ្យយូរ ឱកាសនៃបញ្ហាសុខភាពរបស់ពួកគេអាចរំខានដល់ដំណើរការកាត់ទោសកាន់តែធំឡើង៕
ប្រែសម្រួលដោយ បូរី ស៊ីលីវណ្ណ