ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​និង​ក្រុម​និយោជក​នៅ​មិន​ចុះ​សម្រុង​គ្នា​អំពី​ការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់ដេរ​


ចាប់តំាង​ពី​ដើម​ឆ្នាំ​២០១០​មក​ម្ល៉េះ​ ការ​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​កាត់ដេរ​បាន​ពុះ​កញ្ជ្រោល​ឡើង​ ក្នុង​ចំណោម​សហជីព​កម្មករ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ចលនា​នេះ​បាន​ជម្រុញ​ឲ្យ​ក្រុម​ថៅកែ​រោងចក្រ​ឬ​ក្រុម​និយោជក​ ជួបជុំ​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដើម្បី​ពិនិត្យ​មើលលទ្ធភាពនៃ​ការ​តម្លើង​ប្រាក់ខែ​នេះ​ ក្នុង​កម្រិត​សមរម្យ​ណា​មួយ។​ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

ការ​ទាមទារ​តម្លើង​ប្រាក់ខែ​របស់​ក្រុម​សហជីព​បាន​ធ្វើឡើង​ បន្ទាប់​ពី​ក្រុម​និយោជក​បានសន្យាថា​ នឹង​ធ្វើ​ការ​ពិចារណា​អំពី​ការ​តម្លើងប្រាក់ខែ​ដល់​កម្មករ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ ២០១០ ​នេះ​ ក្រោយ​ពី​បាន​តម្លើង​ប្រាក់ខែ​ចំនួន​ ៥​ ដុល្លារ​ កាល​ពី​៥​ឆ្នាំ​មុន​ទៅ​លើ​ប្រាក់ខែ​គោល​ដែល​មាន​ចំនួន​ ៤៥​ ដុល្លារ​ក្នុង​មួយ​ខែ។

បច្ចុប្បន្ននេះ​ វិស័យ​កាត់ដេរ​របស់​ប្រទេស​កម្ពុជា​ដែល​ប្រមូល​ផ្តុំ​ដោយ​រោងចក្រ​តូច​ធំ​ ប្រហែល​៣០០​ បាន​ផ្តល់​ការងារ​ឲ្យ​ប្រជាជន​ជាង​ ៣០ ​ម៉ឺន​នាក់។​ គឺ​ជា​វិស័យ​ដែល​តំណាង​ឲ្យ​ការ​នាំចេញ​យ៉ាង​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា។​ កម្មករ​កាត់ដេរ​ពេញ​សិទ្ធិ​ទទួល​បាន​ប្រាក់ខែ​គោល​ចំនួន​ ៥០​ ដុល្លារ​ក្នុង​មួយ​ខែ​ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ​ប្រាក់ខែ​នេះ​ពិបាក​នឹង​ទ្រទ្រង់​ជីវភាព​កម្មករ​ឲ្យ​មាន​ការ​រស់នៅ​សមរម្យ​ណាស់​ បើ​ធៀប​ទៅ​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ។

ដូច្នេះ​ក្រុម​សហជីព​កម្មករ​នានា​បាន​ទាមទារ​ឲ្យ​មាន​ការ​តម្លើង​ប្រាក់ខែ​គោល​នេះ​ រហូត​ដល់​ពី​ជាង​ ៧០ ​ដុល្លារ​ដល់ជាង​៩០​ដុល្លារ​ក្នុង​មួយ​ខែ។​ ស្រប​ជា​មួយ​គ្នា​នេះ​ វិទ្យាសា្ថន​កម្ពុជា​ ដើម្បី​ការ​សិក្សា​អភិវឌ្ឍន៍​បាន​រកឃើញ​ថា​ កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ត្រូវការ​ប្រាក់​ឈ្នួល​យ៉ាង​ហោច​ណាស់​ពី ​ ៩០​ ទៅ​ ១២០​ ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​ទ្រទ្រង់​ជីវភាព​ពួក​គេ​រស់នៅ​ឲ្យ​បាន​សមរម្យ។ ​ ប៉ុន្តែ​តំណាង​និយោជក​និយាយ​ថា​ ការ​ទាមទារ​នេះ​ខ្ពស់​ហួស​ពេក​ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ វាយនភ័ណ្ឌ។

លោក វ៉ាន់ ស៊ូអៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ដែល​បាន​ដឹកនាំ​កិច្ច​ពិភាក្សា​តម្លើង​ប្រាក់ខែ​ជា​មួយ​អ្នក​តំណាង​រោងចក្រ​កាត់ដេរ​ជា​ច្រើន​លើក​មក​ហើយ​នោះ​ និយាយ​ថា​ ក្រុម​និយោជក​ព្រួយ​ខ្លាច​ការ​តម្លើង​ប្រាក់​ខែ​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដំណើរការ​អាជីវកម្ម​របស់​ពួក​គេ​ ស្រប​ពេល​ដែល​ការ​បញ្ជា​ទិញ​បាន​ធ្លាក់ចុះ​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​សកល​ ទើបតែ​ងើប​ឡើង​វិញ​បន្តិច​នោះ។

"ឡើង​ប្រាក់ខែ​ច្រើន​ពេក​ គេ​ទៅ​អត់​រួច​ ពីព្រោះ​ឥឡូវ​លំបាក​ទើប​តែ​ចាប់​ផ្តើម​ងើប​មក​វិញ។​ យើង​ចង់​ឡើង​ប្រាក់ខែ​ អីចឹង​ពិបាក។​ បើ​ឡើង​ ឡើង​តិច​តួច​ទេ​ ច្រើន​អត់​បាន​ទេ"។

លោក​ វ៉ាន់ ស៊ូអៀង​ បន្ត​ថា​ សមាគម​របស់​លោក​នឹង​បន្ត​ពិភាក្សា​ជាមួយ​និយោជក​បន្ត​ទៀត​ ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា​ តើ​កម្មករ​អាច​នឹង​ទទួល​បាន​ការ​តម្លើង​ប្រាក់​ឈ្នួល​បាន​ប៉ុន្មាន​ពិតប្រាកដ។​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នៅឡើយ​ ថា​តើ​ការ​សម្រេច​ផ្ដល់​ប្រាក់​ខែ​បន្ថែម​ដល់​កម្មករ​នឹង​អាច​ធ្វើ​ឡើង​ នៅ​ពេល​ណា​នោះ។

សួមបញ្ជាក់​ថា ​វិស័យ​វាយនភ័ណ្ឌ​គឺ​ជា​ឆ្អឹង​ខ្នង​ទ្រទ្រង់​ដដ្ហើម​សេដ្ឋកិច្ច​មួយ​របស់​កម្ពុជា​ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត​ ដូច​ជា​កសិកម្ម​ ទេសចរណ៍​ និង​សំណង់។​ ក៏​ប៉ុន្តែ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ដែល​បាន​បោក​បក់​កាល​ពី​ពាក់កណ្តាល​ឆ្នាំ​ ២០០៨​ បាន​បន្ទន់​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​មួយ​នេះ​ឲ្យ​ទ្រុឌ​ទ្រោម​ ធ្លាក់​ចុះ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​ដោយសារ​ការ​បញ្ជា​ទិញ​បាន​ស្រុត​ចុះ។​ វិស័យ​កាត់ដេរ​នេះ​ទើប​ងើប​ឡើង​វិញ​បន្តិច​ក្នុង​រយៈ​ពេល​ ៣ ​ខែ ​ដើម​ឆ្នាំ​ ២០១០ នេះ​ ដែល​តួលេខ​នៃ​ការ​នាំ​ចេញ​បាន​កើន​ឡើង​ ៦០៣​ លាន​ដុល្លារ​អាមេរិកាំង​នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​ ២០១០។​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​ ២០០៩​ ការ​នាំ​ចេញ​មាន​ទំហំ​ទឹក​ប្រាក់​ត្រឹម​តែ​ ៥៦២​ លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​កំណើន​នេះ​នៅ​តិចតួច​ប៉ុណ្ណោះ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។

លោក ជួន មុំថុល​ ប្រធាន​សហព័ន្ធ​កម្មករ​កម្ពុជា​ដែល​ទំនោរ​ខាង​រដ្ឋាភិបាល​ និង​ធ្លាប់​បាន​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​ កម្មករ​រហូត​ដល់​ជាង​៩០​ដុល្លារ​ក្នុង​មួយ​ខែ​បាន​និយាយ​ថា​ ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​មិន​ទាន់​រួច​ផុត​ពី​វិបត្តិនៅ​ឡើយ​ ការ​ទាមទារ​តម្លើង​ប្រាក់​ខែ​ខ្ពស់​បែប​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ ព្រោះ​ថា​វា​នឹង​ប៉ះពាល់​ដល់​រោងចក្រ​តូចៗ​ជា​ច្រើន​ ហើយ​ឥទ្ធិពល​នឹង​រីក​រាល​ដាល​ទៅ​ក្នុង​វិស័យ​កាត់ដេរ​ទំាង​មូល។

"ឡើងច្រើន​វា​អាច​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​ ជា​ពិសេស​រោងចក្រ​តូចៗ​និង​រោងចក្រ​មធ្យម​ គឺ​ត្រូវ​តែ​បិទ​អីចឹង​ម៉ង​ រោងចក្រ​ធំៗ​នៅ។​ បើ​រស់​តែ​អាធំ​ អាតូច​ដួល​អស់​ ពលកម្ម​ត្រូវអស់ពាក់កណ្តាល"។

លោក​ ជួន មុំថុល​ រំពឹង​ថា ​ក្រុម​និយោជក​ប្រហែល​ជា​អាច​តម្លើង​ប្រាក់ខែ​ឲ្យ​កម្មករ​យ៉ាង​ហោច​ណាស់​ដល់​ ៧០ ​ដុល្លារ​ ក្នុង​មួយ​ខែ។

ក៏ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​និង​អ្នក​ជំនាញការ​អន្តរជាតិ​មើល​ឃើញ​ថា​ ក្រុម​អ្នកជំនួញ​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា​ នៅ​មាន​លទ្ធភាព​តម្លើង​ប្រាក់​ខែ​ឲ្យ​កម្មករ​បាន​ច្រើន​ទៀត​ ដោយ​មិន​ធ្វើ​ឲ្យ​ពួក​គេ​ខាត​បង់​ផល​ចំណេញ​នោះ​ទេ​ បើ​ទោះ​ជា​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មិន​ទាន់​អំណោយ​ផល​ក៏​ដោយ។

លោក កង ច័ន្ទតារារ័ត្ន​ ប្រធាន​វិទ្យាសា្ថន​កម្ពុជា​ដើម្បី​ការសិក្សា​អភិវឌ្ឍន៍​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​នៅ​មាន​មូលដ្ឋាន​តម្លើង​ប្រាក់ខែ​ឲ្យ​កម្មករ​កាត់ដេរ​ដល់​ ៧៥​ ដុល្លារ​ក្នុង​មួយ​ខែ​ ដោយ​មិន​ប៉ះ​ពាល់​ដល់​កម្លាំង​ប្រកួត​ប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​នោះ​ទេ។

"អ្វី​ដែល​យើង​មាន​ជា​មូលដ្ឋាន​តម្លើង​ហ្នឹង​គឺ​កម្រិត​នៃ​ប្រាក់​ចំណេញ​ ព្រោះ​ថា​នៅ​ស្រុក​យើង​ហ្នឹង​រង្វង់​នៃ​ប្រាក់​ចំណេញ​យើង​ហ្នឹង​គឺ​រហូត​ទៅ​ដល់​៣០% បើ​យើង​គិត​នៅ​វៀតណាម​វិញ​មាន​ត្រឹម​តែ​៦% ហើយ​នៅ​ចិន​វិញ​ជិត​ ៣%។ ​ អីចឹង​យើង​នៅ​ខ្ពស់​ជាង​គេ​នៅ​ឡើយ​ មាន​ន័យ​ថា​ជា​រង្វង់​មួយ​ដែល​យើង​អាច​បង្កើន​ប្រាក់ខែ​ទៅ​ វា​មិន​បង្ក​ឲ្យ​អ្នក​រកស៊ីខាត ឬ​ក៏​អ្នក​រកស៊ី​អស់​ថ្លៃ​ចំណាយ​ច្រើន​ ដែល​អាច​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង។"

លោក កង ច័ន្ទតារារ័ត្ន​ បន្ថែម​ថា​កម្រិត​ប្រាក់​ចំណេញ​ខ្ពស់​ដែល​កម្ពុជា​មាន​នេះ​បាន​មក​ពី​តម្លៃទាប​នៃ​កម្លាំង​ពលកម្ម​ និង​ការ​ចំណាយ​ទាប​ក្នុង​ប្រតិបត្តិការ​ផលិត​ រួម​បញ្ចូល​ទំាង​តម្លៃ​ជួល​ទីតាំង​រោងចក្រ​ផង​ដែរ។

យ៉ាងណា​ក៏​ដោយ​ ដោយសារ​តែ​ប្រទេស​កម្ពុជា​នៅ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ទន់ខ្សោយ​ ជា​ពិសេស​ទៅ​លើ​ផលិតភាព​របស់​កម្មករ​និង​ផល​លំបាក​ក្នុង​ការ​នំា​ចេញ​ផង​នោះ ទើប​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​យូរ​មក​ហើយ​ថា​ ការ​ទាម​ទារ​តម្លើង​ប្រាក់ខែ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ក្នុង​វិស័យ​កាត់ដេរ​រត់ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​រក​ប្រទេស​វៀតណាម​និង​ចិន​ ដែល​កម្មករមាន​ផលិតភាព​ខ្ពស់​ជាង​កម្ពុជា​ និង​ប៉ាគីស្ថាន​ដែល​ប្រាក់​ឈ្នួល​កម្មករ​ទាប​ជាង​កម្ពុជា។

ប៉ុន្តែ​លោក​ កង ច័ន្ទតារារ័ត្ន​ បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ថា​អ្នក​វិនិយោគ​នឹង​រត់ទៅ​រក​ប្រទេស​វៀតណាម ឬ​ក៏​ប៉ាគីស្ថាន​នោះ​ទេ។​ ដោយ​ឡែក​ ចិន​មិន​មែន​ជា​ប្រទេស​ប្រកួត​ប្រជែង​ជា​មួយ​កម្ពុជា​នោះ​ទេ​ ដោយ​ហេតុ​ថា​រោងចក្រ​នៅ​កម្ពុជា​ភាគ​ច្រើន​ជា​រោងចក្រ​ដែល​ទទួល​ផលិត​បន្តពី​ប្រទេស​ចិន​ស្រាប់​ទៅ​ហើយ។

ជា​មួយ​គ្នា​នោះ​ លោក Tuomo​ Pou​Tianen ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​កម្មវិធី Better​ Factory របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO បាននិយាយ​បន្ថែម​ថា​ បើ​ទោះ​ជា​ប្រាក់ខែ​កម្មករ​ត្រូវ​បាន​តម្លើង​ក្នុង​កម្រិត​មួយ​សមរម្យ ​ដែលអាច​លើកស្ទួយ​ជីវភាព​ពួក​គេ​ឲ្យ​ល្អ​ប្រសើរ​នោះ​ នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ភាព​ប្រកួត​ប្រជែង​នោះ​ទេ​ ព្រោះ​ថា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី​ ដូច​ជា​ចិន​និង​វៀតណាម​ ក៏​ដាក់​សម្ពាធ​លើ​និយោជក​ឲ្យ​តម្លើង​ប្រាក់ខែ​ដល់​កម្មករ​ដែរ។​ ទន្ទឹម​នឹង​នោះ​ កម្ពុជា​នៅ​មាន​លក្ខណៈ​ល្អ​ជា​ច្រើន​ទៀត​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគនៅ​ក្នុង​វិស័យ​នេះ។

"បើ​ទោះ​ជា​ប្រាក់ខែ​ត្រូវ​តម្លើង​ឲ្យ​បាន​សមរម្យ​ក៏​ដោយ​ ខ្ញុំ​គិត​ថា ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ដដែល។​ អ្វី​ដែល​ល្អ​សម្រាប់​កម្ពុជា​នោះ​ គឺ​ការ​នៅ​សល់​កម្លាំង​ពលកម្ម​យ៉ាង​ច្រើន​ ចំណែក​កម្រិត​ប្រាក់ខែ​នៅ​ទាប​គួរសម​ ហើយ​នៅ​មាន​គុណសម្បតិ្ត​ប្រកួត​ប្រជែង​ផ្សេងទៀត​ ដូច​ជា​តម្លៃ​ជួល​ទីតាំង​រោងចក្រ​ទាប​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​បន្ត​រក​ផល​ចំណេញ​បាន"។

លោក Tuo Mo ជឿថា​ កម្រិត​ប្រាក់ខែ​ថ្មី​មួយ​នឹង​ត្រូវ​តម្លើង​ជូន​កម្មករ​រោងចក្រ​នៅក្នុង​អំឡុង​ឆ្នាំ​ ២០១០​ នេះ ​ដោយ​ផ្អែកទៅ​លើ​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​ប្រចំា​ថ្ងៃ​ អតិផរណា​មុខ​ទំនិញ​ សុខមាលភាព​របស់​កម្មករ​ និង​លក្ខណៈ​ប្រកួតប្រជែង​ជា​ទូទៅ។

លោក ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​តម្លើងប្រាក់ខែ​កម្មករ​យ៉ាង​តិច​ចំនួន​ ២០​ដុល្លារ​បន្ថែម​ពី​លើ​ប្រាក់ខែ​កម្មករ​បច្ចុប្បន្ន​ ដែល​មាន​ចំនួនទាប​បំផុត​ ៥០​ ដុល្លារ​នោះ​ បាន​អំពាវនាវ​ឲ្យ​កម្មករ​ផ្អាកធ្វើ​ការងារ​រយៈ​ពេល​៣​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​ ១៣​ ដល់​ ១៥​ ខែ​កក្កដា​ខាង​មុខ​នេះ​ ដើម្បី​ដាក់​សម្ពាធ​ដល់​ថៅកែ​រោងចក្រ​ ឲ្យ​សម្រេច​តម្លើង​ប្រាក់ខែ​ដល់​កម្មករ​ឲ្យ​បាន​ឆាប់​រហ័ស។

ប៉ុន្តែលោក​ វង សូត្រ​ រដ្ឋមន្ដ្រី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​លោក​ អ៊ុំ មាន​ អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួងការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ មិន​ធ្វើ​សេចក្ដី​អធិប្បាយ​ណា​មួយ​ទាក់ទង​នឹង​ការ​ទាម​ទារ​តម្លើង​ប្រាក់ខែ​ដល់​កម្មករ​រោងចក្រ​នោះ​ទេ។

កាល​ពី​ដើម​ខែ​មិថុនា​នេះ​ លោក​ វង សូត្រ​ បាន​ចេញ​សេចក្ដី​ព្រមាន​មួយ​មិន​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​និង​ស្នើ​ឲ្យក្រុមសហជីព​កម្មកររោងចក្រ​កាត់ដេរ​ស្ថិត​ក្នុង​ភាព​ស្ងប់ស្ងាត់ ប្រយោជន៏​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់​ដំណើរការ​ចរចាគ្នា​ អំពី​ការ​តម្លើង​ប្រាក់ខែ៕

XS
SM
MD
LG